តំបន់សេដ្ឋកិច្ចពិសេស លីសឺន (Ly Son) - កោះមួយដែលមានទីតាំងភូមិសាស្ត្រដ៏សំខាន់ នៃខេត្តក្វាងង៉ាយ (Quang Ngai)។
ពីស្រុកកោះមួយទៅជាតំបន់សេដ្ឋកិច្ចពិសេសសមុទ្រដ៏ឈានមុខគេ
ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៥ ដោយផ្អែកលើការរួមបញ្ចូលគ្នានៃស្រុក លីសឺន ចាស់ ស្របតាមសេចក្តីសម្រេចលេខ 202/2025/QH15 របស់រដ្ឋសភា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសលីសឺន (Ly Son) មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះ ឬរចនាសម្ព័ន្ធរដ្ឋបាលនោះទេ ប៉ុន្តែជាកម្លាំងចលករជាយុទ្ធសាស្ត្រ ដើម្បីតំបន់នេះបញ្ចេញ
សក្តានុពលផ្ទៃក្នុងទាំងអស់របស់ខ្លួន។ ក្បាលម៉ាស៊ីនរដ្ឋបាល បានបង្រួម តាមគំរូអាជ្ញាធរពីរថ្នាក់ ដោយធ្វើឲ្យដំណើរការសេវាសាធារណៈកាន់តែប្រសើរឡើង កាត់បន្ថយបែបបទ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ខណៈពេលដែលពង្រឹងការការពារជាតិ និងសន្តិសុខ ដើម្បីការពារអធិបតេយ្យភាព
សមុទ្រ និងកោះនានា។
Nghi lễ thả thuyền câu trong Lễ Khao lề thế lính Hoàng Sa ở đảo Lý Sơn. Ảnh: Thông Thiệnt/ Báo ảnh Việt Nam
កោះ លីសឺន ដែលមានទីតាំងយុទ្ធសាស្ត្រចម្ងាយ ១៥ ម៉ាយសមុទ្រ ពីដីគោក មានផ្ទៃដី ១០ គីឡូម៉ែត្រការ៉េ រួមទាំងកោះធំ និងកោះតូច មានប្រជាជនជាង ២៥០០០ នាក់។ កោះនេះទទួលមរតកតម្លៃពិសេសៗយ៉ាងពេញលេញ៖ ប្រព័ន្ធភ្នំភ្លើងធម្មជាតិបុរាណ ដែលទស្សនាវដ្តីForbe (សហរដ្ឋអាមេរិក) ជ្រើសរើស និងជាប់ចំណាត់ថ្នាក់ក្នុង Top 10 ឆ្នេរស្អាតបំផុត ក្នុងប្រទេសវៀតណាម (នាឆ្នាំ ១០ ២០១៩) កេរដំណែលវប្បធម៌ ស្វាហ្វ៊ីញ (Sa Huynh) មានអាយុរាប់ពាន់ឆ្នាំ; និងវប្បធម៌សមុទ្រដ៏ជ្រាលជ្រៅជាមួយនឹងពិធីបួងសួង និងរំលឹកវិញ្ញាណក្ខន្ធទាហាន ហ្វ័ងសារ (Hoang Sa) - បេតិកភណ្ឌវប្បធម៌អរូបីជាតិ; ការដាំខ្ទឹមសនៅកណ្តាលសមុទ្រ; និងប្រពៃណីរបស់កងទ័ព ហ្វ័ងសា (Hoang Sa) ដែលជាប់ទាក់ទងនឹងការការពារអធិបតេយ្យភាពជាតិ។
សេចក្តីសម្រេចលេខ 20-NQ/TW កំណត់គោលដៅថា រហូតដល់ឆ្នាំ ២០៣០ ផលិតផលសរុបក្នុងតំបន់ (GRDP) របស់បណ្តាខេត្តជាប់ឆ្នេរសមុទ្រនឹងរួមចំណែកជាង ៧០% នៃផលិតផលក្នុងស្រុកសរុប ជាមួយនឹងអត្រាកំណើនជាមធ្យមប្រចាំឆ្នាំ ១៤% នៃប្រាក់ចំណូលសរុបពីទេសចរណ៍សមុទ្រ និងកោះ។ ទន្ទឹមនឹងនេះ វាក៏តម្រូវឱ្យកសាងសហគមន៍ឆ្នេរសមុទ្រ និងកោះដ៏រុងរឿង និងរឹងមាំ វប្បធម៌សមុទ្រដ៏សម្បូរបែប និងប្លែក ការការពារជាតិ និងសន្តិសុខ នៅក្នុងកោះសមុទ្រ - ទិសដៅសំខាន់ៗ ទាំងនេះ បានក្លាយជាគោលការណ៍ណែនាំ សម្រាប់សកម្មភាពទាំងអស់នៃតំបន់សេដ្ឋកិច្ចពិសេស លីសឺន។
ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រដ៏ចម្រុះ និងប្រកបដោយចីរភាព
មិនដូចគំរូទាញយកធនធានពីមុន លីសឺន កំពុងផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន ឆ្ពោះទៅរកទំនើបកម្ម ដែលតភ្ជាប់នឹងការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយនឹងការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ វិស័យជលផលបន្តត្រូវបានធ្វើឱ្យប្រសើរឡើង ជាមួយនឹងការគាំទ្រដល់អ្នកនេសាទ ក្នុងការផលិតនាវាថ្មី ដែលមានសមត្ថភាពធំ ដើម្បីធ្វើដំណើរទៅកាន់លំហសមុទ្រ ទាំងការការពារអធិបតេយ្យភាព និងការអភិវឌ្ឍសេដ្ឋកិច្ច។ នាឆ្នាំ ២០២៥ កោះទាំងមូល មាននាវានេសាទទាំងធំទាំងតូចចំនួន ៥៤២ គ្រឿង បរិមាណជលផលក្នុងដំណាក់កាល ២០២០ - ២០២៥ សម្រេចបានជិត ២៩.០០០ តោន ដែលកើនឡើង ៣,៩៧% ជារៀងរាល់ឆ្នាំ។ ជាមួយគ្នានេះ គំរូចិញ្ចឹមគ្រឿងសមុទ្រ ប្រកបដោយចីរភាព និងមិនប៉ះពាល់ដល់បរិស្ថាន កំពុងត្រូវបានអនុវត្តយ៉ាងទូលំទូលាយ ដែលធានាបាននូវការអភិវឌ្ឍ ក្នុងដែនកំណត់អេកូឡូស៊ីនៃតំបន់សមុទ្រ។ ជាមួយនឹងសក្តានុពលទេសចរណ៍ដ៏ពិសេសរបស់តំបន់
កោះលីសឺនបានកំណត់ទេសចរណ៍ជាអ័ក្សកំណើនសំខាន់ ដើម្បីសម្រេចគោលដៅនៃសេចក្តីសម្រេចលេខ 20-NQ/TW។ ផែនការអភិវឌ្ឍកោះ លីសឺនក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍សមុទ្រ
និងកោះ ក្នុងឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានដាក់ចេញគោលដៅនៃវិស័យទេសចរណ៍
និងសេវាកម្ម ដែលរួមចំណែក ៧០% នៃ GRDP នាឆ្នាំ ២០៤៥
ដោយស្វាគមន៍ភ្ញៀវទេសចរចំនួន ២,៥ លាននាក់ជារៀងរាល់ឆ្នាំ
និងបង្កើតការងារសម្រាប់ប្រជាជនក្នុងស្រុកចំនួន ២៣.០០០ នាក់។
ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ ២០២៦ កោះលីសឺន បានស្វាគមន៍ភ្ញៀវទេសចរចំនួន ១២០.០០០ នាក់។ ក្នុងអំឡុងពេល ចាប់ពីខែមេសាដល់ខែកក្កដា កោះបានស្វាគមន៍ភ្ញៀវទេសចរជាមធ្យមពី ១៥០០ ទៅ ២០០០ នាក់ ជារៀងរាល់ថ្ងៃ ដែលហួសអត្រាកំណើនជាមធ្យម ក្នុងដំណាក់កាលមុន។ បច្ចុប្បន្ននេះ តំបន់នេះមានសណ្ឋាគារ និងផ្ទះសំណាក់ជាង ១៣០ ដែលមានបន្ទប់ចម្រុះចំនួន ១២០០ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន អគ្គិសនី និងទឹក ដែលបានធ្វើឱ្យប្រសើរឡើងយ៉ាងគ្រប់ជ្រុងជ្រោយ ដើម្បីធានាថា នឹងឆ្លើយតបនឹងតម្រូវការអភិវឌ្ឍទេសចរណ៍ ក្នុងរយៈពេលវែង។ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងរយៈពេលវែង ខេត្តក្វាងង៉ាយ (Quang Ngai) កំពុងអនុវត្តផែនការសាងសង់អាកាសយានដ្ឋាន លីសឺន (Ly Son) កំពង់ផែដឹកអ្នកដំណើរអន្តរជាតិ ប្រព័ន្ធរថភ្លើងក្នុងកោះ កន្រត្តខ្សែកាបដែលតភ្ជាប់រវាងកោះធំនិងកោះតូច ជាមួយរមណីយដ្ឋានលំដាប់ខ្ពស់ ដោយប្រែក្លាយកោះលីសឺនទៅជាគោលដៅអន្តរជាតិនៅលើផែនទីទេសចរណ៍សមុទ្រ។
ការអភិរក្សវប្បធម៌សមុទ្រ និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
សេចក្តីសម្រេចលេខ 20-NQ/TW សង្កត់ធ្ងន់លើសារៈសំខាន់នៃការលើកកម្ពស់វប្បធម៌សមុទ្រជាអំណាចទន់ជាតិ ហើយ លីសឺន កំពុងអនុវត្តប្រការនេះយ៉ាងស៊ីជម្រៅ។ តំបន់នេះកំពុងវិនិយោគលើការអភិរក្សកេរដំណែលជាតិ និងបេតិកភណ្ឌវប្បធម៌អរូបី ខណៈពេលដែលផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងភ្ញៀវទេសចរអំពី ប្រពៃណីស្នេហាជាតិ និងឆន្ទៈទៅកាន់លំហសមុទ្ររបស់ដូនតារបស់ពួកគេ។ ទន្ទឹមនឹងនេះ ជីវិភាពរស់នៅរបស់ប្រជាជន កំពុងត្រូវបានលើកកម្ពស់យ៉ាងគ្រប់វិស័យ៖ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ ឈានដល់ ៥០,៨ លានដុង/ ក្នុងឆ្នាំ ២០២៥ អត្រាគ្រួសារក្រីក្រនឹងថយចុះ ៤,៤% ហើយ ១០០% នៃប្រជាជនបានប្រើប្រាស់ទឹកស្អាត និងទទួលការថែទាំសុខភាព និងការអប់រំទំនើប។
ខេត្ត ក្វាងង៉ាយ (Quang Ngai) កំពុងបញ្ចប់គោលនយោបាយជាក់លាក់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កោះ លីសឺន រួមមាន៖ ការអនុគ្រោះពន្ធ ការបែងចែកដីធ្លី ការគាំទ្រប្រភពធនធានវិនិយោគសាធារណៈ និងការទាក់ទាញវិនិយោគិនយុទ្ធសាស្ត្រ ឱ្យចូលមកវិនិយោគលើគម្រោងទេសចរណ៍កម្រិតខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធទំនើប និង logistics សមុទ្រ។ គោលដៅដែលបានដាក់ចេញ គឺប្រែក្លាយកោះលីសើន ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូមួយ ដែលមានការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងគ្នា រវាងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ប្រកបដោយចីរភាព ទេសចរណ៍មានគុណភាពខ្ពស់ និងការពង្រឹងការការពារជាតិ-សន្តិសុខ សមស្របជាមជ្ឈមណ្ឌលសេដ្ឋកិច្ច-ទេសចរណ៍សមុទ្រកោះនៃភាគកណ្តាល និងប្រទេសទាំងមូល។
ក្នុងស្មារតីនៃ "សាមគ្គី - នវានុវត្តន៍ - ការផ្តាច់ប្តូរ - ប្រសិទ្ធភាព" តំបន់សេដ្ឋកិច្ចពិសេស លីសឺន កំពុងសម្រេចបានសេចក្តីប្រាថ្នាជាបណ្តើរៗ ដែលបានលើកឡើង ក្នុងសេចក្តីសម្រេចលេខ 20-NQ/TW ដោយផ្លាស់ប្តូរកោះដ៏សំខាន់ជាយុទ្ធសាស្ត្រនេះ ទៅជាប៉ូលកំណើនសមុទ្រ និងកោះទំនើប និងរីកចម្រើន ដែលរួមចំណែកដល់ការកសាងប្រទេសវៀតណាមឱ្យក្លាយជាប្រទេសសមុទ្រដ៏រឹងមាំ នាឆ្នាំ២០៤៥៕
ខ្លឹមសារ៖ ថុងហៃ/VNP
រូបថត៖ កុងដាត, ថុងធៀន/ VNP ង្វៀនដាំងឡឹម