មិត្តភក្តិជាមួយនឹងវៀតណាម

វិចិត្រករ Yehezkiel Cyndo - និទានរឿងតាមរយៈគំនូសវាសពីទីក្រុង នៅប្រទេសវៀតណាម

ពីគម្រោងផ្ទាល់ខ្លួន គឺការធ្វើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍​ ដើម្បីគូរគំនូរវាស​រៀបរាប់ពីរឿងរ៉ាវ នៅក្នុងទីក្រុង ការផ្លាស់ប្តូរ​នៃ​ទីក្រុង​ និង​ប្រជាជន ​នៅតាម​ប្រទេសផ្សេងៗ គ្នា...

ពីគម្រោងផ្ទាល់ខ្លួន គឺការធ្វើដំណើរជុំវិញតំបន់អាស៊ីអាគ្នេយ៍​ ដើម្បីគូរគំនូរវាស​រៀបរាប់ពីរឿងរ៉ាវ នៅក្នុងទីក្រុង ការផ្លាស់ប្តូរ​នៃ​ទីក្រុង​ និង​ប្រជាជន ​នៅតាម​ប្រទេសផ្សេងៗ គ្នា​ វិចិត្រករ​ Yehezkiel Cyndo (ជនជាតិឥណ្ឌូនេស៊ី​) ​បាន​មាន​​ការបំផុសគំនិតដ៏ពិសេស​ នៅពេលមកកាន់​ប្រទេស វៀតណាម។ គាត់និងវិចិត្រករវៀតណាម​មួយ​ចំនួន បាន​គូរគំនូរវាស ដើម្បីនិទាន អំពីការចងចាំ​នៃទីក្រុង​ ក្នុងប្រទេសវៀត​ណាម​ ប្រកបដោយពិតប្រាកដបំផុត។​

វិចិត្រករ Yehezkiel Cyndo (ប្រទេស​ឥណ្ឌូនេស៊ី) 

វិចិត្រករ Yehezkiel Cyndo បានជួបជាមួយមិត្តភក្តិ​នៃ​ក្រុម Heritage Art Space វៀត ណាម ដើម្បីចែករំលែកចំណេះដឹងនូវតំបន់ និងកម្មវិធីផ្លាស់ប្តូរទីស្នាក់​នៅ រវាងវិចិត្រករ សិល្បករ ធ្វើ​ការ ក្នុង​វ័យសិល្បៈ នៅទីក្រុង ហាណូយ និង ទីក្រុង Semarang ។ ដោយមានភាពឆាប់រហ័សនិងយល់ចិត្តគ្នា ពួក​គេ​បាន​រកឃើញ​​ចំណុចរួម ហើយ​បាន​ផ្តួចផ្តើម​ផ្នែក​មួយ​នៃគម្រោង​ "ផែនទី​សិល្បៈ​អាស៊ី​ ៖ រៀបរាប់នូវរឿង ​រវាងរដ្ឋធានី ហាណូយ និងទីក្រុង Semarang”  ដោយចំណង់ចំណូលចិត្ត និងភាពច្នៃប្រតិដ្ឋ  វិចិត្រក​រ Yehezkiel Cyndo បាន​​បង្កើត​​ទិន្នានុលេខ​ ដោយ​ការគូរគំនូរវាស ដែលត្រូវបានគេស្គាល់ថា ជាគំនូរវាសទីក្រុង ដើម្បីនិទានរឿង​រ៉ាវ​ តាម រយៈគូរគំនូរ ហើយ​បន្ថែម​ការកត់ចំណាំផ្ទាល់ខ្លួន ឬគូរកាលៈទេសៈមួយ ដូច្នេះហើយ​គំនូរ​វាសនីមួយៗ ក្លាយទៅជាការចងចាំដ៏រស់រវើក។ នៅឆ្នាំ ២០២៤ លោក Cyndo បានធ្វើ​ដំណើរទៅប្រទេសវៀតណាម និង​ប្រទេសម៉ាឡេស៊ី។ នៅឆ្នាំ ២០២៥ លោក Yehezkiel Cyndo បាន​បន្តដំណើររបស់​គាត់​ទៅកាន់រដ្ឋធានី ហាណូយ ដើម្បីគូរ​គំនូរវាសកាន់តែស៊ីជម្រៅ​ អំពីទេសភាពទីក្រុងនៃប្រទេសវៀតណាម។

យុវជន​មួយ​ចំនួន​ធំ​​បាន​មក​ស្តាប់​ការ​ចែករំលែក​របស់​វិចិត្រករ  Yehezkiel Cyndo។

នៅក្នុងសិក្ខាសាលា "​ការចង់​ចាំនៃទីក្រុង - និទាន​រឿងដោយ​គំនូរវាស"។ លោក Yehezkiel Cyndo បាន​ដាក់​តាំង postcard ជាច្រើន ដែលគូរផ្ទះរាប់រយខ្នង នៅកណ្តាលទីក្រុង Semarang ហើយនៅ​ក្បែរៗនោះ​គឺជា​ postcard ដែលគាត់បានគូរអំពី រដ្ឋធានី ហាណូយ។ ពីគំនូរវាសទាំង​នេះ​ សិក្ខាកាម​អាចប្រៀបធៀបទេសភាពទីក្រុងរវាងទីក្រុងទាំងពីរ ហើយជ្រើសរើសមធ្យោបាយគូរ​បរិបទ​ក្នុង​គំនូរ​ ប្រកបដោយភាពជាក់ស្តែង​ និងរស់រវើកបំផុត​ នៅពេលគូរទេសភាព នៅតាមដងផ្លូវ និងក្នុងចក្រតូចៗ ក្នុងរដ្ឋធានី ហាណូយ​។

សិក្ខាសាលារបស់វិចិត្រករ  Yehezkiel Cyndo មាន​ការអមដំណើរ​របស់វិចិត្រករ ង្វៀន​ វូហាយ​ (Nguyen Vu Hai)។ ក្នុងប៉ុន្មានឆ្នាំមកនេះ វិចិត្រករ ហាយ (Hai) បានរៀបចំដំណើរទេសចរណ៍ ​រួម​ផ្សំ​នឹង​សកម្មភាព​នានា ដែលជួយអ្នកចូលរួមធ្វើអន្តរកម្មផ្ទាល់ជាមួយទេសភាព ​​ជាពិសេសបំផុតនោះគឺ ស្លាក​ស្នាមនៃទន្លេ ព្រលឹង​នៃជីវភាព​នៅទីក្រុង ដែលជាដំណើរទេសចរណ៍ថ្មើរជើង តាម​ដងទន្លេ តូលិច (To Lich) និង​ឥទ្ធិពលរបស់ទន្លេនេះ ទៅលើការរចនារដ្ឋធានី ហាណូយ តាមពេលវេលា។ លោក ហាយ (Hai )​ បាននិយាយថា៖ គាត់ពិតជារំភើបណាស់​ ដែលបានធ្វើការជាមួយវិចិត្រករគូរគំនូរ Yehezkiel Cyndo  និង បានជ្រើសរើសទិសដៅ សម្រាប់វិចិត្រករ​រូបនេះមក ​និងទទួលបទពិសោធន៍។ 

Postcard គូរ​ផ្ទះ​រាប់រយ​ខ្នង ​នៅ​កណ្តាល​ទីក្រុង Semarang ដោយវិចិត្រករ Yehezkiel Cyndo ។

នៅខាងក្រោយនៃ​ផ្ទាំងគំនូរវាសនីមួយ ពិតជា​ងាយ យល់ ​របៀបគូរ​ដ៏សាមញ្ញ  ដែលគឺជារឿងរ៉ាវមួយ ដែលប៉ះពាល់ដល់បញ្ហាសង្គមបច្ចុប្បន្ន។ បណ្តាសំណង់ និងផ្ទះបុរាណ នៅក្នុងទីក្រុងនៃប្រទេស វៀតណាម ផ្លាស់ប្តូរជារៀងរាល់ថ្ងៃ​ និងអាចបាត់​ទៅ​ហើយយ៉ាងឆាប់រហ័ស។ ភារកិច្ចរបស់វិចិត្រករគឺ​គូរ និងពណ៌នាវា តាយរយៈទិន្នានុលេខដោយគំនូរ។

គំនូរវាសនៃវត្ត វត្ត ម៉ុត​កុត (Mot Cot ឬវត្តសសរមួយគត់)

គំនូរវាសវ៉ាន់មៀវ (Van Mieu)និងសិលាចារឹក។

លោក Yehezkiel Cyndo ចែករំលែក៖ គាត់ត្រូវតែចាប់យកកាលៈទេសៈទាំងនេះ ហើយគូរភ្លាមៗ ព្រោះផ្ទះនៅកណ្តាលទីក្រុង អាចរបាត់ទៅ ក្នុងរយៈពេលដ៏ខ្លី ដោយសារតែការផ្លាស់ប្តូរនៃទីក្រុង ក្នុងសហសម័យ។ គំនូរវាសគឺជារឿងរ៉ាវ ដែល​ដើរតាមលំហូរនៃពេលវេលា និ​ងតែងតែមានតម្លៃសង្គម មិនចំពោះប្រទេសណាមួយនោះទេ។ បន្ទាប់ពីរយៈពេលពីរសប្តាហ៍នៅរដ្ឋធានី ហាណូយ សៀវភៅ​ទិន្នានុលេខ របស់លោក Yehezkiel Cyndo កាន់តែក្រាស់ជាមួយនឹងគំនូរ​ជាច្រើន​អំពីទីក្រុងហាណូយ តាមរយៈទស្សនៈផ្សេងៗគ្នាជាច្រើន។

គំនូរវាសនៃវិហារកាតូលិកធំ - ហាណូយ។

គំនូរវាសធ្វើ​ធូប ​ក្វាង​ភូកូវ (Quang Phu Cau)

គំនូរមួយ​ផ្ទាំង​គូរដោយវិចិត្រករ Yehezkiel Cyndo ដែល​ប្រើប្រាស់​ពណ៌​សមស្របនឹងកេរដំណែលប្រវិត្តិសាស្ត្រ នៃរដ្ឋធានីហាណូយ

ប្រធានបទនៃគំនូរ​របស់ លោក Yehezkiel Cyndo គឺ៖ គំនូរសាច់ក្រកអាំង  រូបភាពហាងលក់នំប៉ាវ ហាង​ហ្វើ ហាណូយ (Ha Noi) គំនូរ​គូរម៉ូតូរបស់ប្រជាជន រូបភាពសត្វគួរឱ្យស្រឡាញ់ ដែលកុមារ វៀតណាមចូលចិត្តដូចជា ឆ្កែ ខ្លាឃ្មុំ ឆ្មា សេះ និងកេរដំណែលប្រវត្តិសាស្ត្រ ដូចជា ប្រាសាទ​ បាចម៉ា (Bach Ma), វត្ត ម៉ុត​កុត (Mot Cot ឬវត្ត សសរមួយគត់)  ឬនិងផ្ទះបុរាណ​ នៅផ្លូវ​ ឡាន​អុង (Lan Ong) ផ្លូវ​ ហាង​បួម (Hang Buom) ... អ្វីៗទាំងអស់ គឺជា​បណ្តា​រឿង​រ៉ាវ​ដ៏​ល្អ បាន​បង្ហាញ​តាមរយៈ​ស្នាម​គូរ។  

វិចិត្រករ​ Yehezkiel Cyndo គូរ​នៅ​ផ្លូវ ហាងបួម (Hang Buom)

លោក Yehezkiel Cyndo ធំឡើង នៅទីក្រុង Yogyakarta ។ កាលពីកុមារភាព  Cyndo ចូល​ចិត្ត​​សៀវភៅ​រឿងតុក្កតា និងតន្ត្រីបុរាណ។  យុវជនYehezkiel Cyndo បានសិក្សាផ្នែករចនាផលិតផលនៅទីក្រុង Yogyakarta ហើយក្លាយសមាជិកនៃ​ក្រុម​គូរ​គំនូរ​វាស Jogja ។ នៅទីនោះ លោក Cyndo បាន​ចាប់​ផ្តើមគូរ​កន្លែងពិត និងមនុស្សពិត ដោយគ្រាន់តែដៃ ភ្នែក និងបេះដូងរបស់គាត់ ដែល​បង្កើតប្រភេទទិន្នានុលេខ ដោយ​គំនូរ។ គាត់បានបោះពុម្ពសៀវភៅរូបភាពសម្រាប់កុមារចំនួនពីរក្បាល ដោយជោគជ័យនៅក្នុងប្រទេសឥណ្ឌូនេស៊ី៖ “Barton និង​ប៊ូតុងរបស់ មី (May) ” (២០១៧) & “Fugo និង ថូ​ផ្ទុក​ក្តី​សុបិន” (២០១៩)។ សៀវភៅដំបូងរបស់វិចិត្រករ Yehezkiel Cyndo បានមានវត្តមាន នៅក្នុងបណ្ណាល័យក្នុងប្រទេសជប៉ុន។

វិចិត្រករ​ Yehezkiel Cyndo ចែករំលែក​ជាមួយ​យុវជន​ បន្ទាប់ពី​បញ្ចប់ការគូរ​​នៅតំបន់ផ្លូវ​បុរាណ​ហាណូយ។

វិចិត្រករ​ Yehezkiel Cyndo ចែករំលែក​ជាមួយ​យុវជន​ បន្ទាប់ពី​បញ្ចប់ការគូរ​​នៅតំបន់ផ្លូវ​បុរាណ​ហាណូយ។

នៅឆ្នាំ ២០២១ វិចិត្រករ Cyndo បាន​រស់នៅទីក្រុង Semarang ។ នៅទីនោះ គាត់បានចាប់ផ្តើមគម្រោងដ៏ធំមួយ ដែលគូរឡើងវិញនូវ​សំណង់ចំនួន ១០០ នៅ​ផ្លូវ Chinatown ក្នុងទីក្រុង Semarang ដោយព្យាយាមរក្សាភាពស្រស់ស្អាត របស់​ផ្លូវ​នោះ មុន​ពេលភាព​ស្រស់នោះបាត់បង់ទៅ។ គាត់ក៏បានគូរ​គំនូរ​លើផ្ទាំងគំនូរ នៅតាមតំបន់ជុំវិញ ដើម្បីរំលឹកប្រជាជនថា វប្បធម៌ និងរឿងរ៉ាវដែលភ្ជាប់មកជាមួយសំណង់ទាំងនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។ វិចិត្រករCyndo សង្ឃឹម​ថា ​នឹង​ចែក​រំលែក​រឿង​រ៉ាវ​អំពី​ជីវិត ​និង​ក្តី​សុបិន​ របស់​ប្រជាជនទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​រឿងរ៉ាវ​នីមួយៗ ​គឺ​ជា​គំនូរមួយ​ផ្ទាំង។

ទោះបីជាការស្នាក់នៅ ក្នុងប្រទេសវៀតណាម មិនយូរប៉ុន្មានក៏ដោយ ប៉ុន្តែក្ដីបេ្ដជ្ញាចិត្តរបស់គាត់ចំពោះ គំនូរវាសទីក្រុង ត្រូវបានអ្នក​គ្រប់​គ្នាទទួលស្គាល់ និងស្រលាញ់រាប់អាន ។ គាត់​បាន​ និង​កំពុងរក្សា​ទុក​អនុស្សាវរីយ៍ ការចងចាំនូវ​​ទីក្រុង​វៀតណាម ​នា​ពេល​បច្ចុប្បន្ន​នេះ ​តាម​វិធី​សាមញ្ញ​បំផុត ​ដោយ​ទឹក​ចិត្ត​តែមួយ៖ គូរ​ ដើម្បី​ស្រឡាញ់ និង​ស្វែងយល់​ពី​ប្រទេស​វៀត​ណាម​កាន់​តែ​ច្រើន​ថែម​ទៀត៕

 

អត្ថបទ៖ វ៉ឹន​ត្រឹន រូបថត៖ ត្រឹន​ ថាញ​យ៉ាង / VNP  ប្រែសម្រួល​ដោយង្វៀន​យ៉ាង


top