ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិត្រូវសម្រេចគោលដៅស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០០ នៅអាស៊ីក្នុងពេលឆាប់ៗ

សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ត្រូវត្រួសត្រាយផ្លូវក្នុងការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល ដោះស្រាយបញ្ហាយុទ្ធសាស្ត្រជាតិ ហើយសម្រេចគោលដៅស្ថិតនៅក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០០ នៅអាស៊ីក្នុងពេលឆាប់ៗ។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ថ្លែងនៅក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើតរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ។ (រូបថត៖ VNA)

នេះជាការសង្កត់ធ្ងន់របស់នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង នៅក្នុងពិធីអបអរសាទរខួបលើកទី ៧០ ទិវាបង្កើត (១៩៥៦ - ២០២៦) និងទទួលគ្រឿងឥស្សរិយយសការងារថ្នាក់ទីមួយរបស់សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ (NEU) ដែលបានប្រារព្ធឡើងនៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

ថ្លែងនៅក្នុងពិធីនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិ ផ្តោតលើការបណ្តុះបណ្តាលអ្នកដែលមានទេពកោសល្យ និងធនធានមនុស្សដែលមានគុណភាពខ្ពស់ ផ្លាស់ប្តូរយ៉ាងខ្លាំងទៅការបណ្តុះបណ្តាលដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់ប្រទេសជាតិ រួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) និងជំនាញឌីជីថល; បង្កើនគុណភាពនៃការស្រាវជ្រាវវិទ្យាសាស្ត្រ និងការប្រឹក្សាគោលនយោបាយ ដើម្បីដោះស្រាយបញ្ហាប្រឈមយុទ្ធសាស្ត្រជាតិ ដូចជា៖ ការផ្លាស់ប្ដូរថ្មីគំរូអភិវឌ្ឍន៍ ការលើកកំពស់ផលិតភាពការងារ ការផ្លាស់ប្តូរឌីជីថល។ល។

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ប្រគល់ជូនគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីមួយរបស់ប្រធានរដ្ឋជូនដល់សាកលវិទ្យល័យសេដ្ឋកិច្ចជាតិ។ (រូបថត៖ VNA)

“យើងមានបំណងនិងជំនឿជាក់ថា ជាមួយនឹងប្រពៃណីនិងតម្លៃស្នូលរបស់ខ្លួន ជាមួយនឹងគ្រឹះដ៏រឹងមាំដែលបានកសាងឡើងតាមដំណាក់កាលប្រវត្តិសាស្ត្រជាច្រើន ជាមួយនឹងបញ្ញា ការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្រជាច្រើនជំនាន់ រួមជាមួយនឹងជំនឿ និងសេចក្តីប្រាថ្នារបស់និស្សិត និងសិក្ខាកាម សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិនឹងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៅក្នុងរយៈពេលខាងមុខ ដោយសម្រេចបាននូវចក្ខុវិស័យក្លាយជាសាកលវិទ្យាល័យស្រាវជ្រាវពហុជំនាញ ពហុវិស័យ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ៥ នៅប្រទេសវៀតណាម និងស្ថិតក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង ១០០ នៅអាស៊ី ក្នុងវិស័យសេដ្ឋកិច្ច ការគ្រប់គ្រង និងអភិបាលកិច្ចអាជីវកម្ម ស្របតាមស្តង់ដារចំណាត់ថ្នាក់អន្តរជាតិ ព្រមទាំងរួមចំណែកយ៉ាងជាក់ស្តែងចំពោះបុព្វហេតុកសាង ការពារមាតុភូមិ និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងយុគសម័យថ្មី”។

អស់រយៈពេលជាង ​៧០ ឆ្នាំរួមដំណើរជាមួយប្រទេសជាតិ សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិមានកម្មវិធីជាប់ស្ដង់ដារអន្តរជាតិចំនួន ៨៨ ដោយជាប់ចំណាត់ថ្នាក់លេខ ៨៥ នៅលើពិភពលោកទាក់ទងនឹងលក្ខណវិនិច្ឆ័យកំណើនសេដ្ឋកិច្ច និងការងារប្រកបដោយចីរភាព៕


top