នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ច ពិភពលោក (WEF) Davos ២០២៥ (ស្វីស) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសម័យពិភាក្សាក្រោម ប្រធានបទ “សមាគមអាស៊ីអាគ្នេយ៍ (អាស៊ាន)៖ តភ្ជាប់ដើម្បីបោះជំហានទៅឆ្ងាយ” ដឹកនាំ ដោយប្រធាន WEF លោក Borge Brende។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh (ឆ្វេង) ថ្លែងនៅសម័យពិភាក្សា។ (រូបថត៖ VOV)
ចូលរួមជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ក្នុងកិច្ចពិភាក្សានេះ មាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ឧត្តមប្រឹក្សាបង់ក្លាដែស (នាយករដ្ឋមន្ត្រីបណ្តោះអាសន្ន) លោក Muhammad Yunus បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកមីយ៉ាន់ម៉ា លោកស្រី Julie Bishop និងប្រធានសម្ព័ន្ធក្រុមហ៊ុន Mastercard លោក Merit Janow។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវ ឈានចូលយុគសម័យដ៏ឆ្លាតវៃប្រកបដោយមហិច្ឆិតា ដោយយកវិទ្យាសាស្ត្រ បច្ចេក វិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាកម្លាំងចលករថ្មីដើម្បីបង្កើតរបកគំហើញ សម្រាប់កំណើនក្នុងតំបន់។ ចែករំលែកចក្ខុវិស័យអំពីអាស៊ាននាពេលអនាគត លោក នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងយុគសម័យដ៏ឆ្លាតវៃ អាស៊ានដ៏ជោគជ័យមួយ ត្រូវ ធានាយ៉ាងរឹងមាំនូវកត្តា៦យ៉ាង៖ ទាក់ទងនឹងសន្តិសុខនយោបាយត្រូវមានសន្តិភាព ស្ថិរភាព គ្មានសង្គ្រាម; ទាក់ទងនឹងសេដ្ឋកិច្ចត្រូវតែអភិវឌ្ឍន៍យ៉ាងលឿន និងប្រកប ដោយនិរន្តរភាព; ទាក់ទងនឹងវប្បធម៌ ចាំបាច់ត្រូវជំរុញឯកភាពក្នុងភាពចម្រុះ អភិវឌ្ឍន៍ អត្តសញ្ញាណអាស៊ានផង និងរក្សាអត្តសញ្ញាណរបស់សមាជិកនីមួយៗផង; ទាក់ទង នឹងបរិស្ថានត្រូវតែធានានូវការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ; ទាក់ទងនឹងសង្គមត្រូវការធានានូវវឌ្ឍន ភាពនិងសមធម៌សង្គម ការអភិវឌ្ឍដោយបរិយាប័ន្ន និងគ្មាននរណាម្នាក់ត្រូវទុកចោល នៅពីក្រោយឡើយ។
ទាក់ទិននឹងបញ្ហាមីយ៉ាន់ម៉ា លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បាន សម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា ជាមួយនឹងសាមគ្គីភាព និងឯកភាពដើម្បីគោលដៅ រួម អាស៊ាននឹងរួមចំណែកជួយឲ្យមានសន្តិភាព ស្ថិរភាព និងសុភមង្គល វិលត្រឡប់មករក ប្រជាជនមីយ៉ាន់ម៉ាវិញក្នុងពេលឆាប់ៗនេះ។ នេះជាសកម្មភាពចុងក្រោយរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និង គណៈប្រតិភូរដ្ឋាភិបាលនៅទីក្រុង Davos ប្រទេសស្វីស។
បន្ទាប់ពីព្រឹត្តិការណ៍នេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកជំទាវ រួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានចាកចេញពីប្រទេសស្វីស វិលត្រឡប់មកមាតុប្រទេស វិញ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរបំពេញទស្សនកិច្ចការងារនៅប្រទេស ប៉ូឡូញ សាធារណរដ្ឋឆែក ចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក និងជួបធ្វើការងារ ទ្វេភាគីនៅប្រទេសស្វីស៕