បទយកការណ៍ឯកទេស

វីរកថាពីថ្ម

នៅខ្ពង់រាបថ្ម ដុង​វ៉ាន់ (Dong Van) ថ្មហាក់ដូចជាមានជោគវាសនា។ កុមារកើតនៅលើថ្ម ប្រុស​និង​ស្រីសារភាពស្នេហ៍ក្បែររបងថ្ម ប្រជាជនដាំដំណាំស្បៀង​អាហារនៅតាមក្រហូងថ្ម សម្រាប់ចិញ្ចឹមជីវិត ហើយពេលស្លាប់ទៅក៏កប់ក្នុងផ្នូរថ្ម។ 

១៥ ឆ្នាំមុន ក្នុងស្ថានភាពស្រវឹងស្រាពោតនៅផ្ទះរបស់ "ព្រះថ្ម" លោកថាវ មិយ៉ាង (Thao Mi Giang) ក្នុងឃុំ ដុងវ៉ាន់ (Dong Van) គាត់បានរៀបរាប់ជាមួយខ្ញុំអំពីជំនឿចំពោះថ្មក្នុងតំបន់ថ្មនេះ។ លោក ថាវ មិយ៉ាង (Thao Mi Giang) ត្រូវបានប្រជាជនម៉ុង (Mong) នៅឃុំ ដុង​វ៉ាន់ (Dong Van) ចាត់ទុកជា ព្រះថ្មដោយសារតែគាត់មានទេពកោសល្យពិសេសក្នុងការស្វែងរកថ្មសម្រាប់ឆ្លាក់ និងសាងសង់ផ្ទះ ធ្វើគ្រឿងប្រើប្រាស់ក្នុងផ្ទះ ដូចជា ត្បាល់ អង្រែ និងរៀបជញ្ជាំងថ្មដ៏ល្បីល្បាញនៅ ដុង​វ៉ាន់ (Dong Van) ។ គាត់គឺជាតួអង្គសំខាន់នៅក្នុងភាពយន្តឯកសារ "បទចម្រៀង​លើ​កំពូល​ភ្នំតាលុង (Ta Lung)" របស់អ្នកដឹកនាំរឿង ម៉ាក វ៉ាន់ជុង (Mac Van Chung) ដែលបានឈ្នះពានរង្វាន់ធំៗជាច្រើននៅក្នុងមហោស្រពភាពយន្តក្នុងស្រុក និងអន្តរជាតិ។

ជនជាតិម៉ុង (Mong) ក្នុង​តំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ (Dong Van) ដាំដុះតាមក្រហូងថ្ម - ចំណេះដឹងត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិក្នុងឆ្នាំ២០១៤។ រូបថត៖ ថុងធៀន / VNP

លោកយ៉ាង (Giang) បាននិយាយថា ជនជាតិ ម៉ុង (Mong) ក្នុង​តំបន់ខ្ពង់រាបថ្ម ដុង​វ៉ាន់ (Dong Van) ជឿជាក់ថា កាលពីដើម ផែនដីគ្រាន់តែជាដីភក់ទន់ជ្រាយប៉ុណ្ណោះ​។ ព្រះអាទិទេព​យក្ស​ពីរ​អង្គ គឺ​លោកតាត្រាយ (Tray) និង​លោក​យាយ​ត្រាយ (Tray) បាន​បង្កើត​ថ្ម ហើយ​​ធ្វើ​ឲ្យ​ផែនដី​រឹងមាំ និង​ស្ថេរភាព។ លើសពីនេះ គឺថ្មដែលប៉ះកកិតគ្នា នាំភ្លើងមកបំភ្លឺ កំដៅ និងចម្អិនអាហារសម្រាប់ប្រជាជន នាំយកគ្រាប់ពោតដែលក្រោយមកក្លាយជាដំណាំសំខាន់បំផុតរបស់ជនជាតិម៉ុង (Mong)។

ក្នុង​រឿងរ៉ាវ​របស់​លោក យ៉ាង (Giang) បាន​លើកឡើង​ជាច្រើនដងស្តីពីដំណើរ​ការ​របស់​ជនជាតិ ម៉ុង (Mong) ដើម្បី​រស់នៅជាមួយ​ថ្ម។ លោក យ៉ាង(Giang) ត្រូវបានឪពុករបស់គាត់បង្រៀនពីរបៀបរកថ្ម ដើម្បីធ្វើជាត្បាល់ អង្រែ កាំជណ្តើរខាងមុខផ្ទះ សសរផ្ទះ ជាដើម។ លោក យ៉ាង (Giang) មានប្រសាសន៍ថា៖ "នៅទីនេះមានថ្មរាប់មិនអស់ ប៉ុន្តែមិនមែនថ្មទាំងអស់អាចធ្វើវត្ថុប្រើប្រាស់ប្រចាំថ្ងៃក្នុងផ្ទះបានទេ យើងត្រូវរកផ្ទាំងថ្មចាស់ៗ គ្មានស្នាមប្រេះ ឬគ្មាន​លាយពណ៌ ទើបធ្វើបាន"។

ជនជាតិម៉ុង (Mong) នៅឃុំស៊ុងឡា (Sung La) ដាំពោតនៅក្រហូងថ្ម នានិទាឃរដូវ។ រូបថត៖ ថុងធៀន / VNP

តាម​លោក យ៉ាង (Giang)  យុវជន​ជនជាតិម៉ុង (Mong) ​ដែល​កើត​មុន​ឆ្នាំ​១៩៨០ សុទ្ធតែ​ចេះ​ធ្វើ និង​ឆ្លាក់​ថ្ម​។ យុវជន​ឆ្លាក់​ថ្ម​ជា​រាងបួនជ្រុងស្មើ និង​រង្វង់មូល ដើម្បី​ធ្វើ​ជើង​ទម្រ​​សសរ​ផ្ទះ និងកាំជណ្តើរខាងមុខផ្ទះ​។ អ្នកវ័យ​ចំណាស់​អាច​ឆ្លាក់​ថ្មជា​ត្បាល់​កិន​ពោត​ជា​ម្សៅ ឬ​ជា​ផ្កា​ថ្ម​តុបតែង។


តាម​ការណែនាំរបស់លោក យ៉ាង (Giang) យើងបានទៅ​ដល់ផ្ទះរបស់ត្រកូល ជឺ (Chu) នៅភូមិ ស៊ុង​កាង (Sung Cang) ដើម្បីស្វែងយល់អំពីសិប្បកម្មចាក់ពុម្ពផាលនង្គ័លលើថ្ម។ រោងដំដែករបស់គ្រួសារ លោក ជឺយុងស្វ៊ីយ (Chu Dung Xiu) ដែលជាគ្រួសារមួយក្នុងចំណោមគ្រួសារត្រកូល ជឺ (Chu) ទាំងបីនៅទីនេះ តែងតែ​មាន​ភ្លើងក្តៅពេញមួយឆ្នាំ។ ចេះនិយាយភាសា គិញ (Kinh) តិចតូច លោក ស្វ៊ីយ (Xiu) បាននិយាយដោយក្តីសប្បាយរីករាយថា "ជនជាតិ ម៉ុង (Mong) ត្រកូល ជឺ (Chu) យើង​ខ្ញុំ ប្រើដែកស្មិតធម្មតាជាវត្ថុធាតុដើម ប៉ុន្តែដោយប្រើបច្ចេកទេសបង្កើតពុម្ពពីដីឥដ្ឋ រួមផ្សំជាមួយរូបមន្តអាថ៌កំបាំងរបស់គ្រួសារ ដូច្នេះផាល​នង្គ័លមានរូបរាងពិសេស រឹងមាំ អាចកាប់ថ្ម និងភ្ជួរដីសម្រាប់ដាំដុះ"។ ផាលនង្គ័លបានធ្វើ​រួចរាល់ ប្រពន្ធ​កូនរបស់គាត់​ក៏​​យក​ទៅ​ផ្សារ​ដុង​វ៉ាន់ (Dong Van) ផ្សារ​មូវវ៉ាក (Meo Vac) ដើម្បី​លក់​ឲ្យ​ជនជាតិ​ម៉ុង (Mong) ​នៅ​តំបន់​នោះ ដើម្បី​បម្រើ​ការដាំដុះលើ​ថ្មសម្រាប់​ចិញ្ចឹម​ជីវិត។

ជនជាតិម៉ុង (Mong) ក្នុង​តំបន់ខ្ពង់រាប ដុង​វ៉ាន (Dong Van) តែងតែគាស់ថ្មនៅនិទាឃរដូវ ដើម្បីសាងសង់របង និងធ្វើឧបករណ៍បំរើការងារ និងជីវភាពប្រចាំថ្ងៃ។ រូបថត៖ VNP

ចំណុចកំពូលនៃការជំនះតំបន់ថ្មនេះ របស់ជនជាតិទាំង ១៧ ជនជាតិ ដែលកំពុងរស់ក្នុង​តំបន់ខ្ពង់រាបថ្ម ដុង​វ៉ាន់ (Dong Van) គឺជាបច្ចេកទេសដាំដុះនៅលើក្រហូង​ថ្ម ។ លោក វ៉ាង មីចើ (Vang Minh Cho) តួអង្គមួយ ក្នុងភាពយន្តឯកសារ បទចម្រៀង​លើកំពូលភ្នំតាលុង (Ta Lung)ចែករំលែកថា៖ ជនជាតិម៉ុង (Mong) តៃ (Tay) នុង(Nung)យើងត្រូវតម្រៀបថ្មក្លាយជាជញ្ជាំងថ្មវែងៗ ហ៊ុំព័ទ្ធ ដើម្បីបង្កើតវាលស្រែ បន្ទាប់មកគេយកដីពីកន្លែងផ្សេងមកចាក់ចូល។ វាលស្រែនោះដីជាប់នឹងក្រហូងថ្ម របងថ្មបានរក្សាទុកដី និងទឹកសម្រាប់ដំណាំពោត និងដំណាំបាក់វីត ។

ប្រសិនបើ លោកថាវ មិយ៉ាង (Thao Mi Giang) ត្រូវបានគេចាត់ទុកដូចជា "ព្រះថ្ម" នៅដុង​វ៉ាន (Dong Van) លោក ឡៅ ថែន​ស (Lau Then So) ​ត្រូវបានជនជាតិម៉ុង (Mong) ចាត់ទុកដូចជា "ព្រះភ្លើង​"  រីឯ លោក វ៉ាង​មិចើ (Vang Mi Cho) ត្រូវបានគេចាត់ទុកដូចជា "ព្រះគង្គា" ។ បុរស​ទាំង​បី​រូប​នេះ ​បាន​ចូល​រួម​ក្នុង​បុព្វហេតុ​កម្ទេច​ថ្ម និង​​បើក ផ្លូវ​​សុភមង្គលដែល​មាន​ប្រវែង ១៨៥គីឡូម៉ែត្រ​តាម​បណ្តោយខ្ពង់រាប​ថ្ម ដុងវ៉ាន (Dong Van)។ ផ្លូវនេះសាងសង់រួចរាល់នៅឆ្នាំ១៩៦៥ ហើយកូនប្រុសជនជាតិម៉ុង (Mong) ឆ្នើមទាំងបីរូបនេះ ម្នាក់ពិការដៃម្ខាង ម្នាក់ពិការជើងម្ខាង ម្នាក់ពិការ​ភ្នែកម្ខាង ក្នុងសម័យសង្គ្រាមការពារព្រំដែនខាងជើងក្នុងឆ្នាំ១៩៧៩ ដោយពាក្យសម្បថថា "រស់នៅជាមួយថ្ម ស្លាប់ក្លាយថ្មជាអមតៈ"។

របងថ្មនៅភូមិ ឡូឡូចាយ (Lo Lo Chai) ។ រូបថត៖ VNP

ខ្ញុំវិលត្រឡប់មកតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន (Dong Van) នៅដើមឆ្នាំ២០២៥ ហើយបានលឺថា "ព្រះភ្លើង" លោក ឡៅ ថែន​ស (Lau Then So) និង "ព្រះគង្គា" លោកវ៉ាង​ មិចើ (Vang Mi Cho) បានទទួល​មរណភាពហើយ​។ ផ្នូររបស់លោក​ទាំងពីររូបនេះ ក៏ត្រូវបានតម្រៀប​ពីថ្ម ហើយស្ថិតនៅលើភ្នំតាលុង (Ta Lung)«ជនជាតិម៉ុង (Mong) គឺចឹង​ ស្លាប់គឺត្រឡប់មកជាមួយថ្ម ដោយទុកដីតិចតូចសម្រាប់ដាំពោត ជម្ពូ មាក់ខៃ និងដំណាំ​បាក់វីត ឱ្យ​លូតលាស់ ​ចេញ​ផ្លែផ្កា» «ព្រះថ្ម» លោក ថាវ មិយ៉ាង (Thao Mi Giang) និយាយដោយអួលដើមក។

ឃុំ ផូកាវ (Pho Cao) ល្បីល្បាញក្នុងតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ (Dong Van) ដោយបច្ចេកទេសតម្រៀបរបងថ្ម។ រូបថត៖ តាតសឺន / VNP

ចាប់ពីខែមីនាដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ តំបន់ខ្ពង់រាបថ្ម ដុង​វ៉ាន់ (Dong Van) ទាំងមូលស្ងួតហួតហែង ប៉ុន្តែនៅរដូវផ្ការីក តំបន់​នេះត្រូវបានគ្របដណ្តប់ដោយភាពស្រស់ស្អាតនៃពីផ្កាស្ពៃ ផ្កា​បាក់​វីត ផ្កាជម្ពូ និង​ផ្កាម៉ាក់ខៃ។

ភ្ញៀវទេសចរគយគន់ជម្រាលភ្នំ ថឹមម៉ា (Tham Ma) ក្នុងតំបន់ខ្ពង់រាបថ្ម ដុង​វ៉ាន់ (Dong Van) ។ រូបថត៖ ហ្វ័ងហា / VNP

លោក ថាវ មិយ៉ាង (Thao Mi Giang) បានមានប្រសាសន៍ថា៖ «ប្រហែលជា ៣០០ឆ្នាំមុន ជនជាតិ ម៉ុង (Mong) ដែលធ្វើចំណាកស្រុក និងបានជ្រើសរើសកន្លែងដែលមានដើមម៉ាក់ខៃ  និងដើមជម្ពូដុះជាព្រៃ ដើម្បីបង្កើតភូមិ។ ជនជាតិ ម៉ុង (Mong) យកតែគ្រាប់ពូជពោត គ្រាប់ពូជបាក់វីត គ្រាប់ពូជ rapex និង​គ្រាប់ពូជ​ស្ពៃ ដើម្បីដាំដុះ និងប្រមូលផល​ធ្វើជាស្បៀងអាហារ ក្នុងដំណើរការជំនះថ្មពណ៌ប្រផេះ។ ប្រហែលជានោះហើយដែលជាមូលហេតុនាំឲ្យគ្រប់ទីកន្លែងមានព្រៃឈើម៉ាក់ខៃ ព្រៃឈើជម្ពូ និងផ្កាបាក់វីត ផ្កាស្ពៃ បាន​លូតលាស់នៅតំបន់ដែលពោរពេញទៅដោយផ្ទាំងថ្មពណ៌ប្រផេះធំៗ និង​ជាភូមិរបស់ជនជាតិ ម៉ុង (Mong) 

 ភ្ញៀវទេសចរយកធ្វើ​ដំណើរលើផ្លូវជម្រាលភ្នំ ម៉ាពិឡេង (Ma Pi Leng) ។ រូបថត៖ ហ្វ័ងហា / VNP

ជ្រលងភ្នំ ស៊ុងឡា (Sung La) ក្នុងតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ (Dong Van) - ទីតាំងថតខ្សែភាពយន្តល្បីៗជាច្រើនដូចជារឿង ភាពយន្តមាន​ការថតដ៏អស្ចារ្យ​ដូចជា "រឿងរបស់ប៉ាវ (Pao)" "សម្ងំក្រោមរូងជ្រៅ"  ... ។ រូបថត៖ ត្រឹនហៀវ / VNP

ស្ថាបត្យកម្មថ្មប្លែកៗដូចជា របងថ្ម ក្បាច់រចនាថ្ម ឧបករណ៍ថ្ម... រួមផ្សំជាមួយនឹងសម្រស់ស្អាតដូច​ក្នុង​រឿង​និទានអំពី​រដូវ​ផ្ការីកបានទាក់ទាញភ្ញៀវជាតិ និងបរទេសរាប់លាននាក់ មកទស្សនា​តំបន់ខ្ពង់រាបថ្ម ដុង​វ៉ាន់ (Dong Van) 


រយៈពេលដប់ឆ្នាំមកនេះ អ្នកថតរូប ត្រឹន​ កាវ​បាវ​ឡុង (Tran Cao Bao Long) មកពីទីក្រុងហូជីមិញ (Ho Chi Minh) បានធ្វើដំណើរជាង ២០០០គីឡូ​ម៉ែត្រមកកាន់តំបន់ខ្ពង់រាបថ្ម នៅនិទាឃរដូវ ហើយ​ស្នាក់នៅទីនេះអស់ រយៈពេលជាច្រើនខែ ដើម្បីស្វែងរកកាលៈទេសៈអស្ចារ្យនៃជីវិត។ "ខ្ញុំបានរស់នៅជាមួយគ្រួសារជនជាតិម៉ុង (Mong) មួយ នៅភូមិលុងកឹម (Lung Cam)  ហើយបានក្លាយជាសមាជិកមួយនៃគ្រួសារនេះ។ គ្រួសារនេះមាន homstay ឈ្មោះថា ម៉ុក (Moc)។ ផ្ទះនេះពិតជាពិសេស ដោយសារភាពស្ងប់ស្ងាត់ ភាពសាមញ្ញនៃការតុបតែង និងភាពរាក់ទាក់រាប់អាន​ភ្ញៀវរបស់ម្ចាស់ផ្ទះ"។
រដូវផ្កាបាក់វីតរីកក្នុងតំបន់ខ្ពង់រាបថ្ម ដុងវ៉ាន់ (Dong Van)  ចាប់ផ្តើមពីខែតុលាដល់ខែធ្នូជារៀងរាល់​ឆ្នាំ។ រូបថត៖ តាតសឺន​​ / VNP
 

Homestay ម៉ុក (Moc)   មានរូបភាពដ៏ចាប់អារម្មណ៍ព្យួរជុំវិញជញ្ជាំង។ នោះគឺជារូបថតវាលស្ពៃពណ៌លឿង ដើមម៉ាក់ខៃ ដែលមាន​ផ្ការីកនៅពេលព្រឹកព្រលឹម និងរូបថតប្រជាជន "រស់នៅលើថ្ម"... ដែលអ្នកថតរូបជាច្រើននាក់បានមកទីនេះស្នាក់នៅ ពេលត្រលប់ទៅវិញ គេក៏ជូនរូបថតមកម្ចាស់ផ្ទះវិញ។ អ្នកថតរូប ត្រឹន​ កាវ​បាវ​ឡុង (Tran Cao Bao Long) បាននិយាយថា "ខ្ញុំបានថតរូបវាលស្ពៃពណ៌លឿង កាលពីនិទាឃរដូវឆ្នាំមុន ឥឡូវនេះខ្ញុំពង្រីករូបថតនេះ​តាម​ខ្នាតធំ ដើម្បីប្រគល់ជូនទៅម្ចាស់ផ្ទះ ដូច្នេះរាល់ពេលដែលខ្ញុំត្រឡប់មក Homestay ម៉ុក (Moc)    ខ្ញុំមានអារម្មណ៍ដូចជាខ្ញុំត្រឡប់មកផ្ទះវិញ"។

 

តំបន់​ខ្ពង់​រាប​ ដុង​វ៉ាន់ (Dong Van) មិនត្រឹមតែទាក់ទាញភ្ញៀវទេសចរ និងអ្នកថតរូបប៉ុណ្ណោះទេ ថែមទាំងជាស្ទូឌីយោភាពយន្តខ្នាតយក្ស សម្រាប់អ្នកដឹកនាំភាពយន្តវៀតណាម ច្នៃប្រតិដ្ឋ​ដោយសេរីក្នុងតំបន់ថ្មនេះ។ ជាមួយនឹងស្មារតីនៃ "ភាពយន្ត​នាំផ្លូវទេសចរណ៍" ភាពយន្តមាន​ការថតដ៏អស្ចារ្យ​ដូចជា "រឿងរបស់ប៉ាវ (Pao)" "សម្ងំក្រោមរូងជ្រៅ" "ផ្ទៃមេឃក្រហម" "បុណ្យតេតនៅភូមិឋាននរក" ... បាននាំឱ្យខ្ពង់រាបថ្មកាន់តែខិតទៅជិតភ្ញឿវទេសចរក្នុងស្រុកនិងបរទេស។

មិន​ត្រឹម​តែ​ភាពយន្ត និង​ថត​រូប​ប៉ុណ្ណោះ​ទេ អ្នកអក្សរសិល្ប៍ក្នុងស្រុក​ និងក្រៅ​ប្រទេស​ក៏​ចាប់​អារម្មណ៍​នឹងសៀវភៅសរសេរអំពីការ​ធ្វើ​ដំណើ​រ​ដែល​មាន​ចំណងជើង​ថា នឹក​ស្រឡាញ់ដុង​វ៉ាន់ (Dong Van)” របស់​អ្នក​និពន្ធ ធុយត្រឹន (Thuy Tran)។ អ្នក​និពន្ធរូបនេះ ចាត់ទុកថា ពេលមកដល់​តំបន់​ខ្ពង់រាប​ថ្ម ដុង​វ៉ាន់ (Dong Van) អ្ន​ក​គួរតែ​​មកទស្សនា​ផ្សារ ដើម្បីរីករាយ​នឹង​សំឡេង​មកពីឧបករណ៍ភ្លេង ដែល​ផ្លុំដោយបបូរមាត់ អង្គុយក្បែរឆ្នាំង ថាំងកូក្តៅ (ម្ហូប​ពិសេស​មួយ​ប្រភេទរបស់ជនជាតិម៉ុង (Mong)) ពិសាស្រាពោតមួយចាន ជក់បារីកំដៅខ្លួន។ និង​ផ្សារ ដុង​វ៉ាន់​ (Dong Van) នៅតែជួបជុំ ​ គេបានគ្រោង​ ​អភិរក្ស ដូច​ជា​សក្ខីភាព​នៃ​ការឈានឡើង​របស់​ប្រជាជន​នៃ​តំបន់ខ្ពង់រាប​ថ្ម។
Homestay មួយរបស់ប្រជាជន ឡូឡូ (Lo Lo ) នៅភូមិ ឡូឡូចាយ (Lo Lo Chai) មានកាំជណ្តើរខាងមុខផ្ទះ។ រូបថត៖ ថុងធៀន / VNP
Homestayមួយរបស់ជនជាតិម៉ុង (Mong) ក្នុងភូមិឡាវស្វា (Lao Xa)។ រូបថត៖ ង្វៀនថាំង  / VNP
ការសម្តែងខែន របស់ជនជាតិម៉ុង (Mong) នៅផ្សារដុងវ៉ាន់ (Dong Van)។ រូបថត៖ កុងដាត / VNP

ចំពោះ ព្រះថ្មលោក ថាវ មិយ៉ាង (Thao Mi Giang) ជាមនុស្សម្នាក់មានអាយុជិត៩២ឆ្នាំ រស់នៅ និងបានឃើញភាពសប្បាយរីករាយ និងទុក្ខព្រួយទាំងអស់នៃតំបន់ខ្ពង់រាបថ្មនេះ ឥឡូវនេះគាត់ពេញចិត្តយ៉ាងខ្លាំង ដែលស្រុកកំណើតរបស់គាត់បានក្លាយជា តំបន់ទេសចរណ៍ល្បីល្បាញនៃភូមិភាគឦសាន។ ក្រឡេកមើលជួរភ្នំថ្មតាលុង (Ta Lung) វែងអន្លាយ លោកបានអានសុភាសិតរបស់​ជនជាតិម៉ុង (Mong) មួយ​ឃ្លាថា គ្មានភ្នំណាខ្ពស់ជាងក្បាលជង្គង់របស់ជនជាតិម៉ុង (Mong)ដើម្បីនិយាយអំពីវីរភាពនៃដំណើរការជំនះថ្មរបស់ជនជាតិនេះ៕

អត្ថបទ៖ ថុងធៀន - រូបថត៖ ង្វៀនថាំង ហ្វ័ង​ហា  កុងដាត ថុង​ធៀន វៀតគឿង  / VNP

ក្រាហ្វិក៖ ហឿង​ថាវ ប្រែសម្រួលដោយង្វៀនយ៉ាង



top