លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ពិភាក្សាជាមួយសិក្ខាកាមក្នុងកម្មវិធីបំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ រូបថត៖ VNA
នាព្រឹកថ្ងៃទី១៤ ខែកញ្ញា នៅបណ្ឌិតសភានយោបាយជាតិហូជីមិញ (ទីក្រុងហាណូយ) លោកសាស្ត្រាចារ្យ បណ្ឌិត តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអញ្ជើញឧទ្ទេសនិងពិភាក្សាលើប្រធានបទ “ការដឹកនាំយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី៖ ចក្ខុវិស័យមួយរយឆ្នាំ – ផ្នត់គំនិតទម្លុះទម្លាយ – ស្ថាបនាការអភិវឌ្ឍ – គ្រប់គ្រងការអនុវត្ត” ជាមួយសិក្ខាកាមដែលកំពុងចូលរួមកម្មវិធីបំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី១៤ (ថ្នាក់ទី២)។
ប្រធានបទមេរៀនផ្តោតលើសសរស្តម្ភចំនួន៤៖ ចក្ខុវិស័យមួយរយឆ្នាំ – ផ្នត់គំនិតទម្លុះទម្លាយ – ស្ថាបនាការអភិវឌ្ឍ – គ្រប់គ្រងការអនុវត្ត។ ចរន្តសកម្មភាព៖ យល់ដឹងត្រឹមត្រូវ – ចក្ខុវិស័យវែងឆ្ងាយ – ជ្រើសរើសត្រឹមត្រូវ – បង្កើតលក្ខខណ្ឌគ្រប់គ្រាន់ – រៀបចំការអនុវត្ត – ត្រួតពិនិត្យនិងកែតម្រូវ។
ដោយសង្កត់ធ្ងន់លើខ្លឹមសារអំពីយុគសម័យថ្មី និងតម្រូវការក្នុងការរក្សាស្ថិរភាពយ៉ាងរឹងមាំនិងជំរុញការអភិវឌ្ឍនៅចំពោះមុខការប្រែប្រួល លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានបញ្ជាក់យ៉ាងច្បាស់ថា ចំណុចថ្មីដ៏លេចធ្លោក្នុងផ្នត់គំនិតអភិវឌ្ឍន៍នោះ គឺការដាក់ការអភិវឌ្ឍ ស្ថិរភាព និងការការពារមាតុភូមិនៅក្នុងធ្លុងឯកភាពតែមួយ។ ការអភិវឌ្ឍបង្កើតធនធានសម្រាប់ស្ថិរភាព; ស្ថិរភាពបង្កើតបរិយាកាសសម្រាប់បន្តច្នៃប្រឌិត និងអភិវឌ្ឍន៍; ការការពារមាតុភូមិត្រូវតែមានភាពម្ចាស់ការតាំងពីដំបូងទី ពីចម្ងាយ និងក្នុងដំណើរការអភិវឌ្ឍន៍តែម្ដង។ ស្វ័យភាពយុទ្ធសាស្ត្រមិនមែនជាការដាក់ខ្លួនឯងនៅឯកោនោះទេ ប៉ុន្តែជាការបង្កើនសមត្ថភាពសម្រេចចិត្តដោយខ្លួនឯង ភាពខ្លួនទីពឹងខ្លួន និងសមត្ថភាពសម្របខ្លួន; ព្រមទាំងពង្រីកកម្លាំងផ្ទៃក្នុង ធ្វើសមាហរណកម្មយ៉ាងសកម្ម និងរួមបញ្ចូលគ្នាកម្លាំងជាតិជាមួយនឹងកម្លាំងនៃសម័យកាល។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ពិភាក្សាជាមួយសិក្ខាកាមក្នុងកម្មវិធីបំពេញបន្ថែមនិងធ្វើបច្ចុប្បន្នភាពចំណេះដឹងសម្រាប់សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៤។ រូបថត៖ VNA
តាមរយៈខ្លឹមសារដែលត្រូវបានលើកយកមកពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់លើសារសំខាន់ៗចំនួនប្រាំ រួមមាន៖ ចក្ខុវិស័យរយៈពេលវែងត្រូវតែតំរង់ទិសការសម្រេចចិត្តនាពេលបច្ចុប្បន្ន; ស្ថិរភាពនិងការអភិវឌ្ឍត្រូវតែពង្រឹងឲ្យគ្នាទៅវិញទៅមក; របកគំហើញចាប់ផ្តើមដោយជម្រើសត្រឹមត្រូវ; ការស្ថាបនាការអភិវឌ្ឍត្រូវតែដោះសោធនធាន និងភាពច្នៃប្រឌិតរបស់សង្គមទាំងមូល; ហើយប្រសិទ្ធភាពនៃការគ្រប់គ្រងការអនុវត្ត នឹងផ្ទៀងផ្ទាត់សមត្ថភាពដឹកនាំ។
បញ្ចប់ការពិភាក្សា លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា សេចក្តីប្រាថ្នាដ៏ធំត្រូវតែសម្រេចឲ្យបានតាមរយៈចក្ខុវិស័យត្រឹមត្រូវ គោលនយោបាយដែលមានមូលដ្ឋានគ្រឹះ និងសកម្មភាពដែលមានទំនួលខុសត្រូវ៕