ព័ត៌មាន

រុស្ស៊ីនិងណាតូ អាចជួបពិភាក្សាគ្នាដើម្បីដោះស្រាយភាពតានតឹង

អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg បានសម្រេចស្នើកាលបរិច្ឆេទបើកកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។

អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg  (ប្រភព៖ Countercurrents.org)

ហើយណាតូកំពុងចរចាជាមួយ រុស្ស៊ីដើម្បីធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ។ លោក Jens Stoltenberg បានសង្កត់ធ្ងន់ថា NATO ត្រៀមខ្លួនរួចជាស្រេចក្នុងការចរចា ប៉ុន្តែនឹងមិនចុះសម្រុងគ្នាលើបញ្ហាសិទ្ធិរបស់អ៊ុយក្រែនក្នុងការជ្រើសរើសផ្លូវក៏ដូចជាចូលរួមជាមួយ NATO និងសិទ្ធិរបស់ប្រទេសសមាជិកណាតូក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួនឡើយ។

ចំណែករុស្ស៊ីវិញ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានបញ្ជាក់ថា រុស្ស៊ីបានទទួលសំណើរៀបចំកិច្ចប្រជុំក្រុមប្រឹក្សារុស្ស៊ី-ណាតូ របស់អង្គការណាតូ។ លោកស្រី Maria Zakharova បានរំលឹកឡើងវិញថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាដោយផ្ទាល់លើសំណើសន្តិសុខ ដើម្បីរារាំងណាតូពីការពង្រីកប្រតិបត្តិការរបស់ខ្លួនទៅភាគខាងកើតនិងដាក់ពង្រាយអាវុធនៅជិតព្រំដែនជាមួយរុស្ស៊ី។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ទាំងនេះនឹងក្លាយជាបញ្ហាសំខាន់សម្រាប់រុស្ស៊ី ក្នុងបណ្តាចរចានាពេលខាងមុខ ជាមួយណាតូ។

សូមគូសបញ្ជាក់ថា ក្រុមប្រឹក្សារុស្ស៊ី-ណាតូ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ជាយន្តការសម្រាប់ការពិគ្រោះយោបល់ កិច្ចសហប្រតិបត្តិការ និងរួមគ្នាដាក់ចេញសេចក្តីសម្រេចនិងសកម្មភាព លើបញ្ហាដែលភាគីទាំងពីរយកចិត្តទុកដាក់ទៅវិញទៅមក ហើយកិច្ចប្រជុំថ្មីបំផុតរបស់ក្រុមប្រឹក្សារុស្ស៊ី-ណាតូ ក្នុងខែកក្កដា ឆ្នាំ ២០១៩៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 


top