ព័ត៌មាន

លោកប្រធានរដ្ឋ លឿង គឿង បញ្ចប់ដំណើរទស្សនកិច្ច ចូលរួមសប្តាហ៍កិច្ចប្រជុំកំពូល APEC និងជួបធ្វើការទ្វេភាគីនៅកូរ៉េខាងត្បូង

នៅល្ងាចថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង ប៊ូសាន បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចការងារ ចូលរួមសប្តាហ៍កិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ នៅទីក្រុងគ្យុងជូ និងបំពេញការងារទ្វេភាគីនៅប្រទេសកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

លោកប្រធានរដ្ឋ លឿង គឿង បានបញ្ចប់ដោយជោគជ័យនូវការចូលរួមសប្តាហ៍កំពូល APEC និងកិច្ចប្រជុំទ្វេភាគីនៅកូរ៉េខាងត្បូង (រូបថត៖ Viet Cuong/VOV)

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍កិច្ចប្រជុំកំពូល APEC លោកប្រធានរដ្ឋ លឿង គឿង មានជំនួបជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំនៃសេដ្ឋកិច្ច APEC ក្នុងនោះមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង; បានជួបជាមួយថ្នាក់ដឹកនាំនៃសាជីវកម្ម និងអាជីវកម្មឈានមុខគេលើពិភពលោក។ ជាពិសេស លោកប្រធានរដ្ឋ លឿង គឿង បានអញ្ជើញចូលរួម ជួបសន្ទនា និងថ្លែងសុន្ទរកថាសំខាន់ៗនៅក្នុងសម័យប្រជុំកំពូល APEC ក៏ដូចជាកិច្ចប្រជុំកំពូលធុរកិច្ច APEC ឆ្នាំ២០២៥។

ក្នុងក្របខ័ណ្ឌនៃសកម្មភាពទ្វេភាគីនៅកូរ៉េខាងត្បូង លោកប្រធានរដ្ឋ លឿង គឿង បានជួបពិភាក្សាសំខាន់ៗជាមួយលោកប្រធានាធិបតីកូរ៉េ លី ជេ ម្យុង។ លោកប្រធានរដ្ឋ លឿង គឿង ក៏បានជួបជាមួយថ្នាក់ដឹកនាំនៃទីក្រុងប៊ូសាន; ជួបសំណេះសំណាលជាមួយកម្មាភិបាល និងបុគ្គលិកនៃភ្នាក់ងារតំណាងវៀតណាម និងតំណាងសហគមន៍ វៀតណាមនៅកូរ៉េខាងត្បូង និងចូលរួម "ទិវាវៀតណាម" ដែលរៀបចំរួមគ្នាដោយខេត្តគ្យុង សាងបុក មូលនិធិអភិវឌ្ឍន៍ជនបទថ្មីកូរ៉េខាងត្បូង និងស្ថានទូត វៀតណាមប្រចាំនៅកូរ៉េខាងត្បូង៕


top