ព័ត៌មាន

លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោកអនុប្រធានរដ្ឋឡាវ

នារសៀលថ្ងៃទី ១៧ ខែកក្កដា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជួបសមមិត្ត Bounthong Chitmany សមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សបដិវត្តន៍ប្រជាជនឡាវ អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតឡាវ និងគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។


លោកប្រធានរដ្ឋ Nguyen Xuan Phuc ទទួលជួបលោកអនុប្រធានរដ្ឋឡាវ។ រូបថត៖ ថុងញ៉ឹត-VNA    

នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកការិយាល័យនយោបាយ សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន អនុប្រធានរដ្ឋ លោកBounthong Chitmany បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋឡាវ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមសកម្មភាពអបអរសាទរខួបលើកទី៦០ ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ៤៥ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះសមិទ្ធិផលសំខាន់ៗដែលបក្ស រដ្ឋ និងប្រជាជនឡាវសម្រេចបាន ក្នុងរយៈពេលកន្លងមក លោកបានជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ ប្រជាជនឡាវនឹងជំនះរាល់បញ្ហាប្រឈម និងអនុវត្តដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១១ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងរយៈពេល ៩ ឆ្នាំ លើកទី  ៩ ដោយជោគជ័យក្នុងការកសាងឯករាជ្យ  ភាពពឹងផ្អែកលើខ្លួនឯង​ រុង​រឿង​ និង​កិត្យានុភាពរបស់​ប្រទេស​ឡាវកាន់​តែ​កើនឡើង​លើ​ឆាកអន្តរជាតិ។ ទន្ទឹម​នឹង​នេះ លោកក៏សង្កត់ធ្ងន់ថា រាល់ជោគជ័យរបស់ប្រទេសឡាវ ក៏ជាសេចក្តីអំណរ និងមោទនភាពរបស់វៀតណាមផងដែរ។

លោកអនុប្រធានរដ្ឋឡាវ Bounthong Chitmany បានសម្តែងនូវកិត្តិយស និងសេចក្តីរីករាយជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ បាន​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម និងចូលរួមសកម្មភាពនានា ដើម្បីអបអរសាទរពិធីបុណ្យសំខាន់ទាំងពីរ ក្នុងទំនាក់ទំនងឡាវ-វៀតណាម។ ក្រៅពីនេះ លោក Bounthong Chitmany បានផ្ញើការសួរ​សុខទុក្ខពីអគ្គលេខាធិកាបក្ស និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisoulith និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសឡាវ ជូនចំពោះលោកប្រធានរដ្ឋ Nguyen Xuan Phuc។ សមមិត្ត Bounthong Chitmany បានអបអរសាទរចំពោះសមិទ្ធិផលដ៏សំខាន់ៗ ដែលវៀតណាមសម្រេចបាននាពេលកន្លងមក ជាពិសេសការឆ្លើយតបប្រកបដោយ​ប្រសិទ្ធភាពចំពោះការរាតត្បាតនៃជំងឺកូវីដ-១៩ ការស្តារសេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងបន្តការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ អ្វីៗទាំងនេះ បានចាត់ទុកថា ជាប្រភពនៃការលើកទឹកចិត្ត  និងបទពិសោធន៍មាន​តំលៃ​សម្រាប់ប្រទេសឡាវ ដើម្បីស្រាវ​ជ្រាវ និងធ្វើតាម។ ទន្ទឹមនឹងនោះ លោក Bounthong Chitmany បានសម្តែងនូវជំនឿថា បក្ស រដ្ឋ និងប្រជាជនវៀតណាមនឹងបន្តសម្រេចបានជោគជ័យកាន់តែច្រើនក្នុងការងារផ្លាស់ប្តូរ​​ថ្មី សម្រេចបានជោគជ័យនូវគោលដៅយុទ្ធសាស្ត្រដែលបានដាក់​ចេញ​ ក្នុងមហាសន្និបាតបក្សកុម្មុយនិស្តវៀតណាមលើកទី ១៣ ។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើអត្ថន័យសំខាន់នៃ ឆ្នាំសាមគ្គីភាព និងមិត្តភាពវៀតណាម - ឡាវ ឡាវ - វៀតណាម ឆ្នាំ ២០២២ សម្រាប់ការឃោសនា និងការអប់រំប្រជាជនគ្រប់ស្រទាប់ ជាពិសេសយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរអំពី ទំនាក់ទំនង ពិសេស មាន​តែមួយ​គត់​  ភាព​ស្អិតរមួត និងភាពស្មោះត្រង់រវាងវៀតណាម និងឡាវ៕


top