បន្តដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃទី ២៧ ខែឧសភា នៅទីក្រុងបាងកក (ថៃ) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយលោក Thapana Sirivadhanabhakdi ប្រធានប្រតិបត្តិនៃ TCC Group និងជានាយកប្រតិបត្តិនៃ ThaiBev Group (ថៃ)។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានទទួលជួបជាមួយលោក Thapana Sirivadhanabhakdi ប្រធានប្រតិបត្តិនៃ TCC Group និងជានាយកប្រតិបត្តិនៃ ThaiBev Group (ថៃ)។រូបថត៖ VNA
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានឲ្យដឹងថា វៀតណាមកំពុងកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ដោយផ្តល់អាទិភាពដល់ការទាក់ទាញគម្រោងដែលមានគុណភាពខ្ពស់ ជាមួយនឹងខ្លឹមសារវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ការគ្រប់គ្រងទំនើប និងមានទំនាក់ទំនងល្អជាមួយអាជីវកម្មក្នុងស្រុក។ លោកបានស្នើឱ្យ TCC Group គាំទ្រសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដោយរួមចំណែកជាវិជ្ជមានដល់ការតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ក៏ដូចជាបណ្តាប្រទេសអាស៊ាន។
ដោយទទួលស្គាល់សកម្មភាពវិនិយោគនិងអាជីវកម្មរបស់ TCC Group នៅវៀតណាមនាពេលកន្លងទៅ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានលើកទឹកចិត្ត TCC Group ឱ្យបន្តវិនិយោគនិងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មនៅវៀតណាម ដោយផ្តោតលើការកែលម្អសមត្ថភាពគ្រប់គ្រង ការលើកកម្ពស់ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការការពារបរិស្ថាន និងការចូលរួមចំណែកជាវិជ្ជមានដល់សហគមន៍ក្នុងតំបន់។
រីឯខ្លួនវិញ នាយកប្រតិបត្តិ TCC Group បានសម្តែងបំណងចង់ឱ្យវៀតណាមបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពវិនិយោគ និងអាជីវកម្មរបស់ក្រុមហ៊ុននៅវៀតណាម ហើយបានសង្កត់ធ្ងន់ថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ TCC Group កំពុងស្រាវជ្រាវលទ្ធភាពនៃការចាប់ផ្តើមសកម្មភាពអាជីវកម្មបន្ថែមនៅក្នុងវិស័យឡូជីស្ទិក ការកែច្នៃឡើងវិញ និងវិស័យផ្សេងៗទៀត៕