ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង៖ ប្រែក្លាយប្រៀបខ្លាំងរបស់ប្រទេសនីមួយៗទៅជាកម្លាំងរួមនៃតំបន់ CLMV

ដោយមានប្រធានបទ “តភ្ជាប់កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម៖ ពង្រីកសក្តានុពល ស្ថាបនាអនាគតប្រកបដោយវិបុលភាព” កិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី១២ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - វៀតណាម (CLMV) លើកទី១២។ (រូបថត៖ VNA)

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួនបានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ ជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងអះអាងបន្តិចម្តងៗនូវតួនាទី ជាប៉ូលកំណើនដ៏ស្វាហាប់មួយ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យពង្រីកប្រៀបខ្លាំងខាងភូមិសាស្ត្រសេដ្ឋកិច្ចរបស់ប្រទេសទាំងបួន ដើម្បីតភ្ជាប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយដៃគូនៅអាស៊ីឦសាន និងអាស៊ីខាងត្បូង ក៏ដូចជារវាងមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌាផងដែរ។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើថា៖

«ពង្រីកប្រៀបខ្លាំងគ្រប់ជ្រុងជ្រោយរបស់ប្រទេសនីមួយៗទៅជាកម្លាំងរួម ធានាបាននូវផលប្រយោជន៍សុខដុមរមនារបស់ប្រទេសជាសមាជិកទាំងអស់ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជន និងសហគ្រាសពីតំបន់ទីក្រុង ជនបទ រហូតដល់តំបន់ឆ្ងាយដាច់ស្រយាល ដើម្បីចូលរួមចំណែក និងទទួលបានអត្ថប្រយោជន៍ពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរួម។ យកការតភ្ជាប់ធ្វើជាចំណុចស្នូលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបួន ចាប់ពីការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ភស្តុភារកម្ម និងបច្ចេកវិទ្យា រហូតដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទន់ និងយន្តការប្រតិបត្តិការរលូន; ចាប់ពីការតភ្ជាប់ទីផ្សារ និងអាជីវកម្ម រហូតដល់ការតភ្ជាប់ប្រជាជន វប្បធម៌ និងទេសចរណ៍។ ការតភ្ជាប់ជាយុទ្ធសាស្ត្រជាមួយនឹងចក្ខុវិស័យរយៈពេលវែង ធានាការអភិវឌ្ឍប្រកបដោយចីរភាពគ្រប់ទិដ្ឋភាព និងធ្វើការរួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍនៃប្រទេសនីមួយៗ និងដំណើរការនៃការកសាងសហគមន៍អាស៊ាន”។

បញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំបានអនុម័តលើសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាមលើកទី១២ រួមជាមួយនឹងឧបសម្ព័ន្ធសំខាន់ៗចំនួនពីរ៖ គំនិតផ្តួចផ្តើមច្រករបៀងកំពង់ផែស្ងួតឆ្លាតវៃ ៤ ប្រទេស និងគំនិតផ្តួចផ្តើមដំណើរបេតិកភណ្ឌវប្បធម៌ ៤​​ ប្រទេស។

នៅក្នុងសុន្ទរកថាបិទកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើអាទិភាពសំខាន់ៗចំនួនបីសម្រាប់ការអនុវត្តលទ្ធផលដែលសម្រេចបានប្រកបដោយប្រសិទ្ធភាព៖ ការផ្លាស់ប្ដូរថ្មីផ្នត់គំនិតសហប្រតិបត្តិការដែលភ្ជាប់ទៅនឹងការបង្កើតខ្សែសង្វាក់ផលិតកម្មរួម; ផ្តោតលើការតភ្ជាប់គ្រប់ជ្រុងជ្រោយទាំងហេដ្ឋារចនាសម្ព័ន្ធរឹង ទន់ និងមនុស្ស; ផ្លាស់ប្ដូរថ្មីរបៀបកៀរគរធនធាន ដោយយកលទ្ធផលសហប្រតិបត្តិការជាក់ស្ដែងធ្វើជារង្វាស់ ព្រមទាំងប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ឱ្យបំប្លែងអាទិភាពទៅជាកម្មវិធី និងគម្រោងសម្រាប់ដំណាក់កាល ២០២៧-២០២៨ ដើម្បីជីវភាពរស់នៅដ៏ល្អប្រសើរ សុភមង្គលរបស់ប្រជាជននៃប្រទេសទាំងបួន និងវិបុលភាពរួមនៃតំបន់ផងដែរ៕


top