ព័ត៌មាន

លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh៖ វៀតណាមនឹងបន្តធានាឧត្តមប្រយោជន៍ប្រទេសជាតិ - ប្រជាជាតិ

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh (រូបថត៖ TTXVN)


នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីវៀតណាម Pham Minh Chinh បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីរំលឹកខួបលើកទី ៧៦ ទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមតាមប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ។

អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពីធីនេះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអះអាងថា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានតស៊ូដោយឥតឈប់ឈរ ដើម្បីការពារខឿនឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី សិទ្ធិស្វ័យសម្រេចរបស់ប្រជាជាតិ និងសិទ្ធិសេរីភាព សុភមង្គលរបស់ប្រជាជន។ វៀតណាមជានិច្ចកាលគាំទ្រយ៉ាងសកម្ម ហើយខិតខំប្រឹងប្រែង ប្រកបដោយមានការទទួលខុសត្រូវចំពោះសន្តិភាព ទំនាក់ទំនងសមភាព និងវិបុលភាពនៅក្នុងតំបន់ និងនៅលើពិភពលោកតាមសតិអារម្មណ៍របស់លោកប្រធានហូជីមិញ។ យោងតាមលោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ពិភពលោកកំពុងរស់នៅក្នុងសករាជសកលភាវូបនីយកម្មជាមួយបម្រែសម្រួលយ៉ាងឆាប់រហ័សនិងពិបាកគិតទុកជាមុន។ ជាពិសេស ជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងក្នុងរយៈពេលជិត ២ឆ្នាំកន្លងទៅបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរចំពោះប្រទេសជាច្រើនលើគ្រប់វិស័យ។ ទន្ទឹមនឹងនេះគឺគ្រោះអាសន្នសន្តិសុខប្រពៃណី និងក្រៅប្រពៃណី។ ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមនោះ វៀតណាមបាននិងកំពុងស្រុះចិត្តគំនិតគ្នា ខិតខំប្រឹងប្រែងអនុវត្តន៍ភារកិច្ចសំខាន់ៗចំនួន ២ គឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព និងស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្កម ធានាសុខុមាលភាពសង្គម និងសុវត្ថិភាពជូនប្រជាជន៖ “ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតត្រូវបានកំណត់ថា ជាភារកិច្ចសំខាន់ បន្ទាន់នាគ្រានេះ ក្នុងស្មារតីការពារសុខភាព និងអាយុជីវិតរបស់ប្រជាជនជាចម្បង ក្នុងនោះមានជនបរទេស ដែលកំពុងបំពេញការងារ សិក្សារៀនសូត្រ និងរស់នៅវៀតណាម។ យើងខ្ញុំប្តេជ្ញាទប់ស្កាត់ រុញថយជំងឺរាតត្បាតដោយគ្រប់វិធានការណ៍ ជាពិសេសគឺត្រូវមានវ៉ាក់សាំងគ្រប់គ្រាន់យ៉ាងឆាប់រហ័ស ហើយចាក់វ៉ាក់សាំងឲ្យបានឆាប់រហ័សបំផុត ច្រើនបំផុត ធានាវិទ្យាសាស្ត្រ សុវត្ថិភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃជូនប្រជាជនទាំងមូលផងដែរ”។

លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថាមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានកំណត់គោលដៅ ខិតខំប្រឹងប្រែងសម្រាប់ដំណាក់កាលនីមួយៗ ចាប់ពីពេលនេះ ដល់ឆ្នាំ ២០២៥ ឆ្នាំ ២០៣០ ជាពិសេសគឺឆ្នាំ ២០៤៥ ដែលវៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់ តាមទិសដៅសង្គមនិយម៖ “ស្ថិរភាពនិងការអភិវឌ្ឍរបស់វៀតណាមជានិច្ចកាលផ្សារភ្ជាប់ជាមួយបរិយាកាសសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរបស់តំបន់ និងលើពិភពលោក។ រដ្ឋាភិបាលវៀតណាមតែងតែមានគោលការណ៍អនុវត្តន៍គោលមាគ៌ាកិច្ចការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគី ពិពិធកម្ម ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងសកម្ម ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ វៀតណាមជាមិត្តល្អ ជាដៃគូគួរឱ្យទុកចិត្ត និងជាសមាជិកប្រកបដោយមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ។ វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវការដោះស្រាយជម្លោះ អធិបតេយ្យភាពទឹកដី កោះសមុទ្រ ដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; រក្សាយ៉ាងរឹងមាំបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីងភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងនិរន្តរភាព។ ទន្ទឹមនឹងនេះ វៀតណាមមានគោលបំណងរួមដៃជាមួយគ្នាដោះស្រាយរាល់បញ្ហាសន្តិសុខប្រពៃណីនិងក្រៅប្រពៃណី ក៏ដូចជាជំរុញសកលភាវូបនីយកម្ម ការតភ្ជាប់ ការធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីពិភពលោកមួយបៃតង ស្រស់ស្អាត អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បរិយាប័ន្ន និងមនុស្សធម៌ផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top