ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh៖ ក្នុងឆ្នាំ២០២៣ ត្រូវតែកសាងមជ្ឈមណ្ឌលទិន្នន័យជាតិដើម្បីបម្រើប្រជាជននិងសហគ្រាសឲ្យកាន់តែប្រសើរឡើង

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច និងជាតម្រូវការចាប់បង្ខំ ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងទូលំទូលាយ; ត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយចាត់ទុកនេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង។
នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញថ្លែងនៅសន្និសីទ។ (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៥ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថលបានអញ្ជើញជាអធិបតីសន្និសីទបូកសរុបរយៈពេល ១ ឆ្នាំដាក់ឲ្យដំណើរការគម្រោងអភិវឌ្ឍន៍ការអនុវត្តទិន្នន័យអំពីប្រជាជន ការកំណត់អត្តសញ្ញាណ និងការផ្ទៀងផ្ទាត់អេឡិចត្រូនិកសម្រាប់បម្រើការផ្លាស់ប្តូរឌីជីថលជាតិដំណាក់កាលឆ្នាំ ២០២២ - ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០ (គម្រោងទី ៦) និងបូកសរុបសកម្មភាពឆ្នាំ ២០២២ ដាក់ពង្រាយភារកិច្ចក្នុងឆ្នាំ ២០២៣ និងរយៈពេលខាងមុខរបស់គណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្ដូរឌីជីថល។ សន្និសីទនេះធ្វើឡើងដោយផ្ទាល់ផងនិងតាមប្រព័ន្ធអ៊ីនធឺណែតផង នៅទីស្នាក់ការរដ្ឋាភិបាល និងទីស្នាក់ការគណៈកម្មាធិការប្រជាជននៃខេត្តក្រុងនានា។

ថ្លែងមតិនៅសន្និសីទ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច និងជាតម្រូវការចាប់បង្ខំ ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា និងទូលំទូលាយ; ត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយចាត់ទុកនេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា រួមជាមួយនឹងការតភ្ជាប់ ការធ្វើអាជីវកម្មនិងទិន្នន័យគឺជាកត្តាសំខាន់ក្នុងការផ្លាស់ប្តូរឌីជីថល។

លោកនាយករដ្ឋមន្រ្តីបានលើកច្បាស់ថា ក្នុងឆ្នាំ២០២៣ ស្ថានភាពត្រូវបានព្យាករណ៍ថា ការលំបាកនិងបញ្ហាប្រឈមនឹងមានច្រើនជាងឱកាសនិងភាពងាយស្រួល ហើយសង្កត់ធ្ងន់ថា ត្រូវតែកំណត់ការផ្លាស់ប្ដូរឌីជីថលជាដំណើរការផ្លាស់ប្តូរទាំងផ្នត់គំនិត ការយល់ដឹង និងសកម្មភាព។ ការផ្លាស់ប្តូរឌីជីថលត្រូវតែយកប្រជាជន និងសហគ្រាសជាមជ្ឈភាព កម្មវត្ថុ គោលដៅនិងកម្លាំងចលករដើម្បីផ្គត់ផ្គង់សេវាកម្មដែលមានគុណភាពខ្ពស់ជាង បម្រើប្រជាជន និងសហគ្រាសឲ្យបានល្អជាង ឆ្ពោះទៅរកការបង្កើតប្រជាពលរដ្ឋឌីជីថលនិងសង្គមឌីជីថល។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រដ្ឋាភិបាលឌីជីថលជាកម្លាំងចលករដ៏សំខាន់ ដែលដឹកនាំការកសាងសេដ្ឋកិច្ចឌីជីថល ពលរដ្ឋ ឌីជីថល និងសង្គមឌីជីថល ដូច្នេះហើយ បណ្ដាក្រសួង ស្ថាប័ន មូលដ្ឋានត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធ ផ្ដោតសំខាន់លើភារកិច្ចរួមបញ្ចូល ចែករំលែក និងតភ្ជាប់ទិន្នន័យ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ក្នុងឆ្នាំ២០២៣ ត្រូវតែកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ ដើម្បីបម្រើប្រជាពលរដ្ឋ និងសហគ្រាសឱ្យកាន់តែប្រសើរឡើង ដោយចាត់ទុកនេះជាទ្រព្យសម្បត្តិរបស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យអនុវត្តការគ្របដណ្តប់រលកទូរគមនាគមន៍យ៉ាងទូលំទូលាយ ទៅកាន់គ្រប់តំបន់នៃប្រទេសជាតិ ជាពិសេសតំបន់ឆ្ងាយដាច់ស្រយាល តំបន់ព្រំដែន កោះសមុទ្រ តំបន់ជនជាតិភាគតិច ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ទទួលបានសេវាទូរគមនាគមន៍ ដោយមិនទុកឲ្យនរណាម្នាក់នៅពីក្រោយឡើយ៕


top