ព័ត៌មាន

លោកប្រធានរដ្ឋវៀតណាម ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។

លោកប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាត់ទុកដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាមានតម្លៃខ្ពង់ខ្ពស់ក្នុងការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ។
   លោក ប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ទទួលស្វាគមន៍​យ៉ាងកក់ក្តៅចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា  

សម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចូលសម្តែងការគួរសមជាមួយ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានប្រមុខរដ្ឋ នារដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ដែលជាថ្ងៃទី២ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅសាធារណរដ្ឋសង្គមនិយម វៀតណាមពីថ្ងៃទី ១២ ដល់១៤ ខែកញ្ញា។ 

លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានអរគុណ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសវៀតណាម ហើយបានចាត់ទុកថា ដំណើរទស្សនកិច្ចនាពេលនេះជាព្រឹត្តិតការណ៍ដ៏មានសារៈសំខាន់ ជាឆ្នាំមិត្តភាព ដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥៥ ឆ្នាំ នៃទំនាក់ទំនងការទូតផ្លូវការរវាងប្រទេសទាំងពីរ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc)  បានលើកឡើងថា សម្តេចប្រធានរដ្ឋសភា ជាមហាមិត្តិ និងជាវីរៈជនកំពូលមូយរូប ដែលបានចូលរួមចំណែកដ៍សំខាន់នៅក្នុងការពង្រឹង ពង្រីក ចំណងមិត្តភាពប្រទេសទំាងពីរឲ្យបានរឹងមាំឡើងជាលំដាប់។ 

នៅក្នុងឱកាសនោះ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានចូលរួមអបអរសាទរចំពោះសមិទ្ធផលទំាងឡាយដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ ជាមួយគ្នានេះ លោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) បានក៏វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចប្រធានរដ្ឋសភានិងលោកប្រធានរដ្ឋសភាសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី១២ ខែកញ្ញា ម្សិលមិញ ដែលរួមចំណែកដល់ការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងទាំងពីរលើគ្រប់វិស័យឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេសរវាងស្ថាប័នរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីរីករាយ ដែលបានជួបលោកប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ជាថ្មីម្តងទៀត និងបានវាយតម្លៃខ្ពស់ ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកប្រធានរដ្ឋ​ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នៅកម្ពុជា កាលពីចុងឆ្នាំ២០២១ កន្លងទៅ ដែលទទួលបានលទ្ធផល​ជាផ្លែផ្កា គួរជាទីមោទន។ សម្តេចបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ និង ប្រជាជនវៀតណាម សម្រេចបានក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឆ្ពោះទៅ​រកវឌ្ឍន​ភាពជឿនលឿន ស្របតាមទិសដៅនៃមហាសន្និបាតលើកទី​១៣ របស់ បក្សកុម្មុយនីស្ត​វៀតណាម។ 

   លោក ប្រធានរដ្ឋ ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) ទទួលជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា  

ឆ្លៀតឱកាសនោះ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយជាថវិកា ដែលបក្ស រដ្ឋ និងប្រជាជន​វៀតណាម បានផ្តល់ជូនប្រជាជនកម្ពុជា សម្រាប់កសាងអគារដ្ឋបាលរដ្ឋសភា ដែលបច្ចុប្បន្ន កំពុងមមាញឹកក្នុងការអនុវត្តការសាងសង់ និងប្រព្រឹត្តិទៅដោយរលូន ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ​២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខ។ សម្តេចបានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាចងចាំជានិច្ច ចំពោះពលីកម្មដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ឈាម ឈាមស្រស់ដើម្បីជួយរំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហម នាថ្ងៃ ៧ មករា ១៩៧៩។ 

សូមជម្រាបថានៅមុនពេលចូលជួបសម្តែងការគួរជាមួយលោកប្រធានរដ្ឋ សម្តេចប្រធានរដ្ឋសភាកម្ពុជានិងគណៈប្រតិភូបានអញ្ជើញដាក់កម្រងផ្ការនិងគោរពវិញ្ញាណក្ខន្ធ លោកប្រធានហូជីមិញ ផងដែរ​៕

 


top