ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ផ្លាស់ប្ដូរថ្មីការត្រិះរិះក្នុងការតាក់តែងច្បាប់ រំដោះធនធានសម្រាប់ការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីព្រាងច្បាប់ទាំងបួននេះ ប៉ះពាល់ដោយផ្ទាល់ទៅលើសកម្មភាពរបស់ប្រជាជន អាជីវកម្ម សេដ្ឋកិច្ច និងការកៀរគរ និងការបែងចែកធនធាន។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ដឹកនាំជំនួបធ្វើការជាមួយក្រសួងយុត្តិធម៌។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី១០ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (ទីក្រុងហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំធ្វើការជាមួយក្រសួងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់មតិលើទិសដៅសំខាន់ៗ ដើម្បីបង្ហើយសេចក្តីព្រាងច្បាប់នានា រួមមាន៖ ច្បាប់ស្តីពីថវិការដ្ឋ (រួមបញ្ចូល) ច្បាប់ស្តីពីការដេញថ្លៃ (ធ្វើវិសោធនកម្ម) ច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការវិនិយោគ ច្បាប់ស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលគ្រោងនឹងដាក់ជូនរដ្ឋសភាដើម្បីពិចារណានៅក្នុងសម័យប្រជុំលើកទី២ ខាងមុខនេះ។

ថ្លែងនៅក្នុងជំនួបធ្វើការ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានបញ្ជាក់យ៉ាងច្បាស់ថា សេចក្តីព្រាងច្បាប់ទាំងបួននេះ ប៉ះពាល់ដោយផ្ទាល់ទៅលើសកម្មភាពរបស់ប្រជាជន អាជីវកម្ម សេដ្ឋកិច្ច និងការកៀរគរ និងការបែងចែកធនធាន។ ដូច្នេះ ដំណើរការរៀបចំសេចក្តីព្រាងត្រូវគោរពតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង៖

«ក្រៅពីការលុបបំបាត់ចំណុចកកស្ទះ ប្រការដ៏សែនសំខាន់មួយគឺការបង្ហាញពីការត្រិះរិះថ្មី ពោលគឺការស្ថាបនា អភិវឌ្ឍ និងកំណត់បទប្បញ្ញត្តិថ្មីៗ បង្កើតលក្ខខណ្ឌ និងរំដោះធនធានដើម្បីកៀរគរធនធានសម្រាប់បម្រើគោលដៅអភិវឌ្ឍន៍។ ដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវឧបសគ្គក្នុងការអនុវត្តជាក់ស្តែង ហើយកែទម្រង់ សម្រួលនីតិវិធីរដ្ឋបាលឲ្យកាន់តែសាមញ្ញ គ្រប់គ្រងយ៉ាងតឹងរ៉ឹង និងទប់ស្កាត់ការកើតមាននីតិវិធីថ្មី។»

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យមានការវាយតម្លៃផលប៉ះពាល់ពេញលេញ និងផ្ទៀងស្តាប់មតិយោបល់យ៉ាងហ្មត់ចត់ពីអ្នកជំនាញ អ្នកវិទ្យាសាស្ត្រ ក្រសួង វិស័យ និងមូលដ្ឋាននានា។ ការលំបាកក្នុងការអនុវត្តជាក់ស្ដែងដែលឆ្លុះបញ្ចាំងដោយមូលដ្ឋាន និងអាជីវកម្មត្រូវតែស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីយកមកបង្ហាញនៅក្នុងច្បាប់៕


top