ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញទទួលជួបប្រធានសភាជាន់ទាបម៉ាឡេស៊ី

លោកអគ្គលេខាបក្សបានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងសម្របសម្រួលលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; សម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក តាមទិសដៅតុល្យភាពនៅឆ្នាំ ២០២៥។
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin Abdul។ (រូបថត៖ VOV)

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ) អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម បានអញ្ជើញទទួលជួបជាមួយប្រធានសភាជាន់ទាបម៉ាឡេស៊ី លោក Tan Sri Dato' Johari bin Abdul ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២២ តុលា ដល់ថ្ងៃទី ២៥ តុលា។ នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើររវាងវៀតណាម និងម៉ាឡេស៊ី។ លោកអគ្គលេខាបក្សបានស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរ និងការជួបប្រាស្រ័យជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ដើម្បីពង្រឹងការជឿទុកចិត្តផ្នែកនយោបាយ និងសម្របសម្រួលលើបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា; សម្រួលដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិក តាមទិសដៅតុល្យភាពនៅឆ្នាំ ២០២៥។ លោកអគ្គលេខាបក្សបានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនម៉ាឡេស៊ី ក៏ដូចជាលើកទឹកចិត្តសហគ្រាសវៀតណាមទៅបណ្តាក់ទុននៅម៉ាឡេស៊ី ជាពិសេសលើវិស័យនានាដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចជា បច្ចេកវិទ្យាថ្មី ការធ្វើបរិវត្តកម្មឌីជីថល ថាមពលស្អាត; ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ-សន្តិសុខ។

ប្រធានសភាជាន់ទាបម៉ាឡេស៊ីបានចែករំលែកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរ ចំពោះប្រទេសនិងប្រជាជនវៀតណាម។ ប្រធានសភាជាន់ទាបម៉ាឡេស៊ី មានប្រសាសន៍ថា ក្នុងឋានៈជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២៥ ម៉ាឡេស៊ីនឹងខិតខំរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព; មានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីពង្រឹងមិត្តភាព សន្តិភាព ស្ថិរភាព និងសេរីភាពនៅអាស៊ីអាគ្នេយ៍ ព្រមទាំងលើកកំពស់ឋានៈនិងតួនាទីរបស់អាស៊ាននៅក្នុងតំបន់ផងដែរ៕


top