ព័ត៌មាន

វៀតណាម-ចិនគាំទ្រគ្នាបោះជំហានឆ្ពោះទៅមុខ

ឆ្នាំ ២០២២ បានបញ្ចប់ជាមួយនឹងសញ្ញាសម្គាល់ពិសេសជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងចិន។ ជាពិសេស ដំណើរទស្សនកិច្ចនៅប្រទេសចិនរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ បានកំណត់រូបរាងនៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងដំណាក់កាលថ្មី។
  អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong និងអគ្គលេខាបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិនលោក Xi Jinping។ (រូបថត៖ Tri Dung/VNA)  

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VOV នាពេលថ្មីៗនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅ វៀតណាម លោក Xiong Bo បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះគឺជាការតម្រង់ទិសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរនិងប្រទេសទាំងពីរចាប់ពីពេលនេះតទៅ ដោយប្តេជ្ញាគាំទ្រគ្នាបោះជំហានយ៉ាងរឹងមាំឈានឡើងសង្គមនិយម ក៏ដូចជាការគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍រួម និងរយៈពេលវែង ដែលត្រូវបានបក្សទាំងពីរបានកំណត់នៅក្នុងមហាសន្និបាតលើកទី២០នៃបក្សកុម្មុយនិស្តចិន និងមហាសន្និបាតលើកទី ១៣ នៃបក្សកុម្មុយនិស្តវៀតណាមផងដែរ។

ក្នុងឆ្នាំ២០២២ ទាំងវៀតណាមនិងចិនសម្រេចបានសមិទ្ធិផលដ៏ធំធេងនៅប្រទេសនីមួយៗក្នុងបរិបទដែលស្ថានភាពពិភពលោកមានការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ ជ្រាលជ្រៅ និងមិនអាចទាយទុកជាមុនបាន។ ក្រោយរយៈពេលជាង ៣៥ ឆ្នាំអនុវត្តន៍បុព្វហេតុផ្លាស់ប្ដូរថ្មី វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេង។ ស្ថិរភាពនយោបាយសង្គមត្រូវបានរក្សាយ៉ាងរឹងមាំ។ កំណើនសេដ្ឋកិច្ចនៅតែមានកម្រិតខ្ពស់រហូតដល់ជាង ៨% នៅឆ្នាំ២០២២។ គ្រប់គ្រងដោយជោគជ័យនូវជំងឺរាតត្បាត កូវីដ-១៩; ជីវភាពរស់នៅរបស់ប្រជាជនលើគ្រប់ទិដ្ឋភាពត្រូវបានកែលម្អដោយឥតឈប់ឈរ; ឋានៈអន្តរជាតិកាន់តែកើនឡើងៗវៀតណាមកំពុងអនុវត្តន៍សេចក្ដីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ ដោយមានគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ២០៣០។

ចំណែកប្រទេសចិនវិញ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន ជាមួយនឹងស្នូលគឺលោកអគ្គលេខាបក្ស Xi Jinping នោះ ប្រទេសចិនកំពុងបោះជំហានលើមាគ៌ាទំនើបកម្មតាមបែបចិន ឆ្ពោះទៅសម្រេចគោលដៅ និងភារកិច្ច ដែល មហាសន្និបាតលើកទី២០ នៃបក្សកុម្មុយនិស្តចិនបានកំណត់ អនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅ ១០០ ឆ្នាំលើកទីពីរ ដោយកសាងប្រទេសចិនក្លាយទៅជាមហាអំណាចទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿននិង សុខដុមរមនា។ ក្នុងបរិបទនោះ ទាំងវៀតណាមនិងចិន ជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនងទ្វេភាគី ដោយគាំទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍរួម។

ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយត្រូវបានពង្រឹងដោយឥតឈប់ឈរ

ក្នុងរយៈពេលកន្លងមក ទំនាក់ទំនងរវាងប្រទេសទាំងពីរបានអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅលើគ្រប់វិស័យ តាំងពីនយោបាយ សេដ្ឋកិច្ច រហូតដល់វប្បធម៌ សន្តិសុខ និងការពារជាតិ។ នៅក្នុងបរិបទដែលជំងឺរាតត្បាតបានប៉ះពាល់យ៉ាងអវិជ្ជមានដល់ពាណិជ្ជកម្មនៃប្រទេសភាគច្រើនលើពិភពលោក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគសម្រេចបាននូវកំណើនខ្លាំងក្លា។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-ចិនរក្សាបាននូវសន្ទុះកំណើនដ៏ល្អប្រសើរ។ លោកឯកអគ្គរដ្ឋទូត Xiong Bo បានបញ្ជាក់ថា៖

ការដែលចិននិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ មានលក្ខខណ្ឌអំណោយផលជាច្រើន។ យើងជាប្រទេសជិតខាង ហើយការធ្វើដំណើរ ដឹកជញ្ជូនគឺងាយស្រួលណាស់។ ក្នុងដំណើរការអភិវឌ្ឍន៍ ប្រទេសទាំងពីរមានប្រៀបខ្លាំងជាច្រើនដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក។ យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរមានចំណុចស្រដៀងគ្នាជាច្រើន។ នៅឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងវៀតណាម សម្រេចបានជាង ២៣០ ពាន់លានដុល្លារអាមេរិក។ នេះជាចំនួនដ៏គួរឱ្យចាប់អារម្មណ៍ខ្លាំង ដែលខ្ពស់ជាងទំហំពាណិជ្ជកម្មរវាងចិននិងប្រទេសអឺរ៉ុបណាមួយ។ ក្នុងឆ្នាំ ២០២២ ទោះបីជារងផលប៉ះពាល់នៃជំងឺរាតត្បាតក៏ដោយ ក៏ចំនួននេះកាន់តែខ្ពស់ថែមទៀត

អនុវត្តន៍ការយល់ដឹងរួមក្លាយជាសកម្មភាព

ដោយឈរលើមូលដ្ឋានសមិទ្ធិផលដែលសម្រេចបានក្នុងឆ្នាំ ២០២២ ក្នុងឆ្នាំ ២០២៣ វៀតណាមនិងចិនបានឯកភាពអនុវត្តន៍សកម្មភាពជាច្រើន ក្នុងនោះផ្ដោតសំខាន់លើការរក្សាជំនួបប្រាស្រ័យកម្រិតខ្ពស់។ ប្រទេសទាំងពីរបន្តប្រកាន់ខ្ជាប់នូវការទទួលស្គាល់និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនៅកម្រិតយុទ្ធសាស្ត្រ និងចក្ខុវិស័យរយៈពេលវែង; ជំរុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ចិន ឲ្យមានការអភិវឌ្ឍយ៉ាងយូរអង្វែង ស្អាតស្អំ និងស្ថិរភាព។ ដើម្បីធ្វើបានដូច្នេះ លោកឯកអគ្គរដ្ឋទូតចិន Xiong Bo បានចាត់ទុកថា៖

ប្រការដ៏សំខាន់បំផុត ដូចលោកអគ្គលេខាបក្សទាំងពីរបានសង្កត់ធ្ងន់នោះគឺត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទិសដៅនយោបាយដ៏ត្រឹមត្រូវ។ នោះគឺបន្តគាំទ្រគ្នាទៅវិញទៅមកដើម្បីបោះជំហានយ៉ាងរឹងមាំលើមាគ៌ាឈានឡើងសង្គមនិយម ហើយប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សទាំងពីរ។ ដោយសារតែវាជាមាគ៌ា ដែលបក្សទាំងពីរ ប្រជាជននៃប្រទេសយើងទាំងពីរ បានរកឃើញ ក្រោយដំណាក់កាលដ៏វែងមួយ នៃការតស៊ូដើម្បីឯករាជ្យ និងរំដោះជាតិ។ នេះជាឫសគល់សម្រាប់ការអភិវឌ្ឍនៃប្រទេសយើងទាំងពីរ ហើយការរក្សាប្រការនោះគឺមានសារៈសំខាន់ខ្លាំងណាស់។ ទីពីរ គឺត្រូវប្រែក្លាយការយល់ដឹងនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ ទៅជាការយល់ដឹងរួមរបស់គ្រប់ក្រសួង ស្ថាប័ន មូលដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈក្នុងសង្គមនៃប្រទេសទាំងពីរ

យោងតាមលោកឯកអគ្គរដ្ឋទូត Xiong Bo ចិន និងវៀតណាម គឺជាប្រទេសដែលមានឥទ្ធិពលសំខាន់នៅក្នុងតំបន់និងលើពិភពលោក។ បច្ចុប្បន្នវៀតណាមមានឋានៈនិងឥទ្ធិពលដ៏ធំនៅលើឆាកអន្តរជាតិ ហើយចិនគាំទ្រនិងរំពឹងថា វៀតណាមនឹងមានឋានៈកាន់តែធំធេង នៅក្នុងតំបន់និងពិភពលោក។ ប្រទេសទាំងពីរមានផលប្រយោជន៍រួមជាច្រើន ចាំបាច់ត្រូវសហការគ្នាប្រកបដោយភាពសុខដុមរមនាក្នុងបញ្ហាតំបន់ និងអន្តរជាតិ ធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលវៀតណាមជាសមាជិកផងដែរ។ ចិនគាំទ្រយ៉ាងខ្លាំងក្លា ហើយមានបំណងចង់ជួយវៀតណាមក្នុងដំណើរការកសាងប្រទេសវៀតណាមទំនើប ខ្លួនទីពឹងខ្លួន និងខ្លាំងមាំមួន៕


top