ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីសិល្បៈ “និទាឃរដូវស្រុកកំណើត” ឆ្នាំ ២០២៣

នាយប់ថ្ងៃទី ១៤ មករា កម្មវិធីសិល្បៈពិសេស “និទាឃរដូវស្រុកកំណើតឆ្នាំ ២០២៣” បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ)។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំរួមគ្នាដោយគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេស) និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ក្រោមប្រធានបទ “ប្រទេសនៃជំនឿជាក់និងសេចក្តីប្រាថ្នា”។

កម្មវិធីសិល្បៈ និទាឃរដូវស្រុកកំណើត

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញថ្លែងមតិក្នុងកម្មវិធី ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានចាត់ទុកថា ឆ្នាំ ២០២២ គឺជាឆ្នាំសម្រាប់ប្រជាជាតិវៀតណាមទាំងមូល ពង្រីកយ៉ាងខ្លាំងក្លានូវធនធានផ្ទៃក្នុង រួមផ្សំជាមួយធនធានអន្តរជាតិប្រកបដោយប្រសិទ្ធភាព ជំនះពុះពាររាល់បញ្ហាប្រឈម ឆ្លៀតឱកាស និងសម្រេចបានសមិទ្ធិផលធំធេហ និងសំខាន់ៗជាច្រើន។ ក្នុងជោគជ័យទាំងនោះគឺមានការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅឯបរទេស។

“តាមរយៈទម្រង់និងវិស័យផ្សេងៗគ្នា អាណិកជនវៀតណាមនៅឯបរទេសបានរួមចំណែកយ៉ាងសំខាន់ទាំងខាងសម្ភារៈ និងស្មារតីក្នុងការកសាង និងការពារមាតុភូមិ។ សហគមន៍វៀតណាមនៅក្រៅប្រទេសបានពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ រួមចំណែករាប់សិបពាន់លានដុងដើម្បីជួយដល់ការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ Covid-19 និងជម្នះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។ តាមរយៈសកម្មភាពផ្លាស់ប្តូរវប្បធម៌ សាសនា ប្រជាជនវៀតណាមនៅក្រៅប្រទេសបាននិងកំពុងរួមចំណែករក្សាអត្តសញ្ញាណ ផ្សព្វផ្សាយរូបភាព និងតម្លៃវប្បធម៌វៀតណាមនៅក្រៅប្រទេស”។ នេះបើយោងតាមប្រសាសន៍របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc។

លោកប្រធានរដ្ឋមានសេចក្តីសោមនស្សរីករាយដែលសមាគម និងបណ្តាញពាណិជ្ជករនៅក្រៅប្រទេសបាននិងកំពុងធ្វើសកម្មភាពនាំទំនិញវៀតណាមទៅកាន់ទីផ្សារពិភពលោក ហើយទ ទឹមនឹងនោះការនាំយកធុរកិច្ច និងក្រុមហ៊ុនចម្រុះជាតិសាសន៍មកវៀតណាម ដើម្បីធ្វើកិច្ចសហប្រតិបត្តិការលើមុខជំនួញ និងធ្វើការវិនិយោគ។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្វាគមន៍ក្រុមបញ្ញវន្តវៀតណាមនៅបរទេសជាងកន្លះលាននាក់ដែលជាប្រភពថាមពលខួរក្បាលដ៏សំខាន់ ដោយបាននិងកំពុងចូលរួមក្នុងសកម្មភាពវិទ្យាសាស្ត្រប្រកបដោយការច្នៃប្រឌិត និងកសាងប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម៕


top