នៅថ្ងៃទី ២០ ខែឧសភា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិនដោយជោគជ័យ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ឆ្វេង) និងប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ចាប់ដៃគ្នាក្នុងពិធីចុះហត្ថលេខានៅមហាសាលប្រជាជន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦។ (រូបថត៖ Maxim Shemetov/AP)
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោក ពូទីន (ថ្ងៃទី ១៩-២០
ខែឧសភា)
មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នាពន្យាពេលសន្ធិសញ្ញាអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការស្និទ្ធស្នាលរវាងចិននិងរុស្ស៊ី។
ភាគីទាំងពីរក៏បានឯកភាពគ្នាពង្រឹងបន្ថែមទៀតនូវការសម្របសម្រួលយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងទ្វេភាគីផងដែរ។
ថ្លែងទៅកាន់សារព័ត៌មាន ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានអះអាងថា
ទំនាក់ទំនងចិន-រុស្ស៊ី កំពុងស្ថិតនៅ «កម្រិតខ្ពស់ក្នុងប្រវត្តិសាស្ត្រ»
ហើយបានក្លាយជាគំរូថ្មីរវាងមហាអំណាចនៅក្នុងបរិបទពិភពលោកដែលមិនអាចទាយទុកជាមុនបាន។
មេដឹកនាំចិនបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរបន្តរក្សាគោលការណ៍មិនចូលបក្សសម្ព័ន្ធ
មិនប្រឈមមុខដាក់គ្នា និងមិនតម្រង់គោលដៅលើភាគីទីបី
ហើយបានសន្យាពង្រឹងការសម្របសម្រួលយុទ្ធសាស្ត្រលើបញ្ហាអន្តរជាតិនានា។
ចំណែកលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានសង្កត់ធ្ងន់ថា
ទំនាក់ទំនងរុស្ស៊ី-ចិន ឥឡូវនេះបានឈានដល់ «កម្រិតមិនធ្លាប់មានពីមុនមក»
ដែលមានលក្ខណៈស្វ័យភាព និងមិនផ្អែកលើការប្រែប្រួលអន្តរជាតិ។
ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារអន្តររដ្ឋាភិបាល អន្តរក្រសួងនិងសហគ្រាសប្រមាណ ៤០
ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាខ្ពស់។
នៅឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ២៤០ ពាន់លានដុល្លារអាមេរិក
ក្នុងនោះប្រតិបត្តិការភាគច្រើនត្រូវបានអនុវត្តន៍ជាប្រាក់រូប្លិ៍និងប្រាក់យ័ន។
នាពេលខាងមុខ រុស្ស៊ីនឹងធ្វើទំនើបកម្មផ្លូវដែកឆ្លងស៊ីបេរី ផ្លូវដែក Baikal-Amur
(BAM) និងច្រករបៀងដឹកជញ្ជូនអាកទិក
ដើម្បីបង្កើនការតភ្ជាប់ភស្តុភារកម្មជាមួយប្រទេសចិន៕