"លេងជាមួយកូន" គឺជាកម្រងសៀវភៅរូបភាព Ehon ល្បីល្បាញ មកពីប្រទេសជប៉ុន ដែលបាននិពន្ធទាំងពាក្យពេចន៍នៃអត្ថបទ និង រូបភាព ដោយវិចិត្រករ Yuichi Kimura ។ កម្រងសៀវភៅនេះ បានទិញសិទ្ធិ និង បោះពុម្ពផ្សាយនៅប្រទេសជាច្រើន កម្រងសៀវភៅនេះ បានលក់ចេញរាប់ម៉ឺនក្បាល ក្លាយជាមិត្តជិតស្និទ្ធរបស់កុមារតូចៗ។
"លេងជាមួយកូន" គឺជាកម្រងសៀវភៅរូបភាព Ehon ល្បីល្បាញ មកពីប្រទេសជប៉ុន ដែលបាននិពន្ធទាំងពាក្យពេចន៍នៃអត្ថបទ និង រូបភាព ដោយវិចិត្រករ Yuichi Kimura ។ កម្រងសៀវភៅនេះ បានទិញសិទ្ធិ និង បោះពុម្ពផ្សាយនៅប្រទេសជាច្រើន កម្រងសៀវភៅនេះ បានលក់ចេញរាប់ម៉ឺនក្បាល ក្លាយជាមិត្តជិតស្និទ្ធរបស់កុមារតូចៗ។
វិចិត្រករ Yuichi Kimura - មិត្តរបស់កុមារវៀតណាម បានមកដល់បណ្ណាគារគីមដុង (Kim Dong)។
ថ្មីៗនេះ វិចិត្រករ Yuichi Kimura បានមកដល់ប្រទេសវៀតណាម ដើម្បីចូលរួមកម្មវិធីជួបជុំជាមួយអ្នកអានវ័យក្មេងវៀតណាម ដែលរៀបចំដោយគ្រឹះស្ថានបោះពុម្ពគីមដុង (Kim Dong)។ ទោះបីលោកមានអាយុ ៨០ឆ្នាំក៏ដោយ លោកតែងតែរីករាយ និង ពោរពេញដោយថាមពល។ រាល់ពេលធ្វើដំណើរមកដល់ប្រទេសវៀតណាម លោកតែងតែរៀបចំកាបូបមួយ ដែលពេញទៅដោយល្បែងលេងបែបសិប្បកម្ម ដើម្បីធ្វើអន្តរកម្មជាមួយកុមារតូចៗ ពង្រឹងជំនាញបំណិន និង ភាពប៉ិនប្រសប់ ក្នុងការច្នៃប្រតិដ្ឋបង្កើតប្រដាប់ប្រដា មកពីវត្ថុដើមងាយៗ។
វិចិត្រករ Yuichi Kimura បានលេងល្បែងកម្សាន្តជាមួយកុមារវៀតណាម ក្នុងកម្មវិធីណែនាំសៀវភៅ "លេងជាមួយកូន"។
កម្រងសៀវភៅ "លេងជាមួយកូន" មាន១២ភាគ ផ្តោតលើសកម្មភាពប្រចាំថ្ងៃ ដែលធ្លាប់ស្គាល់របស់កុមារអាយុ ពី០ - ៣ឆ្នាំ ដូចជា ការដុសធ្មេញ ងូតទឹក លេង និងញ៉ាំអាហារ។ល។ បង្កើតបានជាពិភពមួយរស់រវើក រីករាយ ដូចជាទីលានលេងខ្នាតតូច សម្រាប់កុមារមត្តេយ្យ។
តាមរយៈរឿងរ៉ាវសាមញ្ញ ពាក្យពេចន៍ល្អៗ រូបភាពគួរឱ្យស្រឡាញ់ និង ទម្រង់សៀវភៅបើកបត់បែនអន្តរកម្ម វិចិត្រករ Yuichi Kimura បានប៉ិនប្រសប់ណែនាំឱ្យកុមារចូលទៅក្នុងពិភពរៀងៗខ្លួន ទីកន្លែងដែលជាមេរៀនតូចៗ ស្តីអំពីទម្លាប់ល្អ ចេះគោរពចាស់ទុំ ពឹងលើខ្លួនឯង អនាម័យផ្ទាល់ខ្លួន។ល។ បានលាយចម្រុះនៅក្នុងល្បែងនីមួយៗ ដែលមានលក្ខណៈបែបធម្មជាតិ ដូចជា លាក់មុខ ចាក់ក្លៀក ល្បែងប្រស្នា ទាយសកម្មភាព។ល។
វិចិត្រករ Yuichi Kimura បានបង្ហាញពីអត្ថន័យនៃសៀវភៅអន្តរកម្ម "លេងជាមួយកូន"។
កុមារវៀតណាម បានស្វាគមន៍វិចិត្រករ Yuichi Kimura។
ជាមួយនឹងទម្រង់សៀវភៅរូបភាពរស់រវើកពិសេស កម្រងសៀវភៅនេះ នាំមកនូវបទពិសោធន៍គួរឱ្យភ្ញាក់ផ្អើល ទាក់ទាញតាមទំព័រនីមួយៗ។ ឪពុកម្ដាយក៏អាចបង្កើតវិធីអានប្រកបដោយភាពច្នៃប្រឌិតជាច្រើនដូចជា ការអានបណ្ដើរ សួរសំណួរបណ្ដើរ ទាយឈ្មោះតួអង្គ អត្ថន័យនៃសកម្មភាពរបស់តួអង្គ ។ល។ ដើម្បីជំរុញការស្រមើលស្រមៃ និងការផ្សារភ្ជាប់ជាមួយកុមារ។
ចំណុចពិសេសមួយទៀត គឺសកម្មភាពសាចុះសាឡើង និងព័ត៌មានលម្អិតនៅក្នុងរឿង បង្កើតបានសំណើចសប្បាយរីករាយផង ព្រមទាំងជួយឱ្យកុមារងាយស្រួលក្នុងការចងចាំមេរៀនផង។ សៀវភៅនេះ បានផ្តល់សារដ៏មានអត្ថន័យថា៖ ចំណាយពេល អានសៀវភៅ និងលេងជាមួយកូនៗជារៀងរាល់ថ្ងៃ គឺជាអំណោយមានតម្លៃ ដែលឪពុកម្តាយអាចផ្តល់ឱ្យកូន។
វិចិត្រករ Yuichi Kimura បានណែនាំកុមារលេងល្បែងកម្សាន្ត។
កុមារវៀតណាម បានមកជួបជុំគ្នាក្នុងពិធីសម្ពោធសៀវភៅ "លេងជាមួយកូន"។
វិចិត្រករ Yuichi Kimura កើតឆ្នាំ១៩៤៨ នៅប្រទេសជប៉ុន ធ្លាប់បានធ្វើការក្នុងវិស័យផលិតខ្សែភាពយន្តគំនូរជីវចល និងជាអ្នកនិពន្ធសៀវភៅកុមារល្បីល្បាញទូទាំងពិភពលោក។ "លេងជាមួយកូន" គឺជាកម្រងសៀវភៅទីពីររបស់លោក ដែលបានបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពគីមដុង (Kim Dong) នៅប្រទេសវៀតណាម។
វិចិត្រករ Yuichi Kimura បានគូររូបជូនកុមារវៀតណាម នៅលើសៀវភៅ "លេងជាមួយកូន"។
តំណាងរោងពុម្ពគីមដុង (Kim Dong) បានជូនផ្កាដល់វិចិត្រករ Yuichi Kimura ។
ជាពិសេស ប្រាក់ចំណាយទាំងអស់ សម្រាប់ការជំនួបលើកនេះ គឺលោកបានចេញដោយខ្លួនឯង ដោយមានបំណងចង់ធ្វើមិត្តជាមួយកុមារវៀតណាម។ ទន្ទឹមនោះ គ្រឹះស្ថានបោះពុម្ពគីមដុង (Kim Đong) បានកាត់ប្រាក់សិទ្ធិសៀវភៅទាំងមូល ដើម្បីទិញអំណោយជូនកុមារតូចៗ ដែលមានជីវភាពកង្វះខាត។
នៅប្រទេសជប៉ុន វិចិត្រករ Yuichi Kimura បានចូលរួមក្នុងកម្មវិធី "Kids Classroom" អស់រយៈពេលជាង ២៣ ឆ្នាំ — ជាកម្មវិធីអប់រំបំណិនជីវិតល្បីល្បាញ សម្រាប់កុមារ។ បទពិសោធន៍នៃការសម្តែងតុក្កតា ធ្វើម្ហូប បង្ហោះខ្លែង។ល។ ជាមួយកុមារតូចៗ បានជួយលោកយល់ដឹងអំពីចិត្តវិទ្យារបស់កុមារ ហើយនិពន្ធជារឿងរ៉ាវ ដែលពោរពេញទៅដោយការយល់ចិត្ត និង សេចក្តីស្រឡាញ់។
វិចិត្រករ Yuichi Kimura បានថតរូបជាមួយអ្នកអានវៀតណាម។
កម្រងសៀវភៅ "លេងជាមួយកូន" ក៏កើតចេញពីដំណើរការនេះផងដែរ ពេលលោកបានចូលរួមជាមួយ "Kids Classroom" ផង និងមើលថែចៅតូចៗទាំងពីររបស់លោក ជារៀងរាល់ថ្ងៃផង។ ទេពកោសល្យរបស់ Yuichi Kimura ក៏បានបង្ហាញនៅក្នុងរូបភាពបកបង្ហាញផងដែរ លោកចង់បោះពុម្ពសៀវភៅនៅប្រទេសណា គឺត្រូវមានវិចិត្រករនៃប្រទេសនោះចូលរួមគូររូប។ នៅប្រទេសវៀតណាម វិចិត្រករ ធ្វីយកូម (Thuy Com) បានជ្រើសរើសដើម្បីរួមដំណើរជាមួយលោក ក្នុងកម្រងសៀវភៅនេះ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសវៀតណាម ក្រៅពីការជំនួបជាមួយអ្នកអាន វិចិត្រករ Yuichi Kimura នៅថែមទាំងទៅទស្សនា និង ផ្តល់អំណោយដល់អ្នកជំងឺកុមារ ដែលមានជីវភាពកង្វះខាត នៅវិទ្យាស្ថានកុមារមជ្ឈិម លោកបានបន្សល់ទុកក្នុងចិត្តមនុស្សគ្រប់រូប នូវរូបភាព "ជីតា" ជនជាតិជប៉ុនដែលកក់ក្តៅ និង មានចិត្តល្អ។ តាំងពីទំព័រសៀវភៅរហូតដល់ជីវិតពិត វិចិត្រករ Yuichi Kimura ពិតជាមិត្តមានតម្លៃ របស់កុមារវៀតណាម៕
អត្ថបទ៖ វឹនត្រឹន រូបភាព៖ ត្រឹន ថាញយ៉ាង/កាសែតរូបភាពវៀតណាម
ប្រែសម្រួល៖ រីកើង