ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង អញ្ជើញដឹកនាំកិច្ចប្រជុំឯកទេសអំពីកិច្ចការច្បាប់

នាព្រឹកថ្ងៃទី ២៧ មិថុនា នៅទីស្នាក់ការរដ្ឋាភិបាល (រដ្ឋធានីហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំឯកទេសអំពីកិច្ចការច្បាប់។
នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង បានអញ្ជើញដឹកនាំកិច្ចប្រជុំឯកទេសអំពីកិច្ចការច្បាប់។ រូបថត៖ VOV

កិច្ចប្រជុំរបស់រដ្ឋាភិបាលបានផ្តល់យោបល់លើគម្រោងច្បាប់ជាច្រើនរួមមាន៖ ច្បាប់គយ ច្បាប់វិនិយោគ (ធ្វើវិសោធនកម្ម) ច្បាប់វិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ធនាគាររដ្ឋ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការលាងលុយកខ្វក់និងច្បាប់ស្តីពីអង្គការឥណទាន; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ១០ ទាក់ទងនឹងនីតិវិធីរដ្ឋបាល លក្ខខណ្ឌនៃការវិនិយោគ ធ្វើអាជីវកម្មក្នុងវិស័យកសិកម្ម និងបរិស្ថាន ជាដើម។ សម្រាប់គម្រោងច្បាប់ទាំងនេះ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់ក្នុងការកែលម្អស្ថាប័ន ដាច់ខាតមិនអនុញ្ញាតឱ្យកើតមាននីតិវិធីរដ្ឋបាលថ្មីចំពោះស្តង់ដារ និងបទប្បញ្ញត្តិបច្ចេកទេសនានា ព្រមទាំងលុបបំបាត់ចំណុចកកស្ទះដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើថា៖

«កំណត់ការកសាង ការកែលម្អប្រព័ន្ធច្បាប់ និងការត្រួតពិនិត្យ ការឃ្លាំមើលការអនុវត្តច្បាប់ជាភារកិច្ចស្នូល ជាបន្តបន្ទាប់និងជាប្រចាំ របស់ក្រសួង និងស្ថាប័នមជ្ឈិម។ ផ្តោតយ៉ាងខ្លាំងទៅលើការពិនិត្យឡើងវិញនូវប្រព័ន្ធច្បាប់ ជាពិសេសលើបញ្ហាបន្ទាន់ដូចជាច្បាប់ដីធ្លី ដោយកំណត់ថា តើមានបទប្បញ្ញត្តិណាខ្លះដែលនៅតែត្រូវស្រាវជ្រាវបន្ថែម ដើម្បីស្នើឲ្យទាន់ពេលវេលា»។

លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានស្នើឱ្យក្រសួង និងស្ថាប័ននានាប្រមូលផ្តុំធនធាន កសាងនិងបង្ហើយឲ្យបានឆាប់នូវសំណុំឯកសារសម្រាប់សេចក្តីព្រាងច្បាប់ ដើម្បីដាក់ជូនសម័យប្រជុំឯកទេសអំពីការងារតាក់តែងច្បាប់ និងសម័យប្រជុំលើកទីពីរនៃរដ្ឋសភានីតិកាលទី១៦ នាពេលខាងមុខ ដោយធានាបាននូវគុណភាពនិងវឌ្ឍនភាព៕


top