ព័ត៌មាន

លោក​អគ្គលេខា​បក្ស តូ ឡឹម៖ បក្ស និងរដ្ឋនឹងបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់គោលនយោបាយអភិវឌ្ឍន៍មនុស្ស

ក្នុងឱកាសខួបលើកទី ៩៦ ទិវាបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២៦ នៅព្រឹកថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្នាក់ការមជ្ឈិមបក្ស (ហាណូយ) ការិយាល័យនយោបាយ និងគណៈលេខា បានជួបជាមួយអតីតសមាជិកគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិមុនៗ។ អញ្ជើញចូលរួមមាន លោកអគ្គលេខាបក្ស តូ ឡឹម លោកប្រធានរដ្ឋ លឿង គឿង លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ លោកប្រធានរដ្ឋសភា ត្រឹន ថាញ់មិន និងសមាជិកអចិន្ត្រៃយ៍នៃគណៈលេខាលោក ត្រឹន កឹមទូ។

ទិដ្ឋភាពនៃជំនួប។ រូបថត៖ VNA

ថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនដំណឹងទូទៅអំពី សមិទ្ធផលលេចធ្លោរបស់ប្រទេសលើគ្រប់វិស័យ និងបានបញ្ជាក់ថា បន្ទាប់ពីមហាសន្និបាតលើកទី ១៤ ភារកិច្ចសំខាន់ៗជាបន្តបន្ទាប់ក្នុងការកសាងបក្ស នឹងត្រូវបានអនុវត្តដោយសមកាលកម្ម។

អគ្គលេខាបក្សលោក តូ ឡឹម។ រូបថត៖ VOV

“មហាសន្និបាតលើកទី ១៤ របស់បក្ស បានប្តេជ្ញាសម្រេចបានគោលដៅ ១០០ឆ្នាំចំនួន២ របស់ប្រទេសជាតិ។ ដើម្បីធ្វើឱ្យប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍន៍ និងមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ យើងត្រូវតែខិតខំសម្រេចឲ្យបានកំណើនពីរខ្ទង់ជាបន្តបន្ទាប់ក្នុងដំណាក់កាលខាងមុខ។ នេះគឺជាគោលដៅដ៏លំបាកមួយ ប៉ុន្តែក៏ជាតម្រូវការសត្យានុម័ត និងជារង្វាស់នៃប្ញទ្ធានុភាព ឆន្ទៈ និងសេចក្តីប្រាថ្នាអភិវឌ្ឍរបស់ប្រជាជាតិ។ យើងបានកំណត់ថា កំណើនយ៉ាងឆាប់រហ័សប៉ុន្តែត្រូវមាននិរន្តរភាព ដោយផ្អែកលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច លើកកម្ពស់ផលិតភាព គុណភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ច។ ដើម្បីសម្រេចបាននូវគោលដៅនេះ យើងត្រូវមានភាពទម្លុះទំលាយយ៉ាងខ្លាំងក្លា អំពីស្ថាប័ន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងកែលម្អគុណភាពធនធានមនុស្ស; ដោះសោធនធានទាំងអស់នៅក្នុងសង្គម និងប្រែក្លាយសេចក្តីប្រាថ្នាទៅជាសកម្មភាព ដោយប្រែក្លាយការប្តេជ្ញាចិត្តខាងនយោបាយទៅជាលទ្ធផលជាក់ស្តែង។ ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ យើងត្រូវចាត់វិធានការភ្លាមៗ”។

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា នាពេលខាងមុខ បក្ស និងរដ្ឋនឹងបន្តផ្តល់អាទិភាពខ្ពស់បំផុតដល់គោលនយោបាយអភិវឌ្ឍន៍មនុស្ស ដោយធានាថាប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍ពីការអភិវឌ្ឍ; អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈអភិវឌ្ឍន៍ដ៏ទូលំទូលាយ និងបរិយាប័ន្ន ក្នុងស្មារតី "មិនទុកចោលនរណាម្នាក់នៅពីក្រោយឡើយ"៕


top