ព័ត៌មាន

វៀតណាម និងថៃជំរុញកំណើនពាណិជ្ជកម្មតាមទិសដៅតុល្យភាព និងមានផលប្រយោជន៍ដូចគ្នា

រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ និងអនុវត្តន៍រាល់យន្តការសហប្រតិបត្តិការនាពេលខាងមុខ។

 

  រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwina  

ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៧ នៅមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានអញ្ជើញជួបធ្វើការជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwina។ នៅក្នុងជំនួបនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០២៣; ជំរុញកំណើនពាណិជ្ជកម្មតាមទិសដៅតុល្យភាព មានផលប្រយោជន៍ទៅវិញទៅមក ហើយសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគី ២៥ ពាន់លានដុល្លារអាមេរិកឲ្យបានឆាប់ៗ។ លោកមានគោលបំណងឲ្យថៃបង្កលក្ខណៈងាយស្រួលដល់ការនាំចេញម្ហូបអាហារ ទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោរបស់វៀតណាមទៅកាន់ថៃ ក៏ដូចជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងជ្រើសរើសពលករឲ្យបានឆាប់ៗ ដើម្បីជំនួសឲ្យកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ រវាងវៀតណាមនិងថៃ។

រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពគ្នាជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចជាន់ខ្ពស់ និងអនុវត្តន៍រាល់យន្តការសហប្រតិបត្តិការនាពេលខាងមុខ ក្នុងនោះមានសម័យប្រជុំ ពិគ្រោះយោបល់នយោបាយវៀតណាម-ថៃលើកទី ៩ ព្រមទាំងបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញ ក៏ដូចជាបើកជើងហោះហើរត្រង់ថ្មី សំដៅបង្កលក្ខណៈងាយស្រួលថែមទៀតដល់វិស័យទេសចរណ៍ និងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ៕


top