កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានទទួលជួបឯកអគ្គរដ្ឋទូតអាល្លឺម៉ង់លោកស្រី Helga Margarete ក្នុងឱកាសដែលលោកស្រីឯកអគ្គរដ្ឋទូតចាប់ផ្តើមអាណត្តិការងារនៅវៀតណាម។
ក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh
Chinh បានសម្ដែងសេចក្តីសោមនស្សរីករាយដោយឃើញថាក្រោយរយៈពេលជិត ៥
ទស្សវត្សរ៍មក ទំនាក់ទំនងវៀតណាម - អាល្លឺម៉ង់បន្តអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។
អាល្លឺម៉ង់គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅសហភាពអឺរ៉ុប (EU) ជាមួយនឹងទំហំពាណិជ្ជកម្មក្នុងឆ្នាំ ២០២៣ សម្រេចបានជាង ១១
ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី
Pham
Minh Chinh បានវាយតំលៃខ្ពស់ចំពោះការដែលរដ្ឋាភិបាលអាល្លឺម៉ង់បង្កើតលក្ខខណ្ឌសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ
និងធ្វើការប្រកបដោយស្ថិរភាពនៅប្រទេសអាល្លឺម៉ង់។
លោកនាយករដ្ឋមន្ត្រីមានបំណងចង់ឱ្យភាគីទាំងពីរទាញយកផលប្រយោជន៍ពីកាលានុវត្តភាពនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប
(EVFTA); ស្នើឱ្យរដ្ឋសភាអាល្លឺម៉ង់អនុម័តក្នុងពេលឆាប់ៗលើកិច្ចព្រមព្រៀងការពារការវិនិយោគ
(EVIPA) ជំរុញឱ្យគណៈកម្មការអឺរ៉ុបឆាប់ដកកាតលឿង IUU សម្រាប់ជលផលវៀតណាម ហើយបង្កើនកិច្ចសហប្រតិបត្តិការ
និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងតំបន់ផងដែរ។
រីឯខ្លួនវិញ
លោកស្រីឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Helga Margarete បានអះអាងថា
វៀតណាមជាដៃគូសំខាន់របស់អាល្លឺម៉ង់ក្នុងតំបន់
ហើយសន្យានឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។
លោកស្រីឯកអគ្គរដ្ឋទូតបានចែករំលែកចំពោះការបាត់បង់អាយុជីវិត
និងទ្រព្យសម្បត្តិរបស់ប្រជាជនវៀតណាមបន្ទាប់ពីព្យុះទីហ្វុង Yagi ហើយបាននិយាយថា អាល្លឺម៉ង់នឹងបន្តជួយគាំទ្រវៀតណាមតាមរយៈយន្តការពហុភាគី។
ទាក់ទងនឹងបញ្ហាអន្តរជាតិ
និងតំបន់ រួមទាំងបញ្ហាសមុទ្រខាងកើត
ភាគីទាំងពីរបានរំលេចនូវគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ
ហើយបានឯកភាពដោះស្រាយវិវាទដោយសន្តិវិធី ធានាសន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍
និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ
រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២៕