ព័ត៌មាន

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីឆែក Petr Fiala

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala មកកាន់អាស៊ី ចាប់តាំងពីពេលលោកចូលកាន់តំណែងនៅចុងឆ្នាំ ២០២១ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែកមកកាន់វៀតណាមក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅផងដែរ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីឆែក Petr Fiala

នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកនាយករដ្ឋមន្ត្រីឆែក Petr Fiala ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមេសា។ ពិធីទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅយ៉ាងអធឹកអធម ស្របតាមពិធីការសម្រាប់ប្រមុខរដ្ឋាភិបាលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala មកកាន់អាស៊ី ចាប់តាំងពីពេលលោកចូលកាន់តំណែងនៅចុងឆ្នាំ ២០២១ ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលឆែកមកកាន់វៀតណាមក្នុងរយៈពេល ១៥ ឆ្នាំកន្លងទៅផងដែរ។ វៀតណាមនិងសាធារណរដ្ឋឆែកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៥០។ ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរហូតមកដល់បច្ចុប្បន្ន សាធារណរដ្ឋឆែកតែងតែអនុវត្តន៍គោលនយោបាយអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមលើគ្រប់វិស័យ។ ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការចំនួន ១៤ លើគ្រប់វិស័យ។ ទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំមុនសម្រេចបាន ៨៤៨ លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងឆ្នាំ ២០២១; សាធារណរដ្ឋឆែក មានគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៤១ នៅវៀតណាម ដែលមានទុនសរុប ៩២ លានដុល្លារអាមេរិក។ សាធារណរដ្ឋឆែក គឺជាប្រទេសអឺរ៉ុបខាងកើតដើមដំបូងគេ ដែលផ្តល់ជំនួយឥតសំណងក្រៅផ្លូវការ (ODA) ដល់វៀតណាម សរុបប្រមាណ ២០ លានដុល្លារអាមេរិក។

ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ  ក្រោយពីជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកនាយករដ្ឋមន្ត្រីឆែក Petr Fiala បានជួបជាមួយលោកប្រធានរដ្ឋ Vo Van Thuong និងអញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - ឆែក និងសកម្មភាពសំខាន់ៗមួយចំនួនទៀតផងដែរ៕


top