លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង (រូប​ថត៖ vnanet.vn)  

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានសំដែងនូវអំណរគុណចំពោះមនោសញ្ចេតនាដ៏ល្អដែលថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជូនចំពោះកម្ពុជា និងការជួយគាំទ្រ និងជំនួយដ៏មានតម្លៃជូនប្រជាជនកម្ពុជាក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍កាលពីមុន ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន ហើយនិងអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលសំខាន់ៗលើគ្រប់វិស័យដែលវៀតណាមសម្រេចបាននាពេលកន្លងមក និងក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ការស្តារសេដ្ឋកិច្ចសង្គមឡើងវិញ។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអះអាងថា ថ្នាក់ដឹកនាំ និងប្រជាជនវៀតណាមតែងតែដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃដែលព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ និងថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាជាច្រើនជំនាន់បានជូនចំពោះវៀតណាមក្នុងបុព្វហេតុរំដោះជាតិកាលពីមុន និងក៏ដូចជាការកសាង និងអភិវឌ្ឍប្រទេសជាតិ នាពេលបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នឹងបន្តគាំទ្រ និងពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយទន្ទឹមនឹងនោះបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមនៅកម្ពុជាឲ្យមានការរស់នៅ និងធ្វើអាជីវកម្មប្រកបដោយស្ថិរភាពនៅកម្ពុជា និងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ក៏ដូចជាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

នៅព្រះបរមរាជវាំងនេះដែរ លោក Pham Minh Chinh នាយករដ្ឋមន្រ្តី ក៏បានចូលក្រាបថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ លោក Pham Minh Chinh បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ លោក Nguyen Phu Trong អគ្គលេខាបក្ស លោក Nguyen Xuan Phuc ប្រធានរដ្ឋ និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ជូនចំពោះសម្តេចព្រះមហាក្សត្រី ក្នុងឱកាសគម្រប់ខួប ១០០ ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្ដម សីហនុ៕

កាសែត​កងទ័ព​ប្រជាជន​វៀតណាម