ព័ត៌មាន

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញ ជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញស្តីពីស្ថានភាពនៃជំងឺរាតត្បាតកូវីដ ១៩

លោកនាយករដ្ឋមន្រ្តីអញ្ជើញចុះពិនិត្យមន្ទីរពេទ្យនៅតំបន់តាំងទីលំនៅថ្មីនៃសង្កាត់ An Khanh ទីក្រុង Thu Duc (រូបថត៖ VGP)
 

រសៀលនេះ (ថ្ងៃទី១១ ខែកក្កដា) លោកនាយករដ្ឋមន្រ្តី Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងបានចុះពិនិត្យមើលការងារបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ នៅក្នុងទីក្រុង។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការអនុវត្តរក្សាគម្លាតសង្គមនៅក្នុងមជ្ឈមណ្ឌលសេដ្ឋកិច្ចនៃប្រទេសជាតិ (ក្នុងរយៈពេល ២ សប្តាហ៍ចាប់ពីថ្ងៃទី ៩ ខែកក្កដា) គឺជាការសម្រេចចិត្តត្រឹមត្រូវ បង្រួបបង្រួមការយល់ដឹង កំណត់បញ្ហាស្នូល ត្រឹមត្រូវតាមពេលវេលានិងចំកន្លែង។

លោកនាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះការពិតដែលថា ទីក្រុងហូជីមិញបំពេញភារ កិច្ចពីរក្នុងពេលតែមួយ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យទីក្រុងលើកកម្ពស់លទ្ធផលដែលសម្រេចបាន ដោយ បែងចែកពីមូលហេតុនិងគំហិតដែលត្រូវជំនះ។ ទន្ទឹមជាមួយគ្នានោះ ផ្តល់អាទិភាពដល់ការបង្ការទប់ស្កាត់ជំងឺរាតត្បាត ថែរក្សាជីវភាពរស់នៅរបស់ប្រជាជន។ ទីក្រុងចាំបាច់ត្រូវអនុវត្តន៍ការទទួលវ៉ាក់សាំងបង្ការកូវីដ ១៩ ដោយស្មើភាពគ្នាសម្រាប់ប្រជាជនទាំងអស់និងជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាក បាត់បង់ការងារធ្វើនិងជនអនាថាតាមលំដាប់អាទិភាព។

មុននេះ នៅថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញចុះពិនិត្យកន្លែងព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបណ្តោះអាសន្ន នៅតំបន់តាំងទីលំនៅថ្មី Thu Thiem ទីក្រុង Thu Duc។ នេះជាតំបន់រួមមានមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៣ ដែលបានបើកដំណើរការតាំងពីថ្ងៃទី ៧ កក្កដា និងមន្ទីរពេទ្យបណ្តោះអាសន្នលេខ ៦,៧,៨,៩ ដែលត្រូវបានដាក់ពង្រាយនៅព្រឹកនេះដែលមានទំហំគ្រែចំនួន ១៨,០០០ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


top