ព័ត៌មាន

លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា

ក្នុងឱកាសចូលរួម និងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា កាលពីថ្ងៃទី ២៥ ខែកញ្ញា នៅទីក្រុង Ottawa អគ្គ​លេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកាណាដា ហើយបានសង្កត់ធ្ងន់លើតួនាទីនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ចូលរួមកិច្ចសន្ទនាធុរកិច្ចជាន់ខ្ពស់វៀតណាម-កាណាដា។ រូបថត៖ VNA

លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចាត់ទុកថា ភាគីទាំងពីរអាចកំណត់គោលដៅទំហំពាណិជ្ជកម្មពី ១៤ ដល់ ១៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០​។

លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើថា ប្រទេសទាំងពីរគួរតែទាញយកអត្ថប្រយោជន៍ពី CPTPP ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមូលធន បច្ចេកវិទ្យា ខ្សែសង្វាក់ផ្គត់ផ្គង់ និងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបង្កើនការវិនិយោគលើវិស័យបច្ចេកវិទ្យាខ្ពស់ ការស្រាវជ្រាវ​ - អភិវឌ្ឍន៍ និង​លើក​កម្ពស់ផលិតភាព​ការងារ​។ វៀតណាម​ប្តេជ្ញាបន្ត​​កែលម្អបរិយាកាសវិនិយោគ ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វិនិយោគិន និងដោះស្រាយឧបសគ្គ​ដោយទាន់ពេលវេលា។ លោកអគ្គ​លេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់ថា៖

"វៀតណាមមិនត្រឹមតែស្វែងរកវិនិយោគិនសម្រាប់គម្រោងដែលមានស្រាប់នោះទេ។ យើងកំពុងស្វែងរកដៃគូដែលអាចរួម​ជាមួយវៀតណាមក្នុងការកសាងគម្រោងល្អគ្រប់គ្រាន់ ដើម្បីទាក់ទាញការវិនិយោគនិងដើមទុនរយៈពេលវែង។ ទន្ទឹមនឹងនោះ ខ្ញុំមានបំណង​ចង់ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងវិស័យ​បច្ចេកវិទ្យាខ្ពស់​។ យើងលើកទឹកចិត្ត​សហគ្រាសកាណាដាឱ្យវិនិយោគមិនត្រឹមតែលើទ្រព្យសម្បត្តិជាក់ស្តែងប៉ុណ្ណោះទេ ថែមទាំងលើបច្ចេកវិទ្យា ការស្រាវជ្រាវអភិវឌ្ឍន៍ ទិន្នន័យ ដំណោះស្រាយឌីជីថល បច្ចេកវិទ្យាស្អាត និងឧស្សាហកម្មដែលអាចបង្កើនផលិតភាព​​សេដ្ឋកិច្ចទៀត​ផង។ គោលដៅចុងក្រោយ​គឺមិន​គ្រាន់តែមានគម្រោង ឬរោងចក្រមួយផ្សេង​ទៀតនោះទេ។ គោលដៅខ្ពស់ជាងនេះ គឺបង្កើតសមត្ថភាពអភិវឌ្ឍន៍ថ្មីសម្រាប់វៀតណាម"៕


top