ព័ត៌មាន

លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនានិងធ្វើការនៅច្រកទ្វារព្រំដែនអន្តរជាតិ មិត្តភាព ខេត្ត Lang Son

នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ចការងារនៅខេត្ត Lang Son លោកអគ្គលេខាបក្ស Nguyen Phu Trong បានទៅទស្សនា និងធ្វើការនៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi (មិត្តភាព)។
លោកអគ្គលេខាបក្ស Nguyen Phu Trong សាកសួរសុខទុក្ខកងកម្លាំងអន្តរផ្នែកដែលកំពុងបំពេញការងារនៅច្រកទ្វារព្រំដែន មិត្តភាព។ (រូបថត៖ VOV)

នៅទីនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់កងកម្លាំងអន្តរផ្នែក ដែលកំពុងបំពេញការងារនៅតំបន់ច្រកទ្វារព្រំដែន។ ទន្ទឹមនឹងនោះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo។ លោកអគ្គលេខាបក្សបានអះអាងថា នៅលើពិភពលោក មានតែច្រកទ្វារព្រំដែននៅទីនេះប៉ុណ្ណោះ ដែលវៀតណាមដាក់ឈ្មោះថា មិត្តភាព ហើយចិនក៏ឯកភាពដាក់ឈ្មោះថា មិត្តភាព ផងដែរ។ ឈ្មោះ មិត្តភាពបង្ហាញពីចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម-ចិន ដែល ជាសមមិត្តផង ជាបងប្អូនផង។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងផ្ដល់អាទិភាពចម្បងដល់ការកសាង និងអភិវឌ្ឍទំនាក់ទំនងល្អប្រសើរជាមួយបក្ស រដ្ឋ និងប្រជាជនចិន។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានស្នើឲ្យខេត្ត Lang Son និងកងកម្លាំងសមត្ថកិច្ចនៅច្រកទ្វារព្រំដែនអន្តរជាតិ មិត្តភាព បន្តរួមចំណែកយ៉ាងសកម្មថែមទៀត ទៅក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ចិនឲ្យកាន់តែរីកចម្រើន។

ក្នុងឱកាសនេះដែរ លោកអគ្គលេខាបក្ស Nguyen Phu Trong និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo បានដាំដើមឈើអនុស្សាវរីយ៍នៅច្រកទ្វារព្រំដែន មិត្តភាព៕


top