ព័ត៌មាន

រុស្ស៊ីអំពាវនាវឲ្យប្រទេសជិតខាង មិនបង្កើនភាពតានតឹង

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី៤ ខែមីនា បានអំពាវនាវឲ្យប្រទេសជិតខាង មិនបង្កើនភាពតានតឹងក្នុងតំបន់។
  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AFP/TTXVN)  

នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោកប្រធានាធិបតី Putin បានលើកច្បាស់ថា ទីក្រុងម៉ូស្គូមិនមាន "ចេតនាអាក្រក់ចំពោះប្រទេសជិតខាងណាមួយឡើយ" ហើយបានផ្តល់អនុសាសន៍ជូនប្រទេសទាំងនេះ "កុំធ្វើឱ្យស្ថានការណ៍ឡើងជណ្តើរ និងកុំដាក់គំនៀបរឹតបន្តឹងណាមួយ"។ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រការដែលនឹងកើតឡើងជាបន្ទាប់នៅក្នុងដំណើរការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែន នឹងអាស្រ័យលើការឆ្លើយតបរបស់ទីក្រុងគៀវ អំពីកិច្ចចរចាទ្វេភាគីដែលបានប្រព្រឹត្តិទៅកាលពីសប្តាហ៍មុន។

នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀតនៅថ្ងៃទី ៤ ខែមីនា អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(ណាតូ) លោក Jens Stoltenberg បានបញ្ជាក់ជាថ្មីថា សម្ព័ន្ធភាពយោធានេះមិនមែនជាភាគីមួយនៃជម្លោះបច្ចុប្បន្ននៅប្រទេសអ៊ុយក្រែននោះទេ។ ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានមួយនៅមុនកិច្ចប្រជុំវិសាមញ្ញរបស់រដ្ឋមន្ត្រីការបរទេស ណាតូ លោក Stoltenberg បានលើកច្បាស់ថា សម្ព័ន្ធមិត្តណាតូបានអនុវត្តវិធានការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានតាំងពីមុនមក យើងគាំទ្រអ៊ុយក្រែន ប៉ុន្តែណាតូមិនមែនជាផ្នែកមួយនៃជម្លោះទេ។ ណាតូគឺជាសម្ព័ន្ធភាពការពារតែប៉ុណ្ណោះ ហើយយើងមិនស្វែងរកសង្រ្គាម ឬជម្លោះជាមួយរុស្ស៊ី នោះទេ

នាថ្ងៃដដែលនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់មួយ បន្ទាប់ពីរោងចក្រ Zaporizhzhia ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបនៅអ៊ុយក្រែន បានរងគ្រាប់កាំភ្លើង ហើយមានអគ្គីភ័យបានឆាបឆេះ ប៉ុន្តែសំណាងល្អអាចពន្លត់បាន។ លោកស្រី Rosemary DiCarlo អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរគឺ "ផ្ទុយនឹងច្បាប់មនុស្សធម៌អន្តរជាតិ" ហើយសកម្មភាពយោធានៅក្នុងតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគឺ "មិនអាចទទួលយកបានឡើយ" ។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក Vassily Nebenzi ប្រធានស្ថានបេសកកម្មរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិបានបដិសេធការចោទប្រកាន់ ដែលថា រុស្ស៊ីបានវាយប្រហាររោងចក្រថាមពលនៅអ៊ុយក្រែន ដោយចាត់ទុកថា នេះជាព័ត៌មានមិនពិតសំដៅប្រឆាំងនឹងរុស្ស៊ី។ លោកឯកអគ្គរដ្ឋទូត Nebenzi បានចាត់ទុកថា កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនមានការប្រយុទ្ធគ្នានៅក្នុងតំបន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizzhhia ប៉ុន្តែរុស្ស៊ីមិនបានបាញ់ប្រហារទៅលើរោងចក្រនេះទេ៕


top