ព័ត៌មាន

វៀតណាម និងឡាវពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នាព្រឹកថ្ងៃទី១០ ខែមេសា នៅទីក្រុងវៀងចន្ទន៍ អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជូនចំពោះប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ជាមួយនឹងពិធីដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញដំណើរការជំនួបពិភាក្សា។
អគ្គលេខាបក្សនិងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith អញ្ជើញលោកប្រធានរដ្ឋ Vo Van Thuong  ពិនិត្យពលកិត្តិយស (រូបថត៖ VNA)

នៅក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មីនូវគោលនយោបាយឥតងាករេនៃប្រទេសទាំងពីរ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់  និងផ្តល់អាទិភាពខ្ពស់បំផុតសម្រាប់ការពង្រឹងនិងពង្រីកនូវទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម-ឡាវ។ ភាគីទាំងពីរបានឯកភាព ផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន។ បង្កើនការផ្លាស់ប្តូរដំណើរទស្សនកិច្ច ទំនាក់ទំនងកម្រិតខ្ពស់ និងគ្រប់កម្រិត។ ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការជំរុញខ្លាំងសសរស្តម្ភកិច្ចសហប្រតិបត្តិការសន្តិសុខ-ការពារជាតិ ដើម្បីសម្របសម្រួលដោះស្រាយរាល់បញ្ហាប្រឈមថ្មីៗ; សម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារព្រំដែន ជាពិសេសការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឧក្រិដ្ឋកម្មគ្រឿងញៀន ការធ្វើអាជីវកម្មធនធានធម្មជាតិដោយខុសច្បាប់ និងការឆ្លងដែនដោយខុសច្បាប់។ ភាគីទាំងពីរបានឯកភាពខិតខំប្រឹងប្រែងលើកកំពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច; គាំទ្រគ្នាទៅវិញទៅមក ដើម្បីស្តារឡើងវិញក្រោយជំងឺកូវីដ ១៩; ធ្វើឱ្យប្រសើរឡើងនូវច្រកទ្វារព្រំដែនអន្តរជាតិ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ; បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ទេសចរណ៍ ថាមពល កសិកម្មស្អាត វិទ្យាសាស្ត្រ បច្ចេកវិទ្យា សុខាភិបាល វប្បធម៌ ...។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួនពីរក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍; ការអប់រំ និងការបណ្តុះបណ្តាល៕


top