ព័ត៌មាន

“លោកប្រធានហូជីមិញ៖ អ្នកចាក់គ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម-ថៃក្នុងសម័យទំនើប”

ឈុតសៀវភៅ “លោកប្រធានហូជីមិញ៖អ្នកចាក់គ្រឹះលើទំនាក់ទំនងវៀតណាម-ថៃក្នុងសម័យទំនើប”។
 

ឈុតសៀវភៅដ៏ថ្លៃថ្លាមួយដែលត្រូវបានចងក្រងជាភាសាវៀតណាម ភាសាថៃនិងភាសាអង់គ្លេសស្ដីពីដំណើរការធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញក្នុងអំឡុងពេលពីឆ្នាំ១៩២៨-១៩២៩ នៅថៃ ដោយមានចំណងជើងថា “លោកប្រធានហូជីមិញ៖អ្នកចាក់គ្រឹះលើទំនាក់ទំនងវៀតណាម-ថៃក្នុងសម័យទំនើប” ត្រូវបានបោះពុម្ភផ្សាយកាលពីឆ្នាំ២០១៨។ សំណង់ស្រាវជ្រាវនេះបានចំណាយកម្លាំងកាយចិត្តជាច្រើនក្នុងអំឡុង២ឆ្នាំរបស់លោកស្រីសាស្ត្រា ចារ្យរង បណ្ឌិត Truong Thi Hang នៅសាកលវិទ្យាល័យ Lampang Rajabhat និងលោកសាស្ត្រាចារ្យ Chuan Petkaew នៅបណ្ឌិតសភាថៃ។ ក្នុងនាទីដំបូលអាស៊ានថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងរួមជាមួយយើងខ្ញុំជួបសំណេះសំណាលជាមួយលោកស្រីបណ្ឌិត Truong Thi Hang ដើម្បីស្វែងយល់ពីសៀវភៅដ៏ពោរពេញទៅដោយអត្ថន័យនេះណា!

"ហេតុផលមួយក្នុងចំណោមហេតុផលសំខាន់ៗគឺ យើងខ្ញុំយល់ដឹងពីតួនាទីដ៏ធំធេងរបស់លោកប្រធានហូជីមិញក្នុងសហគមន៍អាណិកជនវៀតណាមនៅថៃ។ លោកមិនត្រឹមតែជាសារធាតុកាវដែលផ្សាភ្ជាប់សហគមន៍អាណិកជននៅតាមតំបន់នានានៃប្រទេសថៃប៉ុណ្ណោះទេ ថែមទាំងជាស្ពានតភ្ជាប់រវាងអាណិកជនវៀតណាមនៅថៃជាមួយប្រជាជនក្នុងប្រទេស ជាប្រភពលើកទឹកចិត្តដ៏ធំធេងដែលជួយអាណិកជននៅថៃកសាងបានជំនឿជឿជាក់ជាមួយរដ្ឋាភិបាលនិងប្រជាជនថៃ ព្រមទាំងចូលរួមចំណែកគួរឲ្យកត់សម្គាល់ដល់ជោគជ័យនៃបដិវត្តន៍រួមរបស់ប្រជាជនវៀតណាមទៀតផង”។ លោកស្រីបណ្ឌិត Truong Thi Hang បានចែករំលែកថា កម្លាំងចលករដ៏ធំបំផុតដើម្បីរូបលោកស្រីផ្ទាល់និងលោកសាស្ត្រាចារ្យ Chuan Petkaew សរសេរសៀវភៅនេះ គឺសំដៅជួយមិត្តអ្នកអានវៀតណាមយល់ដឹងបន្ថែមអំពីរយៈពេលជិត២ឆ្នាំដែលលោកប្រធានហូជីមិញបានផ្សព្វផ្សាយលទ្ធិស្នេហាជាតិទៅកាន់ សហគមន៍អាណិកជនវៀតណាមនៅថៃ ជាពិសេសគឺបងប្អូនអាណិកជននៅតាមខេត្តភាគឦសាននានា។

ដោយមានកម្រាស់ចំនួន៣៨៧ទំព័រចំពោះកំណែភាសាវៀតណាមនិង៥០៧ទំព័រចំពោះកំណែភាសាថៃ សៀវភៅនេះមានជំពូកចំនួន៥៖ ជំពូកទី១៖ លោកប្រធានហូជីមិញ-កុលបុត្រឆ្នើមរបស់ប្រជាជាតិ វៀតណាម; ជំពូកទី២៖ សតិអារម្មណ៍ហូជីមិញអំពីសាមគ្គីភាពអន្តរជាតិ; ជំពូកទី៣៖ លោកប្រធាន ហូជីមិញនិងដំណើរការផ្សព្វផ្សាយលទ្ធិស្នេហាជាតិនៅលើទឹកដីថៃ; ជំពូកទី៤៖ លោកប្រធាន ហូជីមិញ - អ្នកចាក់គ្រឹះលើទំនាក់ទំនងវៀតណាម-ថៃក្នុងសម័យទំនើប; ជំពូកទី៥៖ លោកប្រធាន ហូជីមិញរស់នៅជារៀងរហូតក្នុងក្រអៅបេះដូងប្រជាជនវៀតណាម ប្រជាជនថៃនិងមនុស្សលោកជឿនលឿនទាំងមូល។ លោកស្រីបណ្ឌិត Truong Thi Hang បានចែករំលែកថា៖ “ខ្លឹមសារដែលនាងខ្ញុំពេញចិត្តបំផុតនោះគឺជំពូកទី៣៖ លោកប្រធានហូជីមិញនិងដំណើរការផ្សព្វផ្សាយលទ្ធិស្នេហាជាតិលើទឹកដីថៃ។ ជំពូកនេះបានបង្ហាញឲ្យយើងឃើញផ្ទាំងគំនូរលើគ្រប់ជ្រុងជ្រោយអំពីដំណើរការធ្វើសកម្មភាពរបស់លោកប្រធានហូជីមិញនៅថៃ ដោយមានការលម្អិតថ្មីៗដែលសំណង់ស្រាវជ្រាវផ្សេងៗកាលពីមុននេះ ប្រហែលដោយសាររបាំងខាងភាសាក៏ដូចជាប្រភពឯកសារដែរ បានមិននិយាយដល់ទេ។ ខ្លឹមសារនៃជំពូកនេះជួយឲ្យអ្នកអានយល់ដឹងយ៉ាងជ្រាលជ្រៅថែមទៀត អំពីមនោសញ្ចេតនាចំពោះលោកប្រធានហូជីមិញរបស់ អាណិកជន​វៀតណាមនៅថៃក៏ដូចជាប្រជាជនថៃនៅតាមតំបន់នានាដែលលោកប្រធានធ្លាប់ទៅកាន់។ ទន្ទឹមនឹងនោះគឺការចាប់អារម្មណ៍និងមនោសញ្ចេតនារបស់លោកប្រធានហូជីមិញចំពោះទឹកដីនិងមនុស្សថៃផងដែរ។ នេះជាមូលដ្ឋានគ្រឹះដ៏សែនសំខាន់មួយដែលចូលរួមចំណែកទៅក្នុងការកសាងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងវៀតណាម-ថៃនាបច្ចុប្បន្ន”។

នាបច្ចុប្បន្ន សៀវភៅនេះត្រូវបានបញ្ជូនទៅកាន់ប្រព័ន្ធបណ្ណាល័យរបស់សាកលវិទ្យាល័យនិង បណ្ឌិតសភាថៃចំនួន១០០ ក្លាយទៅជាឯកសារឯកទេសស្ដីពីលោកប្រធានហូជីមិញ ជួយឲ្យអ្នកស្រាវជ្រាវក៏ដូចជាមិត្តអ្នកអានថៃយល់ដឹងយ៉ាងច្បាស់និងត្រឹមត្រូវថែមទៀតអំពីលោកប្រធាន ហូជីមិញ តួនាទីរបស់លោកក្នុងការកសាងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើររវាងប្រទេសទាំងពីរដូចនាបច្ចុប្បន្ន។ លោក Somporn Lekuthaipanich នាយកសារមន្ទីរ Ban Dong ហូជីមិញ នៅខេត្ត Phichit ជាមនុស្សម្នាក់ដែលមានឱកាសទទួលបានសៀវភៅនេះដើម្បីបម្រើការងារ ហើយលោកពិតជាកោតសរសើររាល់ចំណេះដឹងដែលសៀវភៅនេះនាំមកជូន។ លោក Somporn បានចែករំលែក ថា៖ “សៀវភៅនេះបានសំយោគសៀវភៅ ឯកសារជាភាសាវៀតណាមជាច្រើន ដូច្នេះជួយខ្ញុំជ្រាបបានខ្លឹមសារយ៉ាងជ្រាលជ្រៅ។ យើងខ្ញុំខិតខំកសាងសារមន្ទីរភូមិ Dong ហូជីមិញដោយមានបំណងចង់ប្រមូលផ្ដុំព័ត៌មាន ដើម្បីឲ្យប្រជាជនថៃ ប្រជាជន Phichit អាចស្គាល់ទីនេះជាកន្លែងដ៏សែនសំខាន់ចំពោះទំនាក់ទំនងថៃ-វៀតណាម។ ហើយសៀវភៅនេះបានបំពេញបន្ថែមចំណេះដឹងដើម្បីជួយរូបខ្ញុំផ្ទាល់ក៏ដូចជាអ្នកមគ្គុទ្ទេសនៃសារមន្ទីរ និងអ្នកទស្សនា អាចយល់ដឹងបន្ថែមអំពីលោកប្រធានហូជីមិញក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ”។

ចែករំលែកពីគម្រោងនាពេលខាងមុខ លោកស្រីបណ្ឌិត Truong Thi Hang ឲ្យដឹងថា នឹងបន្តស្រាវជ្រាវពីដំណើរការធ្វើសកម្មភាព ក៏ដូចជាឥទ្ធិពលរបស់លោកប្រធានហូជីមិញនៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗដូចជាមីយ៉ាន់ម៉ា។ ព្រោះថាក្នុងដំណាក់កាលក្រោយពីវៀតណាមដណ្ដើមបានឯករាជ្យកាលពីឆ្នាំ១៩៤៦នោះ ក្រៅពីថៃ មីយ៉ាន់ម៉ាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចនៅអាស៊ីអាគ្នេយ៍ដែលគាំទ្រដោយអស់ពីចិត្តពីថ្លើមចំពោះការតស៊ូប្រឆាំងនឹងអាណានិគមបារាំងរបស់ប្រជាជនវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top