ខេត្ត ប៊ិញយឿង (Binh Duong) ទទួលបានអំណោយផលពីធម្មជាតិ មានប្រភពដីឥដ្ឋ និងដីឥដ្ឋសជាសម្បូរ៍ដែលស័ក្តិសមបំផុតសម្រាប់ការធ្វើគ្រឿងកុលាលភាជន៍។
ផលិតផលពិសេសមួយចំនួនរបស់ភូមិសិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu)។
ខេត្ត ប៊ិញយឿង (Binh Duong) ទទួលបានអំណោយផលពីធម្មជាតិ មានប្រភពដីឥដ្ឋ និងដីឥដ្ឋសជាសម្បូរ៍ដែលស័ក្តិសមបំផុតសម្រាប់ការធ្វើគ្រឿងកុលាលភាជន៍។ ក្នុងចំណោមភូមិសិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ ក្នុងខេត្ត ប៊ិញយឿង (Binh Duong) ភូមិសិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) មានភាពល្បីល្បាញក្នុងប្រទេស និងក្រៅប្រទេស ដោយសារភាពសាមញ្ញ និងពោរពេញដោយភាពផ្ចិតផ្ចង់ និងលក្ខណៈពិសេសនៃតំបន់ណាមបូ ។
គ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានចាប់ផ្តើមបង្កើតនៅប្រហែលឆ្នាំ ១៨៦០ ឆ្លងកាត់រយៈកាលអភិវឌ្ឍជាង ១៥០ ឆ្នាំ គ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានល្បីល្បាញគ្រប់ទិសទី ហើយបានក្លាយជាមជ្ឈមណ្ឌលធ្វើគ្រឿងកុលាលភាជន៍មួយ នៅណាមបូ ។ មិនដូចភូមិគ្រឿងកុលាលភាជន៍ផ្សេងទៀតទេ គ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) យកចិត្តទុកដាក់លើការផលិតគ្រឿងកុលាលភាជន៍ប្រើប្រាស់ក្នុងផ្ទះ និងផលិតផលដែលធ្លាប់ប្រើក្នុងជីវភាពប្រចាំថ្ងៃ។
ស្រស់ស្អាតផង ងាយស្រួលក្នុងការប្រើប្រាស់ផង បានជាគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានទទួលការពេញនិយមយ៉ាងឆាប់រហ័សពីអ្នកប្រើប្រាស់។ ដោយការផលិតផលិតផលប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដូច្នេះតាំងពីដំណាក់កាលបង្កើតគំនិត ដល់ការច្នៃធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានរួមបញ្ចូលគ្នានូវតម្រូវការប្រើប្រាស់ និងសោភណភា ក្នុងការផលិតគ្រឿងកុលាលភាជន៍ដ៏សាមញ្ញ។ ភាពចម្រុះនៃប្រភេទផលិតផល រូបរាង គូរប្លង់ និ រចនាតុបតែងគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានបំពាក់លក្ខណៈវិចិត្រសិល្បៈផង និងបំពាក់លក្ខណៈប្រជាប្រិយផង ដែលបានបង្កើតជាលក្ខណៈពិសេសនៃគ្រឿងកុលាលភាជន៍ជនបទនេះ។
ជាមួយនឹងគោលបំណងនាំយកនូវសោភណភាពប្រពៃណីបញ្ចូលក្នុងជីវិតសម័យទំនើប បានជាគ្រឿងកុលាលភាជន៍មួយៗត្រូវបានសម្រិតសម្រាំងយ៉ាងហ្មត់ចត់ដោយដៃដ៏ប៉ិនប្រសប់របស់សិប្បករ។ ក្បាច់រចនាលើគ្រឿងកុលាលភាជន៍ត្រូវបានបំផុសគំនិតពីជីវិភាពក្នុងតំបន់ជនបទ ស្នាដៃវិចិត្រសិល្បៈ ឬរូបគំនូរចម្លាក់នៅវត្ត ប្រាសាទ ដូចជា គំនូរអណ្ដែត ចម្លាក់នាគលើស្លឹកជ្រៃ ទេពអប្សរ ... ស្នាមចម្លាក់លិច អណ្ដែតនៃពពកវេហាស៍ ភ្ញីផ្កា ហាក់ដូចជារីកដុះដាលលើគ្រឿងកុលាលភាជន៍ដ៏ស្រស់ស្អាត។
ទន្ទឹមនឹងនោះ មានគ្រួសារជាច្រើននៅ ឡៃថៀវ (Lai Thieu) ដែលបន្តប្រកបមុខរបរនេះពី ៤ ទៅ ៥ ជំនាន់ ដែលបានជីដូនជីតាបន្សល់ទុកឲ្យកូនចៅៗ ជំនាន់ក្រោយ គេស្វិតស្វាញ់ជាមួយរបរប្រពៃណី ជាមួយជីវិត និងថ្វីដៃដូនតាគេបន្សល់មក។ បន្ទាប់ពីយកចេញពីឡដុត ផលិតផលកុលាលភាជន៍ ឡៃថៀវ (Lai Thieu) ដែលត្រចះត្រចង់បំផុតនឹងត្រូវបានពាណិជ្ជករដណ្ដើមគ្នាប្រមូលទិញ ដើម្បីបញ្ជូនទៅលក់នៅក្នុងខេត្ត ទីក្រុងនានា លើសពីនោះនៅទាំងបាននាំចេញទៅលក់នៅប្រទេសឡាវ ឥណ្ឌូនេស៊ី ហ្វីលីពីន។ល។ ទៀតផង។ ផលិតផលនៅទីនេះមានវត្តមាននៅក្នុងគ្រប់សកម្មភាពគ្រួសារ ពីក្នុងផ្ទះ ចេញដល់សួនច្បារ រហូតដល់ទីសក្ការៈបូជាជីដូនជីតាតា ពីផ្ទះបាយទៅហាងលក់ភេសជ្ជៈ ជុំវិញភូមិភាគទូទាំងតំបន់ប្រជាជន នៃតំបន់ណាមបូ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដំណើរការនគរូបនីយកម្មបានធ្វើឱ្យអ្នកភូមិរបសធ្វើគ្រឿងកុលាលភាជន៍ជាច្រើនត្រូវទៅធ្វើការជាកម្មករក្នុងរោងចក្រ ឬលក់ដូរ ដើម្បីលើកកម្ពស់ជីវភាពរស់នៅកាន់តែមានស្ថេរភាព ដូច្នេះហើយ មុខរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) ក៏សាបសូន្យជាបណ្តើរៗ។ ទោះជាយ៉ាងនេះក្តី សំណាងហើយ ដោយនៅតែមានប្រជាពលរដ្ឋ និងគ្រួសារមួយចំនួន ដែលស្រលាញ់មុខរបរនេះ ថែមទាំង ពួកគេបានខិតខំប្រឹងប្រែង ស្តារឡើងវិញនូវភូមិសិប្បកម្មប្រពៃណីនេះ។ អាស្រ័យហេតុនេះ បច្ចុប្បន្ននេះនៅភូមិ ឡៃថៀវ (Lai Thieu) នៅតែមានគ្រួសារខ្លះនៅបន្តផលិតនៅផលិតផលគោលៗ ដូចជា ជ្រូកដី ផើង ថូផ្កាពីរបីប្រភេទ ចាន... ហើយទន្ទឹងរង់ចាំថ្ងៃណាមួយមុខរបរ «ដៃប្រឡាក់ភក់» នឹងឆ្ពោះទៅរកភាពរុងរឿងឡើងវិញ។
ដោយឆ្លងកាត់ការវិវត្តជាច្រើនជំនាន់ មុខរបរធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) នៅតែរក្សាបាននូវសោភណភាពបែបប្រពៃណី រក្សាបានភាពពិសេសរបស់ខ្លួន ក្នុងដំណើរការថិតថេរ អភិវឌ្ឍន៍ រហូតមកដល់សព្វថ្ងៃនេះ។ ដោយមានលក្ខណៈពិសេសផ្ទាល់ខ្លួន សិប្បកម្មធ្វើគ្រឿងកុលាលភាជន៍ ឡៃថៀវ (Lai Thieu) បានបង្កើតជាកិត្តនាមល្បីល្បាញរបស់ភូមិសិប្បកម្មមួយនៅតំបន់ណាមបូ ដែលជាភូមិសិប្បកម្មដ៏មានកិត្យានុភាពល្បីល្បាញពីបុរាណ ប៉ុន្តែនៅតែរក្សាកេរ្តិ៍ឈ្មោះដដែលរហូតមកដល់បច្ចុប្បន្ន។
អត្ថបទ និងរូបថត៖ ថុងហាយ/កាសែតរូបភាពវៀតណាម
ប្រែសម្រួលដោយង្វៀនយ៉ាង