ព័ត៌មាន

លោកបណ្ឌិតវ័យក្មេង Truong Thanh Tung ជាមួយនឹងសេចក្ដីប្រាថ្នាលះបង់សម្រាប់វិទ្យាសាស្ត្រវៀតណាម

"ធ្វើជាវេជ្ជបណ្ឌិតអាចជួយសង្គ្រោះមនុស្សបានប៉ុន្មាននាក់អាស្រ័យលើអាការៈជំងឺ ប៉ុន្តែធ្វើជាឱសថការីអាចជួយសង្គ្រោះមនុស្សបានយ៉ាងច្រើន"។ នោះគឺជាគំនិតដែលបាននាំលោក Truong Thanh Tung មកដល់ផ្នែកឱសថសាស្ត្រ ហើយក្លាយជាបណ្ឌិតជំនាញនេះ សម្រេចបានជោគជ័យជាច្រើនក្នុងសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រទាំងក្នុងនិងក្រៅប្រទេស។ លោកគឺជាមនុស្សម្នាក់ក្នុងចំណោម "គំរូវ័យុវវ័យវៀតណាមឆ្នើមបំផុតទាំង ១០ នាក់ឆ្នាំ២០២២" ដែលត្រូវបានបោះឆ្នោតដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ។
លោកបណ្ឌិត Truong Thanh Tung។

លោកបណ្ឌិត Truong Thanh Tung ទទួលបានពានរង្វាន់ "គំរូយុវវ័យវៀតណាមឆ្នើមឆ្នាំ២០២២" ដោយសារតែដំណើរការលះបង់ឥតឈប់ឈររបស់លោកក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ និងស្វែងរកផលិតផលឱសថគីមីថ្មីៗ ដើម្បីបម្រើប្រជាជនវៀតណាម។ លោកនិងក្រុមស្រាវជ្រាវកំពុងស្រាវជ្រាវ និងសាកពិសោធន៍ផលិតផលប្រឆាំងបាក់តេរីធម្មជាតិ សម្រាប់ប្រើខាងក្រៅស្បែក ដើម្បីព្យាបាលការឆ្លងមេរោគ ធ្វើឲ្យឆាប់សះស្នាមរបួស និងជំនួសថ្នាំអង់ទីប៊ីយោទិច។ កាលពីមុន លោកបណ្ឌិត Truong Thanh Tung ក៏ត្រូវបានគេស្គាល់ដល់ដោយការស្រាវជ្រាវអំពីថ្នាំសម្លាប់វីរុសហ៊ីវ សំដៅលុបបំបាត់កោសិកាឆ្លងវីរុស និងវីរុសទាំងអស់ចេញពីរាងកាយ។ គម្រោងស្រាវជ្រាវនេះត្រូវបានដាក់ពាក្យសុំនីយប័ត្រតក្កកម្ម នៅសហរដ្ឋអាមេរិកនិងអឺរ៉ុប។ នេះត្រឹមតែជាគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រចំនួន ២ ប៉ុណ្ណោះក្នុងចំណោមគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រជាង ៤០ ដែលលោកបណ្ឌិត Truong Thanh Tung និងក្រុមសហការីបាននិងកំពុងអនុវត្តន៍។

ក្នុងដំណើរមកដល់អាជីពស្រាវជ្រាវវិទ្យាសាស្ត្រ លោក Truong Thanh Tung សម្រេចបានសមិទ្ធិផលគួរឱ្យកត់សម្គាល់មានលក្ខណៈរបត់ នៅពេលដែលគម្រោងស្រាវជ្រាវដំបូងរបស់លោកក្នុងនាមជាអ្នកនិពន្ធត្រូវបានចុះផ្សាយនៅលើទស្សនាវដ្តីវិទ្យាសាស្ត្រអន្តរជាតិក្នុងបញ្ជី ISI នៅពេលដែលលោកជានិស្សិតឆ្នាំចុងក្រោយនៅសាកលវិទ្យាល័យឱសថសាស្រ្តហាណូយ កាលពីឆ្នាំ២០១១។ ISI ( វិទ្យាស្ថានព័ត៌មានវិទ្យាសាស្ត្រ) ជាមូលដ្ឋានទិន្នន័យដ៏សម្បូរបែបជាមួយនឹងទស្សនាវដ្ដីជាង ១ ម៉ឺនដែលត្រូវបានជ្រើសរើសដោយសត្យានុម័តរបស់អ្នកជំនាញអន្តរជាតិតាមវិស័យនីមួយៗ។ នៅពេលនោះ នៅប្រទេសវៀតណាម នេះជាជោគជ័យដ៏កម្រមានសម្រាប់និស្សិតម្នាក់។ លោកបណ្ឌិត Truong Thanh Tung រំលឹកឡើងវិញថា៖

គម្រោងនេះគឺស្វែងរក និងរចនាថ្នាំថ្មីដើម្បីព្យាបាលជំងឺមហារីក។ នៅពេលនោះ អាចចាត់ទុក ជាការស្រាវជ្រាវថ្មីមួយ ទាំងក្នុងស្រុកនិងអន្តរជាតិ ព្រោះមិនធ្លាប់មានការស្រាវជ្រាវ ឬក្រុមណាដែលប្រកាសពីវិស័យនោះទេ។ នៅពេលធ្វើការស្រាវជ្រាវនោះ យើងបានរកឃើញជម្រើសមួយចំនួនដែលអាចជាការព្យាបាលជំងឺមហារីកបានយ៉ាងល្អ។ គម្រោងវិទ្យាសាស្ត្រនោះជាភស្តុតាងច្បាស់លាស់ថា ជាមួយនឹងលក្ខខណ្ឌរបស់ប្រទេសវៀតណាមនៅពេលនោះ ឧបករណ៍ សារធាតុគីមី និងគ្រឿងម៉ាស៊ីន មិនអាចប្រៀបធៀបជាមួយបរទេសបានទេ ប៉ុន្តែខ្ញុំ ត្រឹមតែជានិស្សិតម្នាក់ប៉ុណ្ណោះ នៅតែអាចធ្វើបានគម្រោងស្រាវជ្រាវមួយ ដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដីអន្តរជាតិនោះ គឺគ្មានហេតុផលណាមួយ ដែលធ្វើឲ្យខ្ញុំមិនអាចដើរតាមគន្លងនៃការស្រាវជ្រាវវិទ្យាសាស្ត្រនោះទេ

នោះគឺជាកម្លាំងចលករ ជាជំហានដំបូងដ៏អំណោយផលសម្រាប់លោក Truong Thanh Tung បន្តការជក់ចិត្តនឹងការស្រាវជ្រាវវិទ្យាសាស្ត្រ។ បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យឱសថសាស្រ្តហាណូយក្នុងឆ្នាំ ២០១១ លោក Thanh Tung បានសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យជាតិសេអ៊ូល (កូរ៉េខាងត្បូង); ធ្វើជានិស្សិតបណ្ឌិតនៅសាកលវិទ្យាល័យ Copenhagen (ដាណឺម៉ាក); ធ្វើការជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Pittsburgh (សហរដ្ឋអាមេរិក) ដើម្បីពង្រីកចក្ខុវិស័យនិងការយល់ដឹងអំពីវិទ្យាសាស្ត្រពិភពលោក។ លោកក៏បានធ្វើការនៅប្រទេសជាច្រើនទៀតដូចជា៖ ហ្វាំងឡង់ អង់គ្លេស ជប៉ុន ជាដើម។ ជាមួយនឹងលទ្ធផលលេចធ្លោ និងការរួមចំណែកផ្នែកវិទ្យាសាស្ត្រ បច្ចុប្បន្ននេះលោកបណ្ឌិត Truong Thanh Tung អាយុ ៣៤ ឆ្នាំ ជាសមាជិកនៃគណៈនិពន្ធទស្សនាវដ្ដីវិទ្យាសាស្ត្រអន្តរជាតិចំនួន ៦ ក្នុងបញ្ជី ISI ដូចជា Bioorganic & Medicinal Chemistry...

ក្រោយរយៈពេល៨ ឆ្នាំសិក្សា និងធ្វើការនៅប្រទេសជាច្រើន នៅចុងឆ្នាំ ២០១៩ លោកបណ្ឌិតវ័យក្មេង Truong Thanh Tung បានសម្រេចចិត្តត្រឡប់មកប្រទេសវៀតណាមវិញ បើទោះជាមុននោះ ទទួលបានសំណើការងារជាច្រើនជាមួយនឹងប្រាក់កម្រៃដ៏គួរឱ្យទាក់ទាញនៅប្រទេសជាច្រើនក៏ដោយ។ លោករំលឹកឡើងវិញថា៖

ពេលខ្ញុំនៅអាមេរិក មុនពេលត្រឡប់មកវៀតណាមវិញ ខ្ញុំបានចោទសួរខ្លួនឯងសំណួរចំនួន ៣។ ទីមួយ តើខ្ញុំមានចំណេះដឹងគ្រប់គ្រាន់ទេ? នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានសន្សំទុកគ្រប់គ្រាន់ហើយ។ ទីពីរ តើខ្ញុំអាចធ្វើការស្រាវជ្រាវនៅពេលមកវៀតណាមបានទេ? ខ្ញុំមានពេលធ្វើការស្រាវជ្រាវនៅប្រទេសវៀតណាម ហើយក៏មានពេលធ្វើការស្រាវជ្រាវនៅប្រទេសជាច្រើនជុំវិញពិភពលោក។ ហើយខ្ញុំឃើញថា ការសិក្សាទាំងនោះនៅវៀតណាមនៅតែអាចធ្វើបានដោយផ្អែកលើឧបករណ៍មូលដ្ឋាន។ ទី៣ តើពេលមកវៀតណាម ខ្ញុំអាចសម្របខ្លួនបានទេ? ខ្ញុំចង់ធ្វើការស្រាវជ្រាវអំពីជំងឺឆ្លង ថ្នាំអង់ទីប៊ីយោទិច ថ្នាំប្រឆាំងវីរុស ជាដើម បញ្ហាទាំងនេះ វៀតណាមក៏មាន។ សំណួរទាំង៣នេះ ខ្ញុំអាចឆ្លើយបានដោយខ្លួនឯង ហើយសម្រេចចិត្តត្រឡប់មកវៀតណាមវិញ។ ហេតុផលសំខាន់បំផុត គឺខ្ញុំចាកចេញទៅសិក្សានៅបរទេស ដើម្បីមានបទពិសោធន៍ ស្វែងរកមធ្យោបាយស្រាវជ្រាវ ដើម្បីបម្រើសុខភាពប្រជាជន

លោក Truong Thanh Tung បច្ចុប្បន្នជាប្រធានក្រុមស្រាវជ្រាវឱសថថ្មី នៃវិទ្យាស្ថានស្រាវជ្រាវកម្រិតខ្ពស់ Phenikaa ព្រមទាំងជាគ្រូបង្រៀននៅដេប៉ាតឺម៉ង់ឱសថសាស្រ្ត សាកលវិទ្យាល័យ Phenikaa ទីក្រុងហាណូយ។ ចាប់តាំងពីឆ្នាំ ២០១៩មក លោកបានបង្កើតក្រុមស្រាវជ្រាវឱសថថ្មី ដោយផ្តោតលើការស្រាវជ្រាវអំពីការសំយោគថ្នាំ។ បច្ចុប្បន្ន ក្រុមស្រាវជ្រាវរបស់លោកបណ្ឌិត Truong Thanh Tung ត្រូវបានចាត់ទុកថាជាក្រុមតែមួយគត់នៅវៀតណាម ដែលដើរតាមទិសដៅស្វែងរកថ្នាំថ្មី ដើម្បីជំនួសថ្នាំអង់ទីប៊ីយោទិច។ នេះគឺជាបុព្វបទ ដើម្បីមានផលិតផលថ្នាំ "Make in Vietnam" ក្នុងពេលឆាប់ៗនេះ។ លោកបានចែករំលែកថា៖

ប្រសិនបើវៀតណាមធ្វើជាម្ចាស់លើបច្ចេកវិទ្យាគីមីសាស្ត្រឱសថ អាចសំយោគគ្រឿងផ្សំគីមីឱសថបាន ពេលនោះយើងនឹងគ្រប់គ្រងទាំងស្រុងនូវខ្សែសង្វាក់ផលិតកម្មតាំងពីដំបូងរហូតដល់គ្រាប់ថ្នាំត្រូវបានផលិត។ ប្រការនេះនឹងមានអត្ថប្រយោជន៍ចំនួន ២។ ទីមួយ ធានាបាននូវសន្តិសុខសុខាភិបាលសម្រាប់ប្រទេសជាតិក្នុងគ្រប់ករណីទាំងអស់ ដោយធ្វើជាម្ចាស់លើប្រភពថ្នាំ មិនចាំបាច់នាំចូលពីបរទេសទៀតទេ។ ហើយទីពីរ ប្រជាជនវៀតណាមនឹងអាចទទួលបានថ្នាំក្នុងតម្លៃសមរម្យ ហើយសំខាន់ជាងនេះទៅទៀត យើងនៅតែអាចផលិតប្រភេទថ្នាំកម្រនៅវៀតណាម

ទទួលបានកិត្តិយសជា "គំរូយុវវ័យវៀតណាមឆ្នើមក្នុងឆ្នាំ២០២២" លោកបណ្ឌិត Truong Thanh Tung បានឲ្យដឹងថា ពានរង្វាន់នេះគឺជាកម្លាំងចលករសម្រាប់លោកបន្តខិតខំប្រឹងប្រែង ហាត់ពត់លត់ដំនិងលះបង់បន្ថែមទៀតដើម្បីមានស្នាដៃស្រាវជ្រាវ ដែលត្រូវបានអនុវត្តន៍នៅក្នុងជីវភាពជាក់ស្ដែង បម្រើបុព្វហេតុថែទាំសុខភាពប្រជាជនវៀតណាមនាពេលខាងមុខ៕


top