ល្ខោនរាជវាំងក្រុងហ្វេ ជាប្រភេទល្ខោនប្រពៃណី ដែលមានលក្ខណអក្សរសិល្ប៍ខ្ពស់ ពីព្រោះចាប់តាំងពីភ្លេងតន្រ្តី ទំនុកបទច្រៀង វិនាដកម្ម រហូតដល់របៀបសម្តែង សុទ្ធតែបាននិពន្ធរៀបរៀង ត្រួតពិនិត្យយ៉ាងហ្មត់ចត់ប្រាកដប្រជាសម្រាប់បម្រើព្រះមហាក្សត្រ ស្តេចក្រាញ់ នៅសម័យរាជការង្វៀន (Nguyen)។កន្លងសម័យកាល ល្ខោនរាជវាំងក្រុងហ្វេ បានសាបរលាបទៅបន្តិចម្តងៗ តែដោយសំណាង បានសិល្បករ សិល្បការិនី នៅអគារសិល្បៈប្រពៃណីរាជវាំងក្រុងហ្វេ មានចិត្តខិតខំប្រឹងប្រែង អភិរក្ស និងស្វែងយល់ រកដំណោះស្រាយស្តារពង្រឹងនូវប្រភេទសិល្បៈពិសេសវិសាលនេះ។
ល្ខោនឬនៅហៅថាហាតបូ (ល្ខោនហ៊ី) ជាប្រភេទចម្រៀងល្ខោនប្រពៃណីល្បីនៅប្រទេសវៀតណាម។ តាមប្រវត្តិ ល្ខោនកើតមានតាំងពីសម័យរាជការត្រឹន (Tran) (ប្រហែលសតវត្សរ៍ទី១៣) និងរីកចម្រើនល្បីនៅសម័យរាជការង្វៀន (Nguyen) (សតវត្សរ៍ទី១៩)។
ល្ខោនរួមមានកត្តាប្រគំមួយចំនួនដូចជា៖ ច្រៀង រាំ តន្រ្តី វិចិត្រសិល្បៈ អក្សរសិល្ប៍។ល។ ល្ខោនមានការសម្តែងបែបលក្ខណៈរូបារម្មណ៍, តួសម្តែងនឹងបានពាក់សម្លៀកបំពាក់តួអង្គ តែងមុខ យោងទៅតាមចរិតតួអង្គនីមួយៗ, ខ្លឹមសាររឿងតែងបង្អោនទៅរកវីរភាព ភាពអង់អាច លើកកម្ពស់ទឹកចិត្តស្មោះនឹងជាតិមាតុភូមិ ត្រៀមខ្លួនពលីដើម្បីបុព្វហេតុជាតិ និងជាមេរៀនគុណធម៌ស្តីពីបដិសណ្ឋារកិច្ច ការប្រណិប័តន៍ ត្រឹមត្រូវតាមសីលធម៌ខុងជឺប្រពៃណី។ ហេតុនេះ នៅសម័យសក្តិភូមិ ជាពិសេសសម័យរាជការង្វៀន (Nguyen) ល្ខោនបានវណ្ណៈបញ្ញាវន្ត អភិជន បំផុតគឺអ្នកនៅក្នុងរាជវាំងតែងចូលចិត្តស្តាប់ និងយកចិត្តទុកដាក់ជាខ្លាំង។
នៅក្រុងហ្វេសម័យរាជការង្វៀន (Nguyen) ល្ខោនឆាប់បានចូលរាជវាំងសម្តែងបម្រើញាតិរាជវង្ស។ ប្រវត្តិពោលថា ព្រះមហាក្សត្រ ថាញថៃ (Thanh Thai) (សោយរាជ្យនៅឆ្នាំ១៨៨៩ - ១៩០៧) ចូលចិត្តទស្សនាល្ខោន ដល់ថ្នាក់ចេញបទបញ្ជាប្រទានប្រាក់ និងប្រទានតំណែងងារជូនអ្នកសម្តែងឆ្នើម។ ពុំនោះសោត ព្រះអង្គនៅបានស្គាល់ជាព្រះមហាក្សត្រតែមួយអង្គគត់ នៅសម័យរាជការង្វៀន (Nguyen) ដែលធ្លាប់បានយាងឡើងលើឆាកសម្តែងល្ខោន និងជាតន្រ្តីករដៃស្គរជំនាញម្នាក់ផងដែរ។
សិល្បករ សិល្បការិនីក្រុងហ្វេ ចូលរួមផ្សព្វផ្សាយសិល្បៈល្ខោនរាជវាំងក្រុងហ្វេ។ រូបថត៖ កុងដាត
រូបថតតួសម្តែងធ្វើដំណើរតាមដងវិថីក្រុងហ្វេដ៏ចំណាប់។ រូបថត៖ កុងដាត
ភ្ញៀវទេសចរនិងមហាជនក្រុងហ្វេ ស្វែងយល់អំពីសម្រស់សិល្បៈល្ខោនរាជវាំងក្រុងហ្វេ នៅតាមដងវិថី។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនី ពាក់សម្លៀកបំពាក់តួអង្គ ចូលរួមធ្វើដំណើរតាមដងវិថីក្រុងហ្វេ។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនីជាង២០០នាក់ ចូលរួមធ្វើដំណើរតាមដងវិថី ឧទ្ទេសនាមផ្សព្វផ្សាយសិល្បៈល្ខោនរាជវាំងក្រុងហ្វេ។ រូបថត៖ កុងដាត
ក្រុមតួសម្តែងល្ខោនរាជវាំង ធ្វើដំណើរតាមដងវិថីឆ្ពោះទៅកាន់រាជវាំងក្រុងហ្វេ។ រូបថត៖ កុងដាត
ក្រុមតួសម្តែងល្ខោនរាជវាំង ធ្វើដំណើរឆ្លងកាត់ទ្វារហៀនញើន (Hien Nhon) ឆ្ពោះទៅកាន់ខាងក្នុងរាជវាំង។ រូបថត៖ ថាញហ្វ័រ
សោយរាជ្យកាន់កាប់ទឹកដីជាងមួយទសវត្ស៍កន្លង រាជការង្វៀន (Nguyen) បានវិវឌ្ឍន៍សិល្បៈល្ខោនឡើងដល់កម្រិតកំពូល។ ផ្តើមចេញពីវិជ្ជាសិល្បៈប្រជាប្រិយមួយ ល្ខោនបានក្លាយជាមុខវិជ្ជាសិល្បៈសុក្រិតមួយ ដែលបង្កប់ខ្លឹមសារអក្សរសិល្ប៍ខ្ពស់ ផ្នែកខាងនាដកថា ក៏ដូចជាសិល្បៈសម្តែង ក្លាយជាល្ខោនតំណាងជាតិនៃប្រទេសមួយ។
ក្រោមសម័យរាជការមីងម៉ាង (Minh Mang) (សោយរាជ្យនៅឆ្នាំ១៨២០ - ១៨៤១) ព្រះមហាក្សត្របានត្រាស់បង្គាប់ឱ្យសាងសង់អគារចម្រៀង យៀតធី (Duyet Thi) ជាអគារចម្រៀងដំបូងបង្អស់ ដែលបានសាងសង់នៅក្នុងរាជវាំង សម្រាប់សម្តែងបម្រើតែព្រះមហាក្សត្រ មន្រ្តី និងញាតិរាជវង្ស។ ដល់សម័យរាជការទឺឌឹក (Tu Duc) (សោយរាជនៅឆ្នាំ១៨៤៧ - ១៨៨៣) សិល្បៈល្ខោនបានវិវឌ្ឍន៍ដល់កម្រិតកំពូល នៅពេលដែលព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យ សាងសង់អគារចម្រៀងមីញខិម (Minh Khiem) ប្រជុំបណ្តាតួឯក តួរងឆ្នើម អញ្ជើញមកទីនេះហ្វឹកហាត់សម្តែង ថែមទាំងនៅបង្កើតក្រុមជំនាញសង្កេតមើលខុសត្រូវកិច្ចការល្ខោន ក្នុងនោះមានការនិពន្ធ រៀបរៀង និងកែសម្រួលរឿងល្ខោន។
ក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងនៃរាជការ ដូច្នេះល្ខោនរាជវាំងក្រុងហ្វេ មានការខុសប្លែកនឹងល្ខោនប្រជាប្រិយមុនៗ។ ដូចជាល្ខោនរាជវាំងបានកំណត់យ៉ាងហ្មឹងម៉ាត់ ហាមខាត់ជៀសវៀងពោលនាមព្រះមហាក្សត្រ ញាតិរាជវង្ស ពេលដែលសម្តែង សិល្បករ សិល្បការិនី ពុំអាចសំឡឹងចំព្រះភក្រ្តព្រះមហាក្សត្រ ការសាកសួរក៏ត្រូវគោរពតាមបែបបទដែលកំណត់ តួអង្គត្រូវអង្គុយនៅម្ខាង មិនត្រូវអង្គុយចំពីមុខព្រះមហាក្សត្រ តួអង្គមិនត្រូវថែមពាក្យដោយខ្លួនឯង ឬកាត់ចោលពាក្យ ច្រៀងខុសសាច់បទ នៅក្នុងនាដកថាបានកំណត់ទុក។ល។
អាចនិយាយថា ល្ខោនរាជវាំងក្រុងហ្វេ ឆ្លុះបញ្ជាំងជាក់ស្តែងនូវលោកទស្សនៈសង្គមសក្តិភូមិនៃរាជការង្វៀន (Nguyen) ជាតំណាងគំរូសម្រាប់ផ្នែកល្ខោនបុរាណ និងជាកេរដំណែលសិល្បៈរបស់ជនជាតិ។
ពិធីថ្វាយគ្រួដើម នៅវិហារថាញប៊ិញ (Thanh Binh) ជាវិហារតម្កល់បូជាគ្រូដើមល្ខោនរាជវាំងក្រុងហ្វេ។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនីល្ខោនរាជវាំងក្រុងហ្វេ អានកថាថ្វាយបូជាគ្រួដើម។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនីក្រុមល្ខោនរាជវាំងក្រុងហ្វេជើងចាស់ ចិត្តស្មោះប្រព្រឹត្តពិធីថ្វាយគ្រួដើម។ រូបថត៖ កុងដាត
របាំងមុខបានតុបតែងយ៉ាងចំណាប់ ក្នុងបរិយាកាសវិហារបូជាគ្រូដើម។ រូបថត៖ ថាញហ្វ័រ។
សិល្បករ សិល្បការិនីក្រុមល្ខោនតំបន់ទី៥ សង្កាត់ភូហេប (Phu Hiep) ទីក្រុងហ្វេ ប្រជុំគ្នាត្រៀមបម្រុងមុនពេលសម្តែង។ រូបថត៖ ថាញហ្វ័រ
សិល្បករ សិល្បការិនី តុបតែងមុខតួអង្គ។ រូបថត៖ កុងដាត
តាមធម្មតាសិល្បករ សិល្បការិនី តែងខ្លួនដោយខ្លួនឯង។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនី ពាក់សម្លៀកបំពាក់និងតែងខ្លួនបែបលក្ខណៈរូបារម្មណ៍តាមចរិតតួអង្គល្ខោននីមួយៗ។ រូបថត៖ កុងដាត
សិល្បករ ឡា ត្វឹន (La Tuan) តែងខ្លួនជាតួអង្គម៉ាញឡឿង (Manh Luong) ក្នុងរឿងល្ខោនបុរាណ “ម៉ាញឡឿង - Manh Luong ទាក់ចាប់សេះ”។ រូបថត៖ ថាញហ្វ័រ
ប្រវត្តិសាស្រ្តឆ្លងទំព័រថ្មី ចាប់ពីថ្ងៃរបបសក្តិភូមិរាជការង្វៀន (Nguyen) ដល់ទីបញ្ចប់ ឆ្លងកាត់ពេលវេលា ស្រទាប់កាលធូលីបានរបាំងរស្មីចែងចាំងនៃល្ខោនរាជវាំងក្រុងហ្វេថ្ងៃនោះ។ ជាសំណាង សិល្បករ សិល្បការិនី នៅអគារចម្រៀងសិល្បៈប្រពៃណីរាជវាំងក្រុងហ្វេ បច្ចុប្បន្នកំពុងធ្វើដំណើរស្ងាត់ៗ ដោយរឹងមាំឆ្លងកាត់ទុក្ខលំបាក ឆ្ពោះទៅរកការរក្សាតម្លៃថ្លៃថ្នូរ ដែលដូនតាបានបន្សល់ទុកមក។
ទោះបី មិនបានស្ថិតនៅសម័យកាលដ៏រុងរឿងដូចដើម ប៉ុន្តែឆាកល្ខោនរាជវាំងក្រុងហ្វេ ម្តងកាល ក៏បានអុជពន្លឺបម្រើមហាជននិងភ្ញៀវទេសចរផងដែរ ហេតុនេះផ្នែកណាមួយនៃសិល្បៈល្ខោនរាជវាំងក្រុងហ្វេ ក៏បានរស់ឡើងវិញ សម្តែងជូនទស្សនិកជន នូវឈុតឆាកដែលពោរពេញទៅដោយអារម្មណ៍រំភើបក្តុកក្តួរ ដោយល្ខោននេះធ្លាប់បានចាត់ទុកជា “ល្ខោនជាតិ” របស់វៀតណាម។
វិសេសជាងនេះ អគារចម្រៀងប្រពៃណីរាជវាំងក្រុងហ្វេ កំពុងមានផែនការគ្រោងធំជាច្រើន ដើម្បីស្តារពង្រឹងមុខវិជ្ជាសិល្បៈពិសេសនេះ។ ថ្មីៗនេះ រឿងល្ខោន រឿងដកស្រង់គំរូ បានបង្កើតឡើងវិញប្រកបដោយជោគជ័យ ព្រមទាំងបានអនុញ្ញាត្តឱ្យសម្តែងបម្រើមហាជន។ ឈុតរឿងដកស្រង់ល្បីៗ បានសម្តែងចម្រុះជាមួយនឹងកម្មវិធីសិល្បៈនៅតាម Festival ក្រុងហ្វេជាច្រើនដូចជា៖ រាត្រីរាជវាំង ពិធីអំណរបុណ្យចូលឆ្នាំថ្មី សម្តែងតាមដងវិថី។ល។ យ៉ាងនេះសិល្បៈរាជវាំងនឹងខិតជិតមហាជននិងភ្ញៀវទេសចរជាង។
ទស្សនិកជនទស្សនាឈុតសម្តែងល្ខោន នៅវិមានងិនឡឿង (Nghinh Luong)។ រូបថត៖ ថាញហ្វ័រ
សិល្បករ សិល្បការិនី រង់ចាំមុនពេលសម្តែងនៅលើឆាក។ រូបថត៖ ថាញហ្វ័រ
សិល្បករ សិល្បការិនី តែងខ្លួនជាតួអង្គ។ រូបថត៖ កុងដាត
កាយវិការសម្តែងបង្កប់មនោសញ្ចេតនាខ្ពស់ នៃសិល្បៈល្ខោនរាជវាំងក្រុងហ្វេ។ រូបថត៖ កុងដាត
ការតុបតែងខ្លួន បង្ហាញពេញលេញអំពីចរិតតួអង្គនីមួយៗ។ រូបថត៖ កុងដាត
តន្រ្តីករក្រុមល្ខោន។ រូបថត៖ កុងដាត
សិល្បករ សិល្បការិនី សម្តែងឈុតឆាកអំណរចម្រើនព្រះជន្ម នៅថ្ងៃបុណ្យចូលឆ្នាំថ្មី បម្រើភ្ញៀវទេសចរនៅក្នុងរាជវាំង។ រូបថត៖ ថាញហ្វ័រ
ជាពិសេស នៅសប្តាហ៍ Festival ក្រុងហ្វេឆ្នាំ២០២២ ទើបតែប្រព្រឹត្តទៅនៅចុងមិថុនាកន្លងហើយ លើកដំបូងដែលមានការចូលរួមពីសំណាក់សិល្បករ សិល្បការិនី នៃអគារចម្រៀងសិល្បៈប្រពៃណីរាជវាំងក្រុងហ្វេ បានរៀបចំសម្តែងប្រកបដោយជោគជ័យ នូវកម្មវិធីសម្តែងឧទ្ទេសនាមសិល្បៈល្ខោនរាជវាំងក្រុងហ្វេ។ កម្មវិធីបានទាក់ទាញការយកចិត្តទុកដាក់ តាមដានពិសេស របស់មហាជននិងភ្ញៀវទេសចរ ក្រោមប្រធានបទពិសេសដូចជា៖ ពិធីសែនគ្រូដើម នៅវិហារថាញប៊ិញ (Thanh Binh) (ទីកន្លែងបូជាគ្រូដើមនៃល្ខោនរាជវាំងក្រុងហ្វេ) ពិធីដង្ហែរបាំងមុខល្ខោនតាមដងវិថី និងសម្តែងឈុតរឿងល្ខោនដងស្រង់ដ៏ទាក់ទាញអារម្មណ៍ ពិសេសនៅវិមានងិញឡឿង (Nghinh Luong) ទល់មុខវិមានភូវ៉ាន់ (Phu Van)។ល។
អគារសិល្បៈប្រពៃណីរាជវាំងក្រុងហ្វេ មានសកម្មភាពឧទ្ទេសនាម ផ្សព្វផ្សាយសិល្បៈល្ខោនពោរពេញដោយទឹកចិត្តនិងកម្លាំងកាយ សឱ្យឃើញថាគោលបំណងចង់ស្តារសិល្បៈល្ខោនរាជវាំងក្រុងហ្វេ នៅតែពុះកញ្ជ្រោលក្នុងចិត្តនៃសិស្បករ សិល្បការិនី ក្រុងហ្វេ៕