ក្នុងបរិយាកាសអំណរបក្ស អំណរនិទាឃរដូវ និងទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ មមី អដ្ឋស័ក ២០២៦ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ (ពោលគឺថ្ងៃទី២៩ ខែកត្តិក ឆ្នាំម្សាញ់) អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានទៅអុជធូបដើម្បីបង្ហាញពីការគោរពវិញ្ញណក្ខន្ធនិងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះបុព្វការីជនដែលមានគុណូបការៈចំពោះប្រទេសជាតិនៅតំបន់កេរ្តិ៍ដំណែលព្រះបរមរាជវាំងថាំងឡុង - ហាណូយ។
លោកអគ្គលេខាបក្សតូ ឡឹម ទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧។ (រូបថត៖ VOV)
លោកអគ្គលេខាបក្សតូ ឡឹម បានអធិស្ឋានសុំបុព្វការីជនប្រទានពរឲ្យប្រទេសជាតិមានសន្តិភាព និងវិបុលភាព ប្រជាជនមានជីវភាពសម្បូរធូធារ និងសុភមង្គល។
នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្សតូ ឡឹម បានទៅអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ (តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ក្នុងវិមានប្រធានរដ្ឋ)។ ជាកន្លែងដែលលោកប្រធានហូជីមិញបានទទួលមរណភាព ផ្ទះលេខ៦៧ នៅតែថែរក្សាវត្ថុអនុស្សាវរីយ៍ជាច្រើនដែលផ្សាភ្ជាប់នឹងជីវិត និងអាជីពរបស់លោកប្រធាន។
ដោយកត់សម្គាល់ និងលើកសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែលដែលបានបំពេញយ៉ាងល្អនូវភារកិច្ចអភិរក្ស និងការពារឯកសារ និងវត្ថុអនុស្សាវរីយ៍ដ៏មានតម្លៃអំពីជីវិត និងអាជីពបដិវត្តន៍របស់លោកប្រធានហូជីមិញនោះ លោកអគ្គលេខាបក្សតូ ឡឹម បានក្រើនរំលឹកកម្មាភិបាល និងបុគ្គលិកនៃតំបន់កេរ្តិ៍ដំណែល ឲ្យបំពេញការងារកាន់តែប្រសើរឡើង ដោយបន្តខិតខំប្រឹងប្រែងថែរក្សាវត្ថុអនុស្សាវរីយ៍និងឯកសារអំពីលោកប្រធានហូជីមិញ ព្រមទាំងណែនាំដល់សាធារណជន ក៏ដូចជាមិត្តភក្តិ ភ្ញៀវទេសចរអន្តរជាតិ ដើម្បីឱ្យពួកគេអាចយល់ដឹងកាន់តែស៊ីជម្រៅអំពីជីវិត និងអាជីពរបស់លោកប្រធានហូជីមិញផងដែរ៕