ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong៖ អ្នកផ្តល់សេចក្តីក្លៀវក្លាដល់យុវជនជំនាន់ក្រោយ

កាលនៅរស់ អគ្គលេខាបក្សលោក Nguyen Phu Trong តែងតែផ្តល់មនោសញ្ជេតនា ការយកចិត្តទុកដាក់ពិសេស សេចក្តីស្រឡាញ់ និងសេចក្តីប្រាថ្នា ទៅលើយុវជនជំនាន់ក្រោយ។ លោកអគ្គលេខាបក្សតែងតែបញ្ជាក់ថា យុវជនគឺជាឆ្អឹងខ្នងរបស់ប្រទេសជាតិ។ ហើយលោកអគ្គលេខាបក្សក៏តែងតែឆ្លៀតពេលជួបសំណេះសំណាល និងលើកទឹកចិត្ត យុវជនឆ្នើមក្នុងចំណោមយុវជនជំនាន់ក្រោយ ដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគេ។
យុវជន Pham Duc Anh បានចូលជួប និងរាយការណ៍ជូនលោកអគ្គលេខាបក្ស Nguyen Phu Trong អំពីសមិទ្ធិផលដែលខ្លួនទទួលបានមេដាយមាសលើកទី ២ នៅព្រឹត្តិការណ៍អូឡាំពិកគីមីអន្តរជាតិ ឆ្នាំ ២០១៨ (រូបថត៖ VTV)

ក្តីសង្ឃឹមយកឈ្នះលើការប្រឡងអន្តរជាតិតាំងពីនៅក្មេងរបស់យុវជន Pham Duc Anh បានក្លាយជាការពិត នៅពេលដែលយុវជនរូបនេះបានឈ្នះមេដាយមាសទីពីរ នៅឯព្រឹត្តិការណ៍អូឡាំពិកគីមីសាស្ត្រអន្តរជាតិឆ្នាំ ២០១៨។ ឆ្នាំនោះ Duc Anh មានអាយុ ១៨ ឆ្នាំ។ ជាមួយនឹងស្នាដៃនេះ យុវជន Duc Anh បានជួបនិងរាយការណ៍ស្នាដៃជូនលោកអគ្គលេខាបក្ស Nguyen Phu Trong។ យុវជន Pham Duc Anh ដែលបច្ចុប្បន្នជានិស្សិតនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយបានរំឭកថា៖ “គ្រាដែលខ្ញុំបានចាប់ដៃលោកអគ្គលេខាបក្សគឺមានអារម្មណ៍កក់ក្តៅខ្លាំងណាស់។ លោកនិយាយមួយឃ្លា ជាប្រយោគដែលខ្ញុំចាំគ្រប់ពាក្យថា 'ប្រទេសរបស់យើងមិនដែលមានទ្រព្យសម្បត្តិ សក្ដានុពល ឋានៈ  និងកិត្យានុភាពអន្តរជាតិដូចសព្វថ្ងៃនេះទេ”។ ពាក្យមួយឃ្លានេះបានជំរុញឲ្យមានមោទនភាព និងសេចក្តីប្រាថ្នាក្នុងខ្លួនយើង”។

ទោះបីជាទទួលបានឱកាសជាច្រើនទៅសិក្សានៅបរទេសក៏ដោយ ក៏ Duc Anh បានសម្រេចចិត្តស្នាក់នៅប្រទេសវៀតណាម ហើយកំពុងត្រៀមប្រឡងជាវេជ្ជបណ្ឌិតអន្តេវាសិកបន្ទាប់ពីបានសិក្សារយៈពេល ៦ ឆ្នាំនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ។

ក្នុងពេលជាមួយគ្នានោះ សម្រាប់ប្អូន Nguyen An Huy សុន្ទរកថាដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ថ្លែងនៅមហាសន្និបាតសម្ព័ន្ធយុវជនជាតិលើកទី ១២ (ឆ្នាំ ២០២២)  បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះរូបប្អូនផ្ទាល់  និងគណៈប្រតិភូដែលចូលរួម។ មានកិត្តិយស ដែលជាអ្នកតំណាងឱ្យកុមារក្នុងការថ្លែងមតិនៅមហាសន្និបាតនៅឆ្នាំនោះ Nguyen An Huy ដែលបច្ចុប្បន្នជាសិស្សនៅវិទ្យាល័យ Nguyen Thi Minh Khai នៃទីក្រុងហាណូយ បានចែករំលែកថា៖ “លោកអគ្គលេខាបក្សធ្លាប់ជានិស្សិតនៅមហាវិទ្យាល័យអក្សរសាស្ត្រ ដែលបច្ចុប្បន្នជាសាកលវិទ្យាល័យ វិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ។ ខ្ញុំគិតថាលោកអគ្គលេខាបក្សបានបំផុសគំនិតដល់រូបខ្ញុំច្រើន។ លោកជឿជាក់ថា ការរៀនសូត្រគឺជាកិច្ចការអស់មួយជីវិត ហើយរូបខ្ញុំក៏គិតថា យុវជនដែលមានកម្លាំង មានយុវវ័យ និងភាពក្លៀវក្លា ត្រូវតែអាចធ្វើបានទាំងអស់។ គ្រាន់តែហាត់ពត់លត់ដំ  អ្នកនឹងទទួលបានសមិទ្ធផលដ៏សក្តិសមក្នុងជីវិតជាពុំខាន”។

ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃការបង្កើតសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ (២៦ មីនា ១៩៣១-២៦ មីនា ២០២១) និងទទួលគ្រឿងឥសស្សិរយសហូជីមិញ នៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ) លោកអគ្គលេខាបក្ស Nguyen Phu Trong បានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ “បើយុវជនរឹងមាំ ប្រជាជាតិទើបខ្លាំងមាំមួន” និងសង្កត់ធ្ងន់ថា៖ “យុវជនជាកម្លាំងស្នូលរបស់ប្រទេសជាតិ ជាម្ចាស់អនាគរបស់ប្រទេសជាតិ និងជាកម្លាំងឈានមុខក្នុងការកសាងប្រទេសជាតិ និងការពារមាតុភូមិ។ ជាកត្តាមួយក្នុងចំណោមកត្តាកំណត់ជោគជ័យ ឬបរាជ័យនៃបុព្វហេតុផ្លាស់ប្តូរថ្មី និងការកសាងសង្គមនិយម”។

យោងតាមលោកអគ្គលេខាបក្ស ការយកចិត្តទុកដាក់ និងអភិវឌ្ឍន៍យុវជន គឺជាគោលដៅផង និងជាកម្លាំងចលករផង ដើម្បីធានាបាននូវស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសជាតិ។ នាពេលនោះ លោកអគ្គលេខាបក្សបានស្នើដល់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ នាយកដ្ឋាន ក្រសួង ស្ថាប័ន អង្គភាព អង្គភាពមហាជន និងសហជីព បន្តយកចិត្តទុកដាក់គាំទ្រ បង្កលក្ខណៈងាយស្រួល និងមានយន្តការអំណោយផលដើម្បីឲ្យអង្គការសម្ព័ន្ធយុវជននិងសមាជិកយុវជនបន្តការងារពង្រឹង និងពង្រីកអង្គការយុវជន  កសាងជួរកម្មាភិបាលវ័យក្មេង ដែលមានភាពស្វាហាប់ក្លៀវក្លា ក្លាហាន និងជាគំរូ។

មនោសញ្ជេតនា និងការយកចិត្តទុកដាក់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ចំពោះយុវជនវៀតណាមបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ យុវជនជាច្រើនរូបបានសម្តែងការប្ដេជ្ញាចិត្តខិតខំអនុវត្តតាមការណែនាំរបស់លោកអគ្គលេខាបក្ស។

“ជីវិតនិងបុគ្គលកលក្ខណៈរបស់លោកអគ្គលេខាបក្ស គឺជាគំរូដ៏ភ្លឺស្វាងសម្រាប់យុវជន និងនិស្សិត។ សូម្បីតែនៅក្នុងបន្ទប់ពេទ្យក៏ដោយ លោកនៅតែមានតុធ្វើការ ហើយនៅតែដោះស្រាយការងារ។ ខ្ញុំរំជួលចិត្តខ្លាំងណាស់នៅពេលលោកអគ្គលេខាបក្សទទួលមរណភាព។ កាលនៅរស់ លោកអគ្គលេខាបក្សធ្លាប់បានណែនាំឲ្យយុវជនវៀតណាមឱ្យខិតខំសិក្សា ធ្វើការ និងបណ្តុះបណ្តាលឱ្យកាន់តែរីកធំធាត់ មានប្រាថ្នា មានមហិច្ឆតា និងគំនិតភ្លឺស្វាង។ នោះក៏នឹងជាប្រការ ដែលយើងជាសិស្សវ័យក្មេងនៅខេត្ត Dong Nai បានរក្សាទុកក្នុងដួងចិត្តរបស់យើងដោយចាត់ទុកថាជាត្រីវិស័យ និងការលើកទឹកចិត្តក្នុងដំណើរការបណ្តុះបណ្តាល និងធំដឹងក្តី”។

“យុវជនជំនាន់ក្រោយយើងនឹងចងចាំយ៉ាងជ្រាលជ្រៅ នូវការរួមវិភាគទានដ៏ធំធេងដែលលោកអគ្គលេខាបក្សបានធ្វើចំពោះប្រទេសជាតិនិងប្រជាជន។ យើងនឹងចងចាំជានិច្ចនូវអ្វីដែលលោកបានទូន្មានដល់យុវជនជំនាន់ក្រោយត្រូវខិតខំសិក្សារៀនសូត្រ និងដុសខាត់សីលធម៌ជានិច្ច ដើម្បីនៅពេលក្រោយអាចចូលរួមចំណែកក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែសម្បូររុងរឿង”។

“ឆ្នាំថ្មីមួយគឺបានចាប់ផ្តើមពីនិទាឃរដូវ។ ជីវិតមនុស្សវ័យក្មេងចាប់ផ្តើមពីយុវវ័យ។ យុវជនគឺជានិទាឃរដូវនៃសង្គម” ពាក្យបណ្តាំរបស់លោកប្រធានហូជីមិញ និងការបណ្តាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ជូនចំពោះយុវជនជំនាន់ក្រោយរបស់វៀតណាមកំពុងផ្តល់កម្លាំងចលករដល់ប់ពួកគេ ក្នុងដំណើរការកសាងប្រទេសជាតិកាន់តែរីកចម្រើននិងសម្បូរធូធារ៕


top