ព័ត៌មាន

វិមានក្រឹមឡាំងនិងសេតវិមាន មិនទាន់បញ្ជាក់ពីជំនួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ីនិងអាមេរិកនោះទេ

ទាំងវិមានក្រឹមឡាំង និងសេតវិមាន មិនទាន់បានបញ្ជាក់ព័ត៌មានដែលចុះផ្សាយលើកាសែត New York Post កាលពីថ្ងៃទី ៨ ខែកុម្ភៈចំពោះការដែល ប្រធានាធិបតីអាមេរិក លោកDonald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាអំពីការបញ្ចប់ជម្លោះនៅអ៊ុយក្រែន។
រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯកិច្ចប្រជុំនៅទីក្រុងហែលស៊ីនគី (ហ្វាំងឡង់) ក្នុងខែកក្កដា ឆ្នាំ ២០១៨ (រូបថត៖ THX/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយ ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TASS កាលពីថ្ងៃ ទី៩ ខែកុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោក “មិនអាចបញ្ជាក់ ឬបដិសេធ” ព័ត៌មានអំពីទំនាក់ទំនងរវាងប្រធានាធិបតី ពូទីន និងសមភាគីអាមេរិក ស្តីពីបញ្ហាអ៊ុយក្រែននោះទេ។ ទន្ទឹមនឹងនេះ សេតវិមាននៅមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញជំនួបសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរនៅឡើយទេ។ មុននេះ កាសែត The New York Post (សហរដ្ឋអាមេរិក) បានចុះផ្សាយព័ត៌មានថា នៅក្នុងបទសម្ភាសន៍នៅលើយន្តហោះ Air Force One កាលពីថ្ងៃទី ៧ ខែកុម្ភៈ ប្រធានាធិបតី Donald Trump បានឲ្យដឹងថា លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតី លោក Donald Trump បានសម្តែងម្តងហើយម្តងទៀតនូវឆន្ទៈ ក្នុងការពិភាក្សាជាមួយសមភាគីរុស្ស៊ី។ ទោះជាយ៉ាងនេះក្តី មជ្ឈដ្ឋានមន្ត្រីនៃប្រទេសទាំងពីរ មិនទាន់បានបញ្ជាក់ ពីទំនាក់ទំនងផ្លូវការណាមួយ រវាងមេដឹកនាំទាំងពីររូបនេះនោះទេ៕


top