ព័ត៌មាន

លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី

លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអាហ្រ្វិក ក្នុងនោះមានអេត្យូពី ហើយលោកបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការតភ្ជាប់ប្រជាជន និងអាជីវកម្ម។
លោកអគ្គលេខាបក្ស តូ ឡឹម ទទួលជួបលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី។ (រូបថត៖ VOV)

នារសៀលថ្ងៃទី ១៥ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស នៅទីក្រុងហាណូយ អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានទទួលជួបលោក Abiy Ahmed Ali នាយករដ្ឋមន្ត្រីអេត្យូពី និងជាប្រធានគណបក្សវិបុលភាព (PP) ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ នៃវេទិកាភាពជាដៃគូដើម្បីកំណើនបៃតង និងគោលដៅសកល (P4G) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។ នៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយមិត្តភក្តិអាហ្រ្វិក ក្នុងនោះមានអេត្យូពី ហើយលោកបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការតភ្ជាប់ប្រជាជន និងអាជីវកម្ម។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Abiy Ahmed Ali សង្ឃឹមថា ភាគីទាំងពីរនឹងអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ ជាពិសេសលើវិស័យវិនិយោគ វិទ្យាសាស្ត្រ បច្ចេកវិទ្យា កសិកម្ម អប់រំ និងបណ្តុះបណ្តាល និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ ជំនួបប្រាស្រ័យ ការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍រវាងបបក្សទាំងពីរ ដើម្បីលើកកម្ពស់ចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ; ស្នើឱ្យភាគីទាំងពីរបើកស្ថាប័នតំណាងក្នុងប្រទេសនីមួយៗក្នុងពេលឆាប់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឲ្យប្រទេសទាំងពីរបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ និងចលនាមិនចូលបក្សសម្ព័ន្ធ ហើយធ្វើជាស្ពានជំរុញទំនាក់ទំនងជាមួយអង្គការសំខាន់ៗដែលភាគីទាំងពីរជាសមាជិក ដូចជាអាស៊ាន និងសហភាពអាហ្វ្រិក (AU)៕


top