រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានរំលឹកឡើងវិញនូវប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - អាមេរិក ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបោះជំហានទៅមុខយ៉ាងធំធេងចាប់តាំងពីពេលប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ១៩៩៥ មក។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son
នារសៀលម្សិលមិញ (ថ្ងៃទី ១៩ ខែកញ្ញា - ម៉ោងក្នុងស្រុក) នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៧៨ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (១៩៤៥ - ២០២៣) និងអបអរសាទរទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក រៀបចំដោយស្ថានទូតវៀតណាមប្រចាំនៅទីក្រុងវ៉ាស៊ីនតោន។
នៅក្នុងពិធីនេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានរំលឹកឡើងវិញនូវប្រវត្តិនៃការបង្កើត និងអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម - អាមេរិក ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានបោះជំហានទៅមុខយ៉ាងធំធេងចាប់តាំងពីពេលប្រក្រតីភាពទំនាក់ទំនងនាឆ្នាំ១៩៩៥ មក។ លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាម និងសហរដ្ឋអាមេរិកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើសសរស្តម្ភទាំង១០នៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលបានបង្កើតឡើងនាពេលថ្មីៗនេះ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីលោក Joe Biden ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែកញ្ញាកន្លងទៅ។
អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រតិភូអាមេរិកបានស្វាគមន៍លោកនាយករដ្ឋមន្ត្រី Pham Minh Chinh មកកាន់សហរដ្ឋអាមេរិក ហើយមានសកម្មភាពទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង។ ភាគីអាមេរិកបានអះអាងថា គណបក្សនយោបាយទាំង ២ គឺ ប្រជាធិបតេយ្យ និងសាធារណរដ្ឋបានគោរពទំនាក់ទំនងជាមួយវៀតណាម គាំទ្រវៀតណាម“ខ្លាំងមាំមួន ឯករាជ្យ វិបុលភាព និងខ្លួនទីពឹងខ្លួន”។ សម្លឹងមើលទៅអនាគត ប្រតិភូអាមេរិកបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងសកម្មលើសសរស្តម្ភទាំងអស់ក្នុងក្របខ័ណ្ឌទំនាក់ទំនងថ្មី ដោយផ្តោតលើវិស័យដូចជា៖ សេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន ជំនះពុះពារលើផលវិបាកនៃសង្រ្គាម.... និងវិស័យថ្មីៗដូចជា៖ ការធានា ខ្សែសង្វាក់ផ្គត់ផ្គង់ ការផ្លាស់ប្ដូរថាមពល បច្ចេកវិទ្យាខ្ពស់ ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសនៅក្នុងអនុតំបន់មេគង្គផងដែរ។
មុនពិធីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបសន្ទនាជាមួយសមាជិកព្រឹទ្ធសភាលោក Bill Hagerty និងសមាជិកព្រឹទ្ធសភា លោក Dan Sullivan។ សមាជិកព្រឹទ្ធសភាទាំងពីរជឿជាក់ថា ក្របខ័ណ្ឌទំនាក់ទំនងថ្មីនឹងនាំមកនូវឱកាសសហប្រតិបត្តិការថ្មីជាច្រើនសម្រាប់ប្រទេសទាំងពីរ៕