ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ បន្តលើកកម្ពស់សក្ដានុពលនិងគំនិតច្នៃប្រឌិតរបស់ស្ត្រីវៀតណាម

នាព្រឹកថ្ងៃទី១០ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតជាតិនៃរដ្ឋធានីហាណូយ មហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៣ អាណត្តិ ២០២២ - ២០២៧ បានបើកជាផ្លូវការ ដោយមានការចូលរួមរបស់សមាជិការ ចំនួន ៩៥៩ នាក់ ដែលតំណាងឲ្យនារីគ្រប់ស្រទាប់វណ្ណៈនៅទូទាំងប្រទេស។
  ថ្នាក់ដឹកនាំបក្ស រដ្ឋ និងគណៈប្រតិភូបានចូលរួមពិធីបើកមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី១៣ (រូបថត៖ VOV)  
  លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងមហាសន្និបាតតំណាងនារីទូទាំងប្រទេសលើកទី ១៣ (រូបថត៖ VOV)  
  ប្រតិភូចំនួន ៩៥៩ នាក់បានចូលរួមជាផ្លូវការមហាសន្និបាតតំណាងស្ត្រីជាតិលើកទី ១៣ អាណត្តិ ២០២២ - ២០២៧។ រូបថត៖ VOV  

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានសម្ព័ន្ធសមាគមនារីវៀតណាម នីតិកាលទី ១២ លោកស្រី Ha Thi Nga បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ជាពិធីបុណ្យដ៏អស្ចារ្យរបស់នារីគ្រប់ស្រទាប់វណ្ណៈ ក្នុងទូទាំងប្រទេស ដោយកត់សម្គាល់ការអភិវឌ្ឍរបស់ចលនានារីនិងអង្គការសមាគមនារីវៀតណាម។ មហាសន្និបាតបានដាក់ចេញទិសដៅនិងភារកិច្ចសម្រាប់អាណត្តិខាងមុខ។ ក្នុងនោះ បន្តច្បាមយ៉ាងដិតដល់និងអនុវត្តន៍ជាក់ស្តែងនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងការពារមាតុភូមិ; លើកតម្កើងនិងទទួលមរតកប្រពៃណីដ៏ល្អប្រសើររបស់នារីវៀតណាម ហើយទន្ទឹមនឹងនោះត្រូវថែរក្សានិងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់ ព្រមទាំងរួមដំណើរជាមួយស្ត្រីក្នុងការដោះស្រាយបញ្ហាចាំបាច់។

អញ្ជើញថ្លែងមតិក្នុងអង្គសន្និបាត នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា ក្នុងប្រវត្តិសាស្ត្រ និងគ្រប់ដំណាក់កាលនៃការកសាងនិងការពារជាតិ នារីវៀតណាមបានជំនះរាល់ការលំបាក ឧបសគ្គ ដើម្បីរួមវិភាគទានក្នុងការកសាងនិងការពារទឹកដីប្រទេសជាតិ។ ជាពិសេសក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ក្នុងបរិបទដែលប្រទេសជួបការលំបាកជាច្រើន ដោយសារជំងឺរាតត្បាតកូវីដ-១៩ សមាគមគ្រប់លំដាប់ថ្នាក់ កម្មាភិបាលជាស្ត្រី កម្មការិនី និងស្ត្រីទូទាំងប្រទេសបានស្រុះចិត្តគំនិត រួមកម្លាំងកាយចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតជាមួយនឹងវិធីសាស្ត្រល្អៗ ប្រកបដោយភាពច្នៃប្រឌិត និងមានប្រសិទ្ធភាព។

ដើម្បីឲ្យសមាគមបន្តការអះអាងនិងលើកកម្ពស់តួនាទីសំខាន់ក្នុងការងាររបស់ស្ត្រី ក្លាយជាអង្គការប្រតិ បត្តិប្រកបដោយវិជ្ជាជីវៈនិងមានប្រសិទ្ធភាព ចូលរួមយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាស្ត្រី ចលនាសង្គមអនុវត្តន៍គោលដៅសមភាពយេនឌ័រក្នុងតំបន់និងអន្តរជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើរថា៖  “ត្រូវលើកកម្ពស់តួនាទី សក្ដានុពលនិងប្រៀបខ្លាំងរបស់ស្ត្រីលើគ្រប់វិស័យនិងគ្រប់តំបន់។ ទន្ទឹមនឹងនោះ ត្រូវបំពេញឲ្យបានល្អថែមទៀតការងារថែរក្សានិងការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់ស្ត្រី។ ជាងនេះទៅទៀត ផ្តោតលើការអនុវត្តដំណោះស្រាយប្រកបដោយសមកាលកម្ម ដើម្បីកសាងជួរនារីវៀតណាមឱ្យអភិវឌ្ឍន៍ទៅមុខ និងរួមបញ្ចូលជាមួយតម្លៃសហសម័យ ផ្សាភ្ជាប់នឹងការអភិរក្ស និងលើកកម្ពស់តម្លៃប្រពៃណីរបស់ប្រជាជាតិវៀតណាម៖ ស្នេហាជាតិ សាមគ្គីភាព ភក្តីភាព ភាពជឿជាក់លើខ្លួនឯង ភាពស្មោះត្រង់ ទំនួលខុសត្រូ  ភាពច្នៃប្រឌិត និងការអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជឿជាក់ថា បន្ទាប់ពីមហាសន្និបាតនេះ សកម្មភាពរបស់សម្ព័ន្ធសមាគមនារីវៀតណាមនឹងមានការច្នៃប្រឌិត លើកកំពស់ និងបង្កើតការលោតផ្លោះ ដើម្បីប្រទេសវៀតណាមមួយប្រជាជនអ្នកមាន ប្រទេសរឹងមាំ ប្រជាធិបតេយ្យ យុត្តិធម៌ និងអរិយធម៌ដើម្បីការអភិវឌ្ឍដ៏ខ្លាំងក្លានិងវិបុលភាព៕


top