ក្នុងបរិបទដែលសេដ្ឋកិច្ចសកលបានកត់សម្គាល់ការលំបាកក្នុងឆមាសទី ១ ឆ្នាំនេះ វៀតណាមកាន់តែមានភាពទាក់ទាញក្នុងក្រសែភ្នែកវិនិយោគិនបរទេស ហើយតែងតែជាជម្រើសអាទិភាព។ ប្រការនេះត្រូវបានបង្ហាញតាមរយៈកំណើននៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានហូរចូលវៀតណាម ក៏ដូចជាសន្ទស្សន៍ទំនុកចិត្តរបស់អាជីវកម្មបរទេសចំពោះយថាទស្សន៍សេដ្ឋកិច្ចវៀតណាមជានិច្ចកាលស្ថិតក្នុងកម្រិតវិជ្ជមាន។
ខ្សែសង្វាក់ផលិតកម្មនៃសហគ្រាស FDI ។ រូបថត៖ Danh Lam/TTXVN
យថាទស្សន៍សេដ្ឋកិច្ចវិជ្ជមាន
- កត្តាសំខាន់ក្នុងការទាក់ទាញទុន FDI
នាពេលកន្លងទៅ សាធារណៈមតិបរទេស ស្ថាប័នហិរញ្ញវត្ថុ
និងអង្គការអន្តរជាតិនានាបន្តបញ្ចេញមតិជាវិជ្ជមានស្ដីពីស្ថានភាពអភវិឌ្ឍន៍សេដ្ឋកិច្ចវៀតណាម។
ជាក់ស្ដែង Oxford Economics ដែលជាក្រុមហ៊ុនប្រឹក្សាឯករាជ្យជួរមុខនៅលើពិភពលោកបានព្យាករណ៍ថា
GDP ឆ្នាំ ២០២៤ របស់វៀតណាមកើន ៥.៦% ខណៈដែលធនាគារ United
Overseas - UOB (សិង្ហបុរី) បានព្យាករណ៍ថា
ល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន ៦% ក្នុងឆ្នាំ ២០២៤ និង ៦.៤% ក្នុងឆ្នាំ
២០២៥។ ING THINK ដែលជាគេហទំព័រវិភាគសេដ្ឋកិច្ច
និងហិរញ្ញវត្ថុអន្តរជាតិបានព្យាករណ៍ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំ
២០២៤ គឺ ៦% ដែលជាកំណើនខ្ពស់បំផុតមួយក្នុងតំបន់ ហើយគ្រោងនឹងកើនដល់ ៦.៥% ក្នុងឆ្នាំ
២០២៥។
ក្នុងពេលនោះ S&P Global Ratings (សហរដ្ឋអាមេរិក)
បានព្យាករណ៍ថា យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមនៅតែវិជ្ជមាន ជាមយយនឹងកំណើន GDP
ជាក់ស្ដែងនៅកម្រិត ៥.៨% ក្នុងឆ្នាំ ២០២៤
ហើយវិលត្រឡប់មកនិន្នាការរយៈពេលវែងពី ៦.៥ ទៅ ៧% ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ។
យោងតាមការវាយតម្លៃរបស់សម្ព័ន្ធក្រុមហ៊ុន Standard
Chartered (អង់គ្លេស)
វៀតណាមស្ថិតក្នុងក្រុមជួរមុខល្បឿនកំណើនឆ្នាំ២០២៤ ជាមួយនឹងកំណើនជាង ៦% ។ លោក Jose
Vinals ប្រធានសម្ព័ន្ធក្រុមហ៊ុនបានចាត់ទុកថា៖
“នៅពេលរៀបចំណាត់ថ្នាក់ឥណទានរបស់ប្រទេសកើនឡើង
វៀតណាមអាចទាក់ទាញការវិនិយោគកាន់តែច្រើន ទាំងទុនវិនិយោគផ្ទាល់ពីបរទេស
និងការវិនិយោគដោយប្រយោល។ នោះគឺជាឥទ្ធិពលវិជ្ជមានទ្វេរដងចំពោះខឿនសេដ្ឋកិច្ចវៀតណាម
ដែលជាខឿនសេដ្ឋកិច្ចបើកចំហខ្លាំង និងសមហរណកម្មទៅក្នុងខឿនសេដ្ឋកិច្ចសកល។ ខ្ញុំគិតថា
វៀតណាមអាចកំណត់គោលដៅអភិវឌ្ឍន៍ខ្ពស់ជាង ព្រោះថាវៀតណាមមានសក្ដានុពល
និងភាពទាក់ទាញដើម្បីទទួលបានកំណើនយ៉ាងឆាប់រហ័សជាង។
បើប្រៀបធៀបទៅនឹងខឿនសេដ្ឋកិច្ចផ្សេងទៀតស្ទើរតែទាំងអស់នៅលើពិភពលោក
ការព្យាករណ៍ល្បឿនកំណើន ៦% ក្នុងឆ្នាំនេះរបស់វៀតណាមគឺជាព័ត៌មានដ៏ល្អប្រសើរមួយ
ព្រោះថាតួរលេខនេះខ្ពស់ជាងកម្រិត ៣%
ដែលខឿនសេដ្ឋកិច្ចផ្សេងទៀតស្ទើរតែទាំងអស់អាចសម្រេចបាន”។
គោលដៅដ៏ល្អប្រសើររបស់វនិយោគិនបរទេស
ដោយសារកំណើនសេដ្ឋកិច្ចជាវិជ្ជមានក្នុងឆមាសទីមួយ ឆ្នាំ ២០២៤ ការវិនិយោគ FDI
នៅវៀតណាមក្នុងឆ្នាំនេះមានជំហានកំណើនគួរឱ្យកត់សម្គាល់។
គួរកត់សម្គាល់ថា ទុនវិនិយោគផ្ទាល់ពីបរទេសដែលអនុវត្តន៍នៅវៀតណាមក្នុងឆមាសទី ១
ឆ្នាំនេះសម្រេចបាន ១០.៨៤ ពាន់លានដុល្លារអាមេរិក កើន ៨.២%
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
នេះគឺជាចំនួនទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់បំផុតក្នុងឆមាសទី ១ ឆ្នាំ ២០២៤
ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ ប្រការនេះបានសរឲ្យឃើញថា
វិនិយោគិនបរទេសបន្តចាត់ទុកវៀតណាមគឺជាគោលដៅវិនិយោគដ៏សំខាន់ក្នុងរយៈពេលមធ្យម និងវែង ក្នុងបរិបទដែល
ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកកំពុងប្រព្រឹត្តិទៅដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ។
លោក Joo-ok Lee នាយកតំបន់អាស៊ីប៉ាស៊ីហ្វិក
នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃ៖
“វៀតណាមកំពុងបញ្ជាក់ពីកិត្យានុភាពចំពោះថ្នាក់ដឹកនាំបណ្ដាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
អាជីវកម្ម និងសម្ព័ន្ធក្រុមហ៊ុនសកលនានាកំពុងស្វែងរកគោលដៅវិនិយោគស្ថិរភាព រស់រវើក
និងឱកាសពង្រីកការវិនិយោគផងដែរ”។
ក្នុងរបាយការណ៍សន្ទស្សន៍ទំនុកចិត្តអាជីវកម្ម (BCI) ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នៃសម្ព័ន្ធសមាគមន៍ធុរកិច្ចអឺរ៉ុបនៅវៀតណាម (EuroCham)
បានឲ្យដឹងថា អាជីវកម្មចំនួន ៥៤%
ដែលបានស្ទង់មតិបាននិយាយថាពួកគេទំនងជានឹងឧទ្ទេសនាមវៀតណាមដល់វិនិយោគិនបរទេសផ្សេងទៀត។
សហគមន៍ធុរកិច្ចអឺរ៉ុបសុទ្ធតែបានចាត់ទុកថា វៀតណាមគឺជាទីផ្សារដ៏រស់រវើក
ជាមួយនឹងយថាទស្សន៍កំណើនដ៏ធំធេង។
ចំពោះអាជីវកម្មករូរ៉េខាងត្បូងវិញ
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh
Chinh ទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះ
សម្ព័ន្ធក្រុមហ៊ុនជួរមុខជាច្រើនរបស់កូរ៉េខាងត្បូងដូចជា៖ Samsung, CJ,
Posco, LG, Daewoo E&C, GS Engineering & Construction Corp, Celltion និងធនាគារ KDB សុទ្ធតែបានសម្ដែងបំណងចង់ពង្រីកការវិនិយោគនៅវៀតណាមនារយៈពេលខាងមុខ។
លោក Hong Sun ប្រធានសម្ព័ន្ធសមាគមន៍ធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាម
(Kocham) មានប្រសាសន៍ថា៖
“នាយករដ្ឋមន្ត្រីវៀតណាមលោក
Pham
Minh Chinh បានសង្កត់ធ្ងន់
និងបញ្ជាក់ម្តងហើយម្តងទៀតអំពីជំនួយឧបត្ថម្ភ ដោះស្រាយការជំពាក់ជំពិនរបស់វិនិយោគិនកូរ៉េខាងត្បូងនៅវៀតណាម។
យើងខ្ញុំសិប្បាយរីករាយណាស់នៅពេលដែលមានវិនិយោគិនកូរ៉េខាងត្បូងនឹងពង្រីកការវិនិយោគនៅវៀតណាមនារយៈពេលខាងមុខផងដែរ”។
ក្រុមសេដ្ឋកិច្ចវិទូបានវាយតម្លៃថា
វៀតណាមគឺជាទីផ្សារដ៏ទាក់ទាញចំពោះវិនិយោគិនបរទេស ហើយជាគោលដៅវិនិយោគដ៏សក្តិសមបំផុតនាពេលខាងមុខ។
ការដែលវិនិយោគិនបរទេសវាយតម្លៃខ្ពស់អំពីភាពទាក់ទាញរបស់វៀតណាមគឺកម្លាំងចលករដ៏សំខាន់សម្រាប់វៀតណាមបន្តទាក់ទាញលំហូរទុន
FDI
ក្នុងឆមាសទី ២ ឆ្នាំ ២០២៤។ តាមនោះ
រួមវិភាគទានដល់ការអភិវឌ្ឍរួមនៃខឿនសេដ្ឋកិច្ចក្នុងឆ្នាំនេះផងដែរ៕