ព័ត៌មាន

រុស្ស៊ីអំពាវនាវឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

កាលពីថ្ងៃទី ២៩ ខែមេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា ក្នុងនាមជាភាគីទទួលខុសត្រូវនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) រុស្ស៊ីតែងតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវបទប្បញ្ញត្តិ និងស្មារតីនៃសន្ធិសញ្ញានេះ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបថត៖ Sputnik/Ramil Sitdikov/Kremlin via REUTERS

នៅក្នុងសារទៅកាន់សន្និសីទត្រួត​ពិនិត្យសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី ១១ លោក​ប្រធានាធិបតី ពូទីន បានថ្លែងថា៖ «យើងជឿជាក់ថា នៅក្នុងបរិបទនៃស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនា​បច្ចុប្បន្ន ត្រូវការ​កិច្ចខិតខំប្រឹងប្រែងពហុភាគីបន្ថែមទៀត ដើម្បីជួយ​សម្រួលដល់វឌ្ឍនភាព​លើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកមួយដោយគ្មានអាវុធនុយក្លេអ៊ែរ ​ខណៈពេលដែលប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់​ភាគីណាមួយឡើយ»។

លើសពីនេះ មេដឹកនាំរុស្ស៊ីបានអះអាងថា ប្រទេសដែលបំពេញកាតព្វកិច្ចយ៉ាងម៉ឺងម៉ាត់ក្រោមសន្ធិសញ្ញានេះ មានសិទ្ធិទទួលបានថាមពលនុយក្លេអ៊ែរដើម្បី​គោល​ដៅ​សន្តិភាព ដោយគ្មានកា​រ​រឹតត្បិតហួសហេតុ។ ក្នុងនាមជាប្រទេស​ឈាន​មុខ​គេ​ផ្នែក​ថាមពលនុយក្លេអ៊ែរ រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ជាមួយភាគីចូលរួម NPT ដែលមានការ​យក​ចិត្ត​ទូក​ដាក់។

សន្និសីទត្រួតពិនិត្យ​សន្ធិសញ្ញា NPT លើកទី ១១ បាន​ប្រព្រឹត្តទៅក្នុង​រយៈពេលបួនសប្តាហ៍ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់ថ្ងៃទី ២២ ខែឧសភា មានការចូលរួមពីប្រតិភូចំនួន ១៩១ តំណាងបណ្តា​​ប្រទេសជាសមាជិក NPT អង្គការអន្តរជាតិ និងតំបន់ អង្គការនិងចលនាមិនមែនរដ្ឋាភិបាលទូទាំងពិភពលោកស្តីពីការប្រយុទ្ធប្រឆាំងនឹងអាវុធនុយក្លេអ៊ែរ៕​


top