ព័ត៌មាន

លើឆាកអន្តរជាតិ វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯង

នេះជាការអះអាងរបស់សាស្ត្រាចារ្យ Carl Thayer អ្នកជំនាញស្រាវជ្រាវអំពីវៀតណាម នៅបណ្ឌិត្យសភាការពារជាតិអូស្ត្រាលី សាកលវិទ្យាល័យ New South Wales ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ ងារសារព័ត៌មានវៀតណាមប្រចាំប្រទេសអូស្ត្រាលី ក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃទិវាបុណ្យជាតិវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥)។

យោងតាមលោកសាស្ត្រាចារ្យ Carl Thayer ក្នុងដំណើរការ ៨០ ឆ្នាំកន្លងមកនេះ វៀតណាមកាន់តែមានទំនុកចិត្តលើខ្លួនឯងក្នុងការជំរុញពហុភាគីនិយម បង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងឥឡូវនេះ ថែមទាំងមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លើសពីនេះ វៀតណាមក៏បានចូលរួមជាបណ្តើរៗ និងបានរួមចំណែកយ៉ាងសំខាន់ចំពោះស្ថាប័នអន្តរជាតិ ក្នុងនោះ មានការកាន់ដំណែងពីរលើក ជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

វៀតណាមក៏តែងតែខិតខំរក្សាឯកភាព ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្លាយជាសំឡេងតំណាងនៃអឌ្ឍគោលខាងត្បូង។ ទន្ទឹមជាមួយគ្នានោះ ក្នុងប៉ុន្មានឆ្នាំមកនេះ ចាប់តាំងពីការចេញផ្សាយសៀវភៅសការពារជាតិលើកដំបូងក្នុងឆ្នាំ ១៩៩៨ វៀតណាមបានកំណត់យ៉ាងច្បាស់នូវគោលនយោបាយរបស់ខ្លួន មិនចូលរួមក្នុងសម្ព័ន្ធភាពយោធា មិនចងសម្ព័ន្ធជាមួយប្រទេសមួយដើម្បីប្រឆាំងជាមួយប្រទេសម្ខាងទៀត មិនអនុញ្ញាតឱ្យបរទេសដាក់មូលដ្ឋានយោធា ឬប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងនឹងប្រទេសម្ខាងទៀតនិងមិនប្រើកម្លាំង ឬគម្រាមប្រើប្រាស់កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ។

លោកសាស្ត្រាចារ្យបានរំលឹកថា លោកប្រធានហូជីមិញ ពីមុនបានដាក់ចេញនូវត្រីវិស័យ សម្រាប់វៀតណាម មានភាពខ្លួនទីពឹងខ្លួននិងធ្វើជាមិត្តជាមួយប្រទេសទាំងអស់។ ក្នុងរយៈពេល ៨០ ឆ្នាំកន្លងមកនេះ វៀតណាមតែងតែប្រកាន់ខ្ជាប់នូវចំណុចនោះ ហើយសម្រេចបានជោគជ័យជាច្រើន ក្លាយជាដៃគូដែលអាចទុកចិត្តបាន និងមានលក្ខណៈស្ថាបនាលើឆាកអន្តរជាតិ៕


top