លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។
ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំវៀតណាម លោក Adam Mulawarman Tugio កាលពីរសៀលថ្ងៃទី២០ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ បង្កើនសាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងការសន្ទនារវាងប្រទេសទាំងពីរ ក៏ដូចជារួមចំណែកក្នុងការលើកកម្ពស់សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); ជំរុញខ្លាំងការអនុវត្តកិច្ចព្រមព្រៀង និងយន្តការសហប្រតិបត្តិការដែលមានស្រាប់ប្រកបដោយប្រសិទ្ធភាព។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំវៀតណាម លោក Adam Mulawarman Tugio។ (រូបថត៖ VOV)
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យឥណ្ឌូនេស៊ី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារឥណ្ឌូនេស៊ី លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មហាឡាល់ អនុវត្តន៍កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងវិស័យនេសាទ សម្របសម្រួល និងគាំទ្រវៀតណាមក្នុងការទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ជំរុញកិច្ចសហប្រតិបត្តិការនៅថ្នាក់មូលដ្ឋាន កិច្ចសហប្រតិបត្តិការអប់រំ បណ្តុះបណ្តាល ទេសចរណ៍ ការជួបប្រាស្រ័យវប្បធម៌ និងការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។
ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យប្រទេសទាំងពីរ រួមជាមួយប្រទេសដទៃទៀត អនុវត្តន៍ឱ្យបានពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយជំរុញការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ឲ្យកាន់តែជាក់ស្ដែង មានសុពលភាពនិងស្របតាមច្បាប់អន្តរចាតិ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរបង្កើនការតភ្ជាប់មនុស្ស និងសេដ្ឋកិច្ច ដោយផ្តោតលើការតភ្ជាប់បៃតង ឌីជីថល និងកសាងមូលដ្ឋានទិន្នន័យប្រើប្រាស់រួម; ជាពិសេសគាំទ្រគ្នាទៅវិញទៅមកដើម្បីធានាសន្តិសុខថាមពល រួមទាំងបណ្តាញអគ្គិសនីអាស៊ាន ជៀសវាងការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល។
លោក Adam Mulawarman Tugio ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម បានសម្តែងគោលបំណងថា ភាគីទាំងពីរនឹងជំរុញការដោះដូរពាណិជ្ជកម្មដើម្បីសម្រេចបានទំហំ ១៨ ពាន់លានដុល្លារអាមេរិកក្នុងពេលឆាប់ៗនេះ; បង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្តូរថាមពលបៃតង និងលើកទឹកចិត្តសហគ្រាសវៀតណាមឱ្យវិនិយោគលើឧស្សាហកម្មរ៉ែនៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕