ព័ត៌មាន

លោក Vo Van Thuong លេខាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

នៅថ្ងៃទី ១៩ ខែតុលា លោក Vo Van Thuong សមាជិកការិយាល័យនយោបាយ លេខាប្រចាំការគណៈលេខាមជ្ឈិមបក្ស បានជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។

លោក Vo Van Thuong បានអបអរសាទរកម្ពុជាចំពោះសមិទ្ធិផលរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជឿជាក់ថា កម្ពុជានឹងបន្តសម្រេចបានសមិទ្ធិផលថ្មីៗ និងអស្ចារ្យជាច្រើនទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេស​ជាតិ។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតំលៃខ្ពស់ចំពោះសារៈសំខាន់ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក Vo Van Thuong ដែលរួមចំណែកធ្វើឱ្យទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែស៊ីជម្រៅថែមទៀត ហើយសង្កត់ធ្ងន់ថា បក្ស រដ្ឋ កងទ័ព និងប្រជាជននៃប្រទេសទាំងពីរជានិច្ចកាលប្រកៀកស្មាគ្នា ពុះពារជំនះរាល់ការលំបាក ដណ្តើមយកឈ្នះក្នុងបុព្វហេតុតស៊ូរំដោះជាតិ ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ក៏ដូចជាការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន។

  លោក Vo Van Thuong លេខាប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត (រូបថត៖ vnanet.vn)  

លោក Vo Van Thuong និងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍ​ដ៏ល្អប្រសើរនៃទំនាក់ទំនងវៀតណាម-កម្ពុជាលើវិស័យផ្សេងៗ ហើយបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ នាពេលខាងមុខ ជាពិសេសលើវិស័យការពារជាតិ និងសន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជន និងយុវជននៃប្រទេសទាំងពីរ។

នាថ្ងៃដដែល លោក Vo Van Thuong បានជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត ស្ថាប័នតំណាងវៀតណាម តំណាងអង្គភាពអាជីវកម្ម និងសហគមន៍ វៀតណាមប្រចាំកម្ពុជា។


top