ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋសិង្ហបុរី និងថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងកិច្ចសន្ទនា Shangri-La លើកទី ២៣ នៅព្រឹកថ្ងៃទី ៣០ ខែឧសភា (ម៉ោងក្នុងស្រុក) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានចូលរួមពិធីដាំដើមឈើនៅសួនរុក្ខជាតិសិង្ហបុរី។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ទៅទស្សនារោងចក្រគំរូសម្រាប់បច្ចេកវិទ្យាជឿនលឿន(A*Star Model Factory) របស់សិង្ហបុរី។ រូបថត៖ Thong Nhat/VNA
នៅទីនោះ បន្ទាប់ពីស្តាប់ថ្នាក់ដឹកនាំនៃសួនរុក្ខជាតិសិង្ហបុរីឧទ្ទេសនាមអំពីតំបន់ដាំដើមឈើ និងប្រភេទដើមឈើ Hopea recopei ក៏ដូចជាដំណើរការដាំដុះ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានធ្វើពិធីដាំដើមឈើនៅចំពោះមុខប្រតិភូនៃប្រទេសទាំងពីរ។
នៅព្រឹកថ្ងៃដដែល ដោយបានទៅទស្សនារោងចក្រគំរូសម្រាប់បច្ចេកវិទ្យាជឿនលឿន(A*Star Model Factory) របស់សិង្ហបុរី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសង្កត់ធ្ងន់ថា សិង្ហបុរីគឺជាដៃគូសំខាន់មួយដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ ហើយជឿជាក់ថា កិច្ចសហប្រតិបត្តិការវៀតណាម-សិង្ហបុរីក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ស៊ីមីកុងដុកទ័រ ការផលិតឆ្លាតវៃ នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សបច្ចេកវិទ្យាខ្ពស់នឹងបន្តអភិវឌ្ឍយ៉ាងខ្លាំងនៅពេលខាងមុខ។
ដោយទៅទស្សនាមជ្ឈមណ្ឌលសាកល្បងផ្លូវដែកសិង្ហបុរី លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានវាយតម្លៃថា នេះជាគំរូដ៏ល្អសម្រាប់វៀតណាមក្នុងបរិបទដែលខ្សែរថភ្លើងក្រុងជាច្រើននៅវៀតណាមកំពុងនិងជិតដំណើរការ។ លោកបានសង្កត់ធ្ងន់ថា វៀតណាមអាចដកមេរៀនបទពិសោធន៍ពីការបណ្តុះបណ្តាលវិស្វករក្នុងស្រុកដែលមានសមត្ថភាពដំឡើង សាកល្បង និងជួសជុលបច្ចេកវិទ្យាស្នូលដោយខ្លួនឯង; របៀបអនុវត្តការផ្លាស់ប្តូរឌីជីថលទៅក្នុងដំណើរការថែទាំ ដែលជួយកាត់បន្ថយការចំណាយ៕