) មានដើមកំណើតជាពាណិជ្ជករ គ្មានពាក់ព័ន្ធអ្វីដល់មុខរបរធ្វើកុលាលភាជន៍ដែលប្រឡាក់ប្រឡូសនេះទេ។
លោក ឌាំងអ្វៀន (Dang Uyen) ជាអ្នកមានគុណបំណាចអភិរក្ស អភិវឌ្ឍមុខរបរធ្វើក្បឿងរាជវាំងក្រុងហ្វេ។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
លោក ឌាំងអ្វៀន (Dang Uyen) នៅសង្កាត់ធ្វឹនហ្វ័រ (Thuan Hoa) ក្រុងហ្វេ (ខេត្តធឿថៀនហ្វេ- Thua Thien Hue) មានដើមកំណើតជាពាណិជ្ជករ គ្មានពាក់ព័ន្ធអ្វីដល់មុខរបរធ្វើកុលាលភាជន៍ដែលប្រឡាក់ប្រឡូសនេះទេ។ ដោយមានមនោសញ្ជេតនា និងមាននិស្ស័យ បាននាំលោកចូលប្រឡូកជាមួយរបរស្រាវជ្រាវ ផលិតប្រភេទឥដ្ឋ ក្បឿងកុលាលភាជន៍កាចា តាមបច្ចេកទេសរាជវាំង នាសម័យរាជការង្វៀន ចូលរួមចំណែកសកម្មដល់ការផ្គត់ផ្គង់វត្ថុធាតុដើមសំខាន់ ក្នុងការជួសជុល កេរដំណែល ចំណុះប្រជុំកេរដំណែលក្រុងបុរាណហ្វេ - បេតិកភណ្ឌវប្បធម៌ពិភពលោក។
ប្រជុំកេរដំណែលក្រុងបុរាណហ្វេ មានប្រមាណ ១.០០០ សំណង់ស្ថាបត្យកម្មវិសេស នាសម័យរាជការង្វៀន ក្នុងនោះមានសំណង់ជាច្រើនត្រូវទ្រុឌទ្រោម ត្រូវការជួសជុល ដើម្បីអភិរក្ស។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
នរណាដែលបានធ្វើដំណើរមកដល់ក្រុងហ្វេ សុទ្ធតែមានចំណាប់អារម្មណ៍ចំពោះសម្រស់បុរាណដ៏ឆើតឆាយ និងទ្រង់ទ្រាយនៃសំណង់ស្ថាបត្យកម្មរាជវាំង ស្តូប ប្រាង្គតម្កល់សពសេ្តចនៃរាជការង្វៀនក្រុងហ្វេ។ ជាពិសេស ពណ៌មាស និងពណ៌ខៀវ នៃស្រទាប់ក្បឿងភ្លឺផ្លេក នៅតាមសំណង់ស្ថាបត្យកម្មបុរាណនោះ មិនត្រឹមតែបង្កើតបានសម្រស់ខ្ពង់ខ្ពស់ ឧត្ដុងឧត្តមនៃអគារ នៅទាំងជានិមិត្តរូបអត្ថន័យវប្បធម៌ ទ្រឹស្តី និងវិចិត្រប្រណីត បង្ហាញពីអំណាចផ្តាច់ការរបស់ព្រះរាជា។
តាមអ្នកស្រាវជ្រាវ គជ់ Lapis Lazuli ជាឈ្មោះត្បូងគជ់កម្រមួយប្រភេទ ដូច្នេះរាជការង្វៀនបានប្រើឈ្មោះនោះ ដាក់ឈ្មោះឱ្យក្បឿងពីរប្រភេទ សម្រាប់ប្រក់រាជវាំង គឺជាក្បឿងហ្វាងលូលី (ក្បឿងកាចាពណ៌មាស) និង ថាញលូលី (ក្បឿងកាចាពណ៌ខៀវ)។ ក្បឿងលូលីក៏មានរបៀបប្រក់ដូចជា ក្បឿងញីឈ្មោលប្រពៃណី ពោលគឺស្រទាប់ផ្កាប់ និងស្រទាប់ភ្ញា បង្ហាញពីទំនាក់ទំនងញីឈ្មោល មេឃដី តាមទស្សនាទានវប្បធម៌របស់ប្រជាជនវៀតណាម។ ទន្ទឹមនោះ តាមរយៈប្រភេទក្បឿងដែលបានប្រក់ សឱ្យឃើញអំពីទីតាំង មុខងារ សារៈសំខាន់របស់សំណង់នីមួយៗ។ ជាក់ស្តែង គឺក្បឿងហ្វាងលូលីបានប្រក់នៅតាមសំណង់មេ ជារាជដំណាក់ដោយសារមានពណ៌មាស ជានិមិត្តរូបនៃបុត្រទេវរាជ និងរស្មី។ ផ្ទុយមកវិញ ក្បឿងថាញលូលីមានពណ៌ខៀវ បានប្រក់នៅតាមដំបូលរណប ឬនៅតាមសំណង់សម្រាប់មន្ត្រី និងញាតិវង្ស។
ដើម្បីបង្កើតបានក្បឿងដែលមានអត្ថន័យនិមិត្តរូបខ្ពស់ដូចនេះ ជាងនៅតាមឡកុលាលភាជន៍រាជវាំងអតីតកាល ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន ជាមួយនឹងរូបមន្តសម្ងាត់ដោយឡែកជាច្រើន តែភាគច្រើនមកដល់បច្ចុប្បន្នត្រូវបាត់បង់ទៅ នូវរបៀបលាយទឹកកាចាបង្កើតពណ៌ពិសេសនៃក្បឿងហ្វាងលូលី និង ថាញលូលី។
កម្មន្តសាលផលិតក្បឿងក្រុងបុរាណហ្វេ របស់លោក ឌាំងអ្វៀន (Dang Uyen) ចូលរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍរបរធ្វើក្បឿងរាជវាំងនាសម័យអតីតកាល។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
បច្ចុប្បន្ន មុខរបរធ្វើឥដ្ឋ ក្បឿងកុលាលភាជន៍កាចារាជវាំងក្រុងហ្វេ នៅមានមនុស្សយ៉ាងតិចប្រកបមុខរបរនេះ ដោយសារមួយចំណែកនៃបច្ចេកទេសពិបាក មួយចំណែកទៀតដោយសាតម្រូវការប្រើប្រាស់មិនច្រើន ចម្បងសម្រាប់បម្រើតែការងារជួសជុលកេរដំណែលប៉ុណ្ណោះ។ ក្នុងបរិបទនោះ លោក ឌាំងអ្វៀន (Dang Uyen) ជាមនុស្សម្នាក់ដែលមិនចេះអ្វីសោះ ជាពាណិជ្ជករ ប៉ុន្តែស្រឡាញ់មុខរបរកុលាលភាជន៍ និងកង្វល់ចង់ចូលរួមបុព្វហេតុជួសជុលអភិរក្សស្ថាបត្យកម្មរាជវាំងក្រុងហ្វេ គាត់បានរិះរកដោយខ្លួនឯង ស្រាវជ្រាវតាមក្បួនខ្នាត រៀនយកបទពិសោធន៍ពីសិប្បករវ័យចំណាស់ ព្រឹទ្ធាចារ្យ ដើម្បីស្រាវជ្រាវជោគជ័យរូបមន្តសម្ងាត់លាយកាចា និងបច្ចេកទេសដុត ដើម្បីផលិតបានជោគជ័យ នូវប្រភេទក្បឿងហ្វាងលូលី និងក្បឿងថាញលូលីទាំងពីរប្រភេទនេះ។ ក្រៅពីប្រភេទក្បឿងទាំងពីរនេះ គាត់នៅទាំងបានស្រាវជ្រាវផលិតបន្ថែម ប្រភេទឥដ្ឋកាចាតុបតែងចាំបាច់ សម្រាប់ការងារជួសជុល សំណង់ស្ថាបត្យកម្មនៃរាជការង្វៀន។
ចំណង់ចំណូលចិត្ត និងការប្តេជ្ញារបស់លោក ឌាំងអ្វៀន (Dang Uyen) និងសហការី បានជួយក្រុងហ្វេអភិរក្សមុខរបរអតីតកាល។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
ក្រុងហ្វេត្រូវបានប្រសិទ្ធិនាម ជារាជធានីបេតិកភណ្ឌ ទីនេះមានប្រជុំកេរដំណែលបុរាណក្រុងហ្វេ ដែលបានអង្គការ UNESCO ផ្តល់កិត្តិនាមទទួលស្គាល់ដាក់ក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ ក្រៅពីនោះ មូលដ្ឋានមានកេរដំណែលប្រវត្តិសាស្រ្ត វប្បធម៌ ជិត១.០០០កន្លែង ក្នុងនោះមានកេរដំណែលថ្នាក់ជាតិចំនួន៨៩កន្លែង។ ឆ្លងកាត់ពេលវេលា សំណង់ស្ថាបត្យកម្មពិសេសជាច្រើន ដែលមានអាយុកាលរាប់រយឆ្នាំ ទ្រុឌទ្រោមជាសន្សឹមទៅ ទាមទារត្រូវមានការជួសជុលទាន់ពេល។ ប៉ុន្មានឆ្នាំថ្មីៗនេះ សំណង់ស្ថាបត្យកម្មសំខាន់ ចំណុះប្រជុំកេរដំណែលក្រុងហ្វេ បានជួសជុល កែលម្អ រួមចំណែកពីមួយជំហានទៅមួយជំហាននាំមកសម្រស់ជូនអតីតរាជធានី។ ផលិតផលក្បឿងកាចាហ្វាងលូលី និងថាញលូលី នៅកម្មន្តសាលផលិតក្បឿងកុលាលភាជន៍បុរាណក្រុងហ្វេ របស់លោក ឌាំង អ្វៀន បានមជ្ឈមណ្ឌលអភិរក្សកេរដំណែលក្រុងបុរាណហ្វេ ជ្រើសយកជាអង្គភាពសម្រាប់ការជួសជុលខ្នាតធំ នៅតាមកេរដំណែលសំខាន់ៗជាច្រើនដូចជា៖ ខ្លោងទ្វារក្រុងហ្វេខាងត្បូង ប្រាង្គតម្កល់សពស្តេចយ៉ាឡុង (Gia Long) ប្រាង្គតម្កល់សពស្តេចទឺដឺក (Tu Duc) ប្រាង្គតម្កល់សពសេ្តចធេវទ្រី (Thieu Tri) ប្រាង្គតម្កល់សពសេ្តចយុកដឺក (Duc Duc) ត្រឿងឡាន (Truong Lan) ញឹកថាញលូវ (Nhat Thanh Lau) ស្ពានក្បឿងថាញត្វ័ន (Thanh Toan) ស្តូបអនុស្សាវរីយ៍ក្វឹកហុក (Quoc Hoc) ។ល។ បច្ចុប្បន្ន កម្មន្តសាលផលិតក្បឿងកុលាលភាជន៍ក្រុងបុរាណហ្វេ កំពុងផ្គត់ផ្គង់ក្បឿងដើម្បីជួសជុលកេរដំណែលដានណាមយ៉ាវ (Dan Nam Giao) និងខាងមុខគឺវិមានថៃហ្វ័រ (Thai Hoa) ជាសំណង់សំខាន់បំផុតនៅមណ្ឌលក្នុងរាជវាំង។
ដំណាក់កាលផលិតឥដ្ឋ ក្បឿងរាជវាំងមួយចំនួន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
អតីតកាល មជ្ឈមណ្ឌលអភិរក្សកេរដំណែលក្រុងបុរាណហ្វេ មានឡដុតក្បឿងកុលាលភាជន៍សិប្បកម្មមួយ ក៏ប៉ុន្តែដំណើរការសកម្មភាពធ្លាក់ចុះធ្ងន់ធ្ងរ រហូតដល់ត្រូវបិទទ្វារ។ សំណាងល្អៗ បច្ចុប្បន្ននៅទីក្រុងហ្វេ មានកម្មន្តសាលផលិតក្បឿងកុលាលភាជន៍ក្រុងបុរាណហ្វេ ជំនាញផ្គត់ផ្គង់ផលិតផលក្បឿងកុលាលភាជន៍កាចាគុណភាព សម្រាប់គម្រោងជួសជុលរបស់អង្គភាព។
ដំណាក់កាលផលិតបានដំណើរការដោយភាពហ្មត់ចត់ និងផ្ចិតផ្ចង់។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម
រៀងរាល់ឆ្នាំជាមធ្យម កម្មន្តសាលផលិតក្បឿងកុលាលភាជន៍ក្រុងបុរាណហ្វេ បាននាំចេញទៅទីផ្សារពី៥លាន ដល់៧លាន ដុំក្បឿងកាចាគ្រប់ប្រភេទ។ ក្រៅពីផ្គត់ផ្គង់វត្ថុធាតុដើមជួសជុសនៅតាមមូលដ្ឋាន ចំនួនដែលនៅសល់នឹងបានយកទៅប្រើប្រាស់ តាមខេត្ត ក្រុងនានាទូទាំងប្រទេស។ ពេលវេលាថ្មីៗនេះ គម្រោងការវិនិយោគកសាងមណ្ឌលសម្រាកលំហែលំដាប់ៗជាច្រើន ដែលមានលក្ខណៈរចនាបទស្ថាបត្យកម្មរាជវាំងក្រុងហ្វេនៅតំបន់មាត់សមុទ្រភូមិភាគកណ្តាល ក៏បានធ្វើដំណើរមករក និង កក់ទិញផលិតផលក្បឿងរាជវាំងរបស់កម្មន្តសាល។ នេះជាប្រសិទ្ធភាព និង កម្លាំងចលករ សម្រាប់លោក ឌាំងអ្វៀន (Dang Uyen) បន្តអភិរក្ស ពង្រីកប្រសិទ្ធភាពមុខរបរចាស់ ដើម្បីចូលរួមការអភិរក្សកេរដំណែល របស់ដូនតាដែលបន្សល់ទុកមកផង បង្កើតបានប្រភេទផលិតផលវត្ថុធាតុដើមសម្រាប់ការកសាងពិសេសផង អាចប្រើប្រាស់នៅតាមសំណង់ស្ថាបត្យកម្មទំនើបសព្វថ្ងៃផងដែរ៕
ការប្រើប្រាស់ក្បឿងហ្វាងលូលី និង ថាញលូលី ក្នុងការជួសជុលកែលម្អត្រូវតាមក្បួនខ្នាត គឺជាការសំណងសម្រស់ឆើតឆាយ ជូនសំណង់ស្ថាបត្យកម្ម នាសម័យរាជការង្វៀន។ រូបថត៖ ថាញហ្វ័រ/កាសែតរូបភាពវៀតណាម