ព័ត៌មាន

វៀតណាម និងកាតាមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការពហុភាគី

ហើយទីក្រុងហាណូយ និងទីក្រុងដូហាបានឯកភាពបន្តពង្រឹងទំនាក់ទំនងនយោបាយ-ការទូតល្អៗ តាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។
អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងព្រះមហាក្សត្ររងនៃប្រទេសកាតា H.H. Sheikh Abdullah Bin Hamad Al Thani ក្នុងជំនួបពិភាក្សា  (រូបថត៖ TTXVN)

វៀតណាមនិងកាតាមានបំណងនិងមានការប្ដេជ្ញាចិត្តជំរុញថែមទៀតទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីផលប្រយោជន៍រួមរបស់ប្រជាជននៃប្រទេសទាំងពីរ។ ហើយទីក្រុងហាណូយ និងទីក្រុងដូហាបានឯកភាពបន្តពង្រឹងទំនាក់ទំនងនយោបាយ-ការទូតល្អៗ តាមរយៈសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ នេះជាការអះអាងរបស់អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan និងព្រះមហាក្សត្ររងនៃកាតា Sheikh Abdullah Bin Hamad Al Thani ក្នុងកិច្ចពិភាក្សាដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៧ ឧសភា នៅទីក្រុងដុហា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅកាតា ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ឧសភា របស់លោកស្រីអនុប្រធានរដ្ឋ។

ទាក់ទិននឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ថ្នាក់ដឹកនាំទាំងពីរបានចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនក្នុងការជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។ ភាគីទាំងពីរបានឯកភាពគ្នាសម្របសម្រួលក្នុងការរៀបចំព្រឹត្តិការណ៍ជំរុញការវិនិយោគ ពាណិជ្ជកម្ម វេទិកាធុរកិច្ចនាពេលខាងមុខ។ ក្នុងវិស័យវិនិយោគ ភាគីទាំងពីរបានកំណត់ថានេះជាវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដោយបានឯកភាពលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងមូលនិធិ និងសហគ្រាសដែលកំពុងបណ្តាក់ ទុននៅក្នុងប្រទេសនីមួយៗលើវិស័យសក្តានុពលដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន កំពង់ផែសមុទ្រ ថាមពលកកើតឡើងវិញ...។ ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការចម្រុះវៀតណាម-កាតា ជំរុញការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីបំពេញក្របខ័ណ្ឌច្បាប់ សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនេះ លោកស្រីអនុប្រធានរដ្ឋបានពាំនាំនូវការអញ្ជើញរបស់លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញព្រះមហាក្សត្រ Emir Sheikh Tamim Bin Hamad Al Thani នៃប្រទេសកាតា យាងមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ។ លោកស្រីអនុប្រធានរដ្ឋក៏បានអញ្ជើញព្រះមហាក្សត្ររងនៃប្រទេស កាតា Sheikh Abdullah Bin Hamad Al Thani យាងមកបំពេញទស្សនកិច្ចនៅវៀតណាមតាមពេលវេលាសមស្រប។

មុននោះ នាថ្ងៃទី ៧ ឧសភា អនុប្រធានរដ្ឋលោកស្រី Vo Thi Anh Xuan បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មកាតា Mohammed bin Hamad bin Qassim Al Abdullah Al Thani។ ភាគីទាំងពីរមានបំណងចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងកាតា៕


top