កាលពីរសៀលថ្ងៃទី ៧ ខែកញ្ញា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដែលដឹកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងទីក្រុងមូស្គូ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែកញ្ញា តាមការអញ្ជើញរបស់ប្រធានាធិបតីសហព័ន្ធរុស្ស៊ីលោក Vladimir Putin។
បន្ទាប់ពីមកដល់ទីក្រុងមូស្គូ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានទទួលជួបជាមួយប្រធានគណបក្សកុម្មុយនិស្តរុស្ស៊ី លោក Gennady Ziuganov។ នៅទីនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យបក្សកុម្មុយនិស្តវៀតណាមនិងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ីបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីការពង្រីក និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងបក្សទាំងពីរ; គាំទ្រយ៉ាងសកម្មចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការមហាជននៃបក្សទាំងពីរ ដោយយកចិត្តទុកដាក់ខ្ពស់ដល់សម្ព័ន្ធយុវជន។ រីឯខ្លួនវិញ ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក Gennady Zyuganov បានសង្កត់ធ្ងន់ថា ភាគីទាំងពីរបន្តជំរុញ និងធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ រួមចំណែកដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។ (រូបថត៖ VNA)
នារសៀលថ្ងៃដដែល ថ្លែងនៅក្នុងជំនួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតនិងសហគមន៍ជន វៀតណាមនៅសហព័ន្ធរុស្ស៊ី អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បានមានប្រសាសន៍ថា៖
“ថ្មីៗនេះ គណៈកម្មាធិការមជ្ឈិមបក្ស ការិយាល័យនយោបាយ និងគណៈលេខា បានចេញសេចក្តីសម្រេចចិត្ត និងគោលនយោបាយជាច្រើន ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងអំពាវនាវឱ្យមានការស្រុះចិត្តគំនិតពីប្រព័ន្ធនយោបាយទាំងមូល ប្រជាជនទាំងមូល ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។ សេចក្តីសម្រេចចិត្តស្តីពីគំរូអភិវឌ្ឍន៍របស់វៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខយ៉ាងដូចម្ដ៉េច; ចក្ខុវិស័យរហូតដល់មួយរយឆ្នាំក្រោយមក មិនមែនគ្រាន់តែរហូតដល់ឆ្នាំ ២០៤៥ នោះទេ។ តើមានរបៀបអភិវឌ្ឍន៍អ្វីខ្លះ គំរូអ្វីខ្លះ របៀបពឹងផ្អែកលើវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា របៀបធ្វើសមាហរណកម្មអន្តរជាតិ និងរបៀបអភិវឌ្ឍវិស័យនានាយ៉ាងដូចម្ដ៉េច។ ទាំងអស់សុទ្ធតែកំណត់គោលដៅជាក់លាក់រួចហើយ។ ពីមុន ការអភិវឌ្ឍរបស់យើងពឹងផ្អែកលើកម្លាំងពលកម្មថោក និងការធ្វើអាជីវកម្មធនធាន ដែលមិនអាចបំពេញតម្រូវការអភិវឌ្ឍន៍នៃដំណាក់កាលថ្មីបានទេ។ ដូច្នេះ យើងត្រូវតែគិតគូរ ផ្លាស់ប្ដូរថ្មី និងរកឲ្យបាននូវទិសដៅត្រឹមត្រូវសម្រាប់ការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលខាងមុខ”។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសម្តែងគោលបំណងថា អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងបញ្ញវន្តវៀតណាមនៅសហព័ន្ធរុស្ស៊ី បន្តពង្រីកស្មារតីច្នៃប្រឌិត ឫទ្ធានុភាព និងការទទួលខុសត្រូវ ដោយដើរតួនាទីជាកម្លាំងនាំមុខគេក្នុងការតភ្ជាប់ចំណេះដឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងគំនិតផ្តួចផ្តើមសហប្រតិបត្តិការថ្មីៗ។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើឱ្យស្ថាប័នតំណាងវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងដែលសម្រេចបានដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ; បន្តយកចិត្តទុកដាក់ និងជួយគាំទ្រសកម្មភាពរបស់បងប្អូនជនរួមជាតិវៀតណាម និងអង្គការសមាគមន៍នានា ក៏ដូចជាបំពេញការងារការពារពលរដ្ឋវៀតណាមឲ្យកាន់តែល្អជាងមុនផងដែរ៕